គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា កម្ពុជាពិតជាត្រូវការផែនការមេ ដែលផ្សារភ្ជាប់ជាមួយការអនុម័តកញ្ចប់ថវិកាជាតិច្បាស់លាស់ ដើម្បីទប់ទល់វិបត្តិអាសន្នរោគកូវីដ១៩ និងដើម្បីស្តារ សេដ្ឋកិច្ចជាតិឡើងវិញ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះថា ដើម្បីឆ្លើយតបនូវទុក្ខលំបាករបស់ពលរដ្ឋដែលរងការប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ រដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតគណៈកម្មាធិការជំនាញ ឬគណៈកម្មាធិការចំពោះកិច្ចជាបន្ទាន់។
គណបក្ស GDP អះអាងថា គណៈកម្មាធិការនេះ ត្រូវកំណត់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅព័ន្ធ ពលករដែលត្រឡប់មកពី្រក្រៅប្រទេស ជាដើម។ លើសពីនេះ ក្រុម ក្រ១ និង ក្រ២ ក៏ត្រូវទទួលការឧបត្ថម្ភបន្ត ព្រមទាំងត្រូវជួយដោះស្រាយជីវភាពប្រចាំថ្ងៃ និងជួយសម្រួលនូវការសងបំណុលធនាគារ និងការបង់រំលស់ផ្សេងៗថែមទៀត។
ប្រភពដដែល បញ្ជាក់ថា រដ្ឋាភិបាលត្រូវសិក្សាលើសហគ្រាស កសិករ ដែលមានសក្កានុពលដើម្បីឲ្យពួកគេ ពង្រីកការផលិត ជំនួសឲ្យការនាំចូលដើម្បីធានានូវនិរន្តតរភាពនៃវិស័យសេដ្ឋកិច្ចកម្ពុជា ដែលជាការជួយជុំរុញឲ្យមានការងារក្នុងស្រុកសម្រាប់និយោជិតកម្ពុជា ហើយក៏ជាកត្តាចម្បងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយបញ្ចប់វិបត្តិកូវីដ១៩។
គណបក្សក្រៅរដ្ឋាភិបាលមួយនេះ បញ្ជាក់ថា ដើម្បីអនុវត្តផែនការនេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត គឺត្រូវមានការចូលរួមពី វិស័យឯកជន នានា ដូចជា ធនាគារ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ។ លើលពីនេះ ក៏ត្រូវមានការជួយជំរុញពី ដៃគូរអភិវឌ្ឍន៍ គណបក្សនយោបាយក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ដើម្បីក្លាយជាកម្លាំងសាមគ្គីជាតិដោះស្រាយបញ្ហារួមរបស់ខ្មែរ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី ស្ថានភាពនៃជំងឺកូវីដ១៩ក្នុងសហគមន៍នៅកម្ពុជាកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ ដែលធ្វើឲ្យប៉ះពាល់ដលសេដ្ឋកិច្ចកម្ពុជា និងជីវភាពពលរដ្ឋកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា នេះ ឲ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មី៧១នាក់ក្នុងសហគមន៍ ខណៈពេលអ្នកឆ្លងសរុបបានកើនឡើងដល់ជិត ២ពាន់នាក់ហើយ។
រីឯអ្នកដែលកំពុងសម្រាកព្យាបាលចំនួន ៧៨១នាក់ ហើយអ្នកជាសះស្បើយមានចំនួន ៥៦៧ និងអ្នកស្លាប់ដោយសារវីរុសនេះមានចំនួន ៤នាក់ផងដែរ។
ប្រធានគណៈកម្មាធិការនាយកគណបក្ស GDP បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការជួយសង្គ្រោះពលរដ្ឋក្នុងពេលនេះ គឺមាន២ផ្នែកសំខាន់ៗ រួមមានខាង សង្គមកិច្ច គឺជួយពលរដ្ឋក្រីក្រ និងខាងសេដ្ឋកិច្ច ជួយដល់វិស័យសេដ្ឋកិច្ចដែលមានសក្កានុពលឲ្យបន្តដំណើរទៅមុខទៀត។
លោក បញ្ជាក់ថា ដើម្បីធ្វើបែបនេះបាន រដ្ឋាភិបាលត្រូវកំណត់ទិន្នន័យកញ្ចប់ថវិកាជាតិឲ្យបានច្បាស់លាស់ថា ខ្លួនមានថវិការចំនួនប៉ុន្មាន និងនូវខ្វះខាតប៉ុណ្ណាទៀត ដែលមានភាពងាយស្រួលក្នុងការធ្វើយុទ្ធនាការប្រមូលថវិកានេះតាមរយៈដៃអភិវឌ្ឍន៍ សប្បុរសជន ឬត្រូវខ្ចីបន្ថែមពីបរទេស។
លោកបន្តថា ធ្វើបែបនេះគឺមានភាពងាយស្រួលក្នុងការស្វែងរកថវិការផង និងផ្តល់តម្លាភាពសម្រាប់ពលរដ្ឋផង។ លើសពីនេះ ក៏ជាការចង់បានរបស់ដៃគូរពាក់ព័ន្ធ ដូចជា អង្គការសង្គមស៊ីវិលផងដែរ៕