40.3 C
Phnom Penh

ក្រុមអ្នកតស៊ូមតិថា ពលរដ្ឋខ្មែរចេះតែក្រទៅៗ ខណៈអ្នកដឹកនាំប្រទេស និងបក្ខពួកចេះតែមានទៅៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរនៅក្រៅស្រុក លើកឡើងថា ពលរដ្ឋខ្មែរមានជីវភាពក្បែរបន្ទាត់ក្រីក្រមានចំនួនរាប់លាននាក់ ខណៈក្រុមគ្រួសារអ្នកដឹកនាំប្រទេសកើនទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ការអះអាងនេះ ធ្វើឡើងស្របពេលដែលកម្ពុជាទទួលបានការវិនិយោគ ពីបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែរដ្ឋនៅតែខ្វះថវិកាក្នុងមួយឆ្នាំៗ ដោយត្រូវខ្ចីបុលប្រាក់ពីបរទេសដើម្បីបង្គ្រប់ការចំណាយរបស់រដ្ឋ។ ដោយឡែក  ពលរដ្ឋវិញនៅតែរស់នៅក្រោមបន្ទាត់ភាពក្រីក្ររាប់លាននាក់ ប៉ុន្តែទ្រព្យសម្បត្តិរបស់គ្រួសារត្រកូលហ៊ុន និងបក្ខពួកកាន់តែច្រើនឡើងយ៉ាងមហាសាល។

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះថា ក្នុងចំណោមប្រទេសដែលធ្វើការវិនិយោគ នៅកម្ពុជា រួមមាន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង  វៀតណាម  ជប៉ុន សឹង្ហបូរី និងប្រទេសចិន ជាដើម។

ជាងនេះទៀត ការនាំចេញផលិតផលពីកម្ពុជាទៅកាន់បរទេស ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសដៃគូរពាណិជ្ជកម្មផ្សេងទៀតដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះ ក៏មានការនាំចូលក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

ទោះជាបែបនេះក្តី លោក បញ្ជាក់ថា ពលរដ្ឋខ្មែររស់នៅក្រោមបន្ទាត់ ក្រីក្រ រាប់លាននាក់ រស់នៅគ្មានប្រាក់ឧបត្ថម្ភសង្គមកិច្ចគ្រប់គ្រាន់ពីរដ្ឋាភិបាលរបស់ខ្លួន និងនាំគ្នាធ្វើចំណាកស្រុករាប់លាននាក់ដើម្បីរកកម្រៃចញ្ចឹមជីវិតគ្រួសារ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមានទ្រព្យសម្បត្តិហូរហៀរចាយមិនអស់ ក្រុមគ្រួសារត្រកូល ហ៊ុន និងបក្ខពួកលោក ហ៊ុន សែន មានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ដែលគេមិនទាន់ដឹងឲ្យប្រាកដថាតើលុយទាំងនោះពួកគេបានពីប្រភពណាខ្លះនោះ។

កាលពីខែកក្កដា ឆ្នាំ២០១៦ អង្គការឃ្លាំមើលអន្តរជាតិ Global Witness បានលាតត្រដាងក្នុងរបាយការណ៍របស់ខ្លួនអំពីអាណាចក្រអាជីវកម្មត្រកូលហ៊ុន។ របាយការណ៍នោះបានបង្ហាញថា គ្រួសារនិងសាច់ញាតិបុរសខ្លាំងនៅកម្ពុជាបានក្តោបក្តាប់សេដ្ឋកិច្ចជាតិស្ទើរតែទាំងស្រុង ក្នុងទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារសហរដ្ឋអាមេរិក។  

២ថ្ងៃបន្ទាប់ពីអង្គការអន្តរជាតិនេះ បានចេញរបាយការណ៍បកអាក្រាតជំនួញអាជីវកម្មត្រកូលហ៊ុន ហើយត្រូវអត្ថាធិបាយលម្អិតអំពីរបាយការណ៍នេះបន្តដោយ លោកបណ្ឌិត កែម ឡី អ្នកវិភាគរូបនេះក៏ត្រូវបានឃាតករបាញ់សម្លាប់នៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦តែម្តង។

ក្រៅពីក្តោបក្តាប់ជំនួញនៅស្រុកខ្មែរស្ទើរទាំងអស់ សាច់ញាតិ និងមនុស្សស្និតនឹងគ្រួសារហ៊ុន បានវិនិយោគ និងមានទ្រព្យសម្បត្តិរក្សាទុកនៅក្រៅប្រទេសរាប់ស្ទើរមិនអស់ផ្សេងទៀត។ អ្នកខ្លះទៀតក៏បានប្រើលុយដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ទិញសញ្ជាតិនៅប្រទេសហ្សីបឬ Cyprus ដែលជាដែនកោះមួយក្នុងទឹកដីអឺរ៉ុប ក្នុងទម្រង់ជាការ វិនិយោគផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស