26 C
Phnom Penh

តំណាងរបស់អ្នកស្រីសូជី នៅអង្គការសហប្រជាជាតិជម្រុញឲ្យមានការជួយអ្នកប្រជាធិបតេយ្យជាបន្ទាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតភូមាប្រចាំនៅអង្គការសហប្រជាជាតិ ដែលជាតំណាងរដ្ឋាភិបាល របស់អុ្នកស្រី អ៊ុងសានសូជី ជំរុញឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មតឹងរ៉ឹង ប្រឆាំងនឹងពួកយោធា ហើយមិនត្រូវទទួលស្គាល់ការគ្រប់គ្រងរបស់យោធាលើប្រទេសនេះឡើយ ។

ការអំពាវនាវរបស់លោក គីយ៉ មូទុន (Kyaw Moe Tun) ម្ដងនេះគឺ ជាលើកទីបី ហើយខណៈអន្ដរជាតិនៅតែមិនបានដាក់សម្ពាធខ្លាំងដោយផ្ទាល់លើពួក យោធាដើម្បីបញ្ឈប់អំពើហិង្សាលើជនស៊ីវិល។ លោក បានថ្លែងបែបនេះជាមួយសារព័ត៌មានជប៉ុន NHK នៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃចន្ទទី២២មីនានេះ ។

លោក Kyaw Moe Tun បានបន្តធ្វើជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ ទោះបីជាលោកត្រូវបានពួកយោធាបណ្តេញចេញ បន្ទាប់ពីលោកបានថ្កោលទោសពួកយោធានៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីដើមខែកុម្ភៈ ប៉ុន្មានថ្ងៃក្រោយ ពួកយោធាធ្វើរដ្ឋប្រហារ ។ សម្រាប់ឯកអគ្គរដ្ឋទូតរូបនេះ កំពុងប្រឈមនឹងដីកាចាប់ខ្លួន ក្រោយត្រូវបានចោទប្រកាន់ពីទោសបទក្បត់ជាតិ ។

លោក Kyaw Moe Tun បានទទូចថា សហគមន៍អន្តរជាតិគួរចាត់វិធានការប្រឆាំងនឹងពួកយោធាភូមា តាមគ្រប់មធ្យោបាយ។

លោកបានបន្ថែមថា ទណ្ឌកម្មប្រឆាំងនឹងពួកយោធាគួរតែត្រូវបានសម្របសម្រួល កំណត់គោលដៅ និងតឹងរ៉ឹងជាងមុន ។តែយ៉ាងណាមេដឹកនាំយោធាគឺឧត្តមសេនីយ Min Aung Hlaing បានប្រាប់កងទ័ពចុងក្រោយនេះថា កងទ័ពត្រូវតែការពារពីការគំរាមកំហែងពីខាងក្រៅ ។

ទាំងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ ហូងឡង់ អ៊ីតាលី បែលហ្សិច ណ័វេស ដាណឺម៉ាក អូស្ត្រាលី ឥណ្ឌា សិង្ហបុរី រួមនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្កោលទោស ពួកយោជាខ្លាំងដោយសារបាញ់សម្លាប់បាតុករ ស្លាប់រៀងរាល់ថ្ងៃ។

សមាគមដើម្បីសិទិ្ធអ្នកទោសភូមាឲ្យដឹងថា បាតុករស្លាប់កើនឡើងជាង ២៥០នាក់ របួសរាប់រយនាក់ ខណៈការចាប់ខ្លួនកើនឡើងជាង២ពាន់ ៣០០នាក់។ ប្រទេសទាំងនេះ បានសម្រេចដាក់ទណ្ឌកម្មលើឧត្តមសេនីយដោយការបង្កកទ្រព្យសម្បតិ្ត ពួកគេដែលមាននៅលើទឹកដីរបស់ប្រទេសទាំងនោះ ។

ប៉ុន្តែ សម្រាប់ឯកអគ្គរដ្ឋទូតភូមាប្រចាំនៅអង្គការសហប្រជាជាតិលោក Kyaw Moe Tun ទទូចថា ត្រឹមតែថ្កោលទោស និងការដាក់ទណ្ឌកម្ម គឺពួកយោធាមិនខ្លាចញញើតអ្វីនោះទេ។

ភូមាធ្លាប់ធ្លាក់ក្នុងរបបសឹក តាំងពីឆ្នាំ១៩៦២។ ប្រទេសនេះធ្លាក់ក្នុងអាណានិគមរបស់អង់គ្លេស រយៈពេល៥៨ឆ្នាំ។ តែនៅពេលនោះមានឥស្សរសជនលេចធ្លោបានកសាងចលនាបដិវត្តន៍ក្នុងប្រទេស រហូតបានសម្រេចបង្កើតកងទ័ពជាតិ ភូមា ហៅជាភាសាភូមាថា តាតម៉ាដាវ ដែលកងទ័ពនេះហើយជាអ្នករុញឱ្យអង់គ្លេសបោះបង់អាណានិគមរបស់ខ្លួន។ បុរសរូបនោះគឺលោក អ៊ុងសាង ដែលគេហៅថាបិតាឯករាជ្យជាតិភូមា។ លោកអ៊ុងសាង គឺជាឪពុករបស់អ្នកស្រី អ៊ុង សានស៊ូជី។

អ្នកស្រី អ៊ុងសានស៊ូជី គឺជាតំណក់ឈាមរបស់អ្នកតស៊ូដើម្បីសេរីភាព។ ប៉ុន្ដែឪពុករបស់អ្នកស្រី ត្រូវបានគេធ្វើឃាតនៅ ឆ្នាំ១៩៤៧ មុនមួយឆ្នាំដែលភូមាទទួលបានឯករាជ្យពីអាណានិគមអង់គ្លេស។ លុះបានឯករាជ្យហើយ ប្រទេសនេះស្គាល់រស់ជាតិប្រជាធិបតេយ្យបាន១០ឆ្នាំ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី U Nu។ ប៉ុន្ដែឧត្តមសេនីយ៍ Ne Win បានឆក់យកអំណាចមកគ្រប់គ្រង។

ពេលនោះហើយភូមាធ្លាក់ក្រោមការដឹកនាំរបស់ពួកយោធាដល់ ទៅ៥ទសវត្សមកដល់ឆ្នាំ២០១៥។ ប៉ុន្ដែក្នុងអំឡុងរបបរដ្ឋប្រហារទាំងនេះ ប្រជាជនភូមាបានផ្ទុះធ្វើបដិវត្តន៍ ប្រឆាំងនឹងពួកយោធាជាហូរហែ ទោះមិនបានសម្រេចក៏ដោយ។

អ្នកស្រីអ៊ុងសាងស៊ូជី បានធ្វើមាតុភូមិនិវត្តន៍ ពីអង់គ្លេសហើយក៏បានរៀបចំកម្លាំងដឹកនាំចលនានយោបាយនៅឆ្នាំ១៩៨៨ ប្រឆាំងនឹងពួកយោធា។ ចលនានោះសឹងតែបានសម្រេចរួចទៅហើយគឺនៅឆ្នាំ១៩៩០ គឺជាឆ្នាំនៃការបោះឆ្នោតលើកដំបូងនៅភូមា។

ពេលនោះគណបក្សរបស់អ្នកស្រីអ៊ុងសានស៊ូជី គឺបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី។ តែពួកយោធាពុំបានប្រគល់អំណាចឱ្យនោះទេ ហើយថែមទាំងចាប់អ្នកស្រីសូជី និងមន្រ្ដី របស់អ្នកស្រី ដាក់គុករាប់រយនាក់ថែមទៀត ក្នុងនោះអ្នកស្រីអ៊ុងសាងស៊ូជីត្រូវបានឃុំខ្លួនក្នុងផ្ទះ ដូចបច្ចុប្បន្ននេះឯង។

នៅឆ្នាំ២០១៥ មានការប្រែប្រួលម្ដងទៀតនៃការបោះឆ្នោត គឺពួកយោធាព្រមលះបង់អំណាចក្រោមសម្ពាធរបស់អន្ដរជាតិជាមួយនឹងការធ្វើកំណែទម្រង់ការដឹកនាំរដ្ឋបាលរបស់ប្រទេស។

ប៉ុន្ដែរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ គឺពួកយោធាបានចងអំណាចរបស់ខ្លួនយ៉ាងរឹងមាំអស់ទៅហើយ។ តាមរយៈច្បាប់កំពូលនេះគឺពួកយោធាមានអំណាចនៅក្នុងរដ្ឋសភាដល់ទៅ២៥ភាគរយ នៃអាសនៈសរុប ៦រយអាសនៈ ហើយកាន់កាប់ក្រសួងសន្ដិសុខជាតិ និងក្រសួងការពារជាតិយ៉ាងណែនក្នុងដៃ។

ការបោះឆ្នោតឆ្នាំ២០១៥ ក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ គឺជាជ័យជម្នះភ្លូកទឹកភ្លូកដី បានទៅលើគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់អ្នកស្រីអ៊ុងសានស៊ូជី។ ពេលនោះប្រជាជនភូមា ចាប់ផ្ដើមស្គាល់តម្លៃប្រជាធិបតេយ្យរបស់ខ្លួនជាលើកដំបូង បានប្រាំឆ្នាំ ។ ឥឡូវនេះរលាយបាត់ទៅហើយ។ ការរលាយបាត់ប្រជាធិបតេយ្យអាយុដ៏ក្មេងខ្ចីនេះគឺក្រោមកម្ដៅនៃរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ មីនអ៊ុងឡាំង ជាអ្នកស្នងតំណែងពីមេដឹកនាំផ្ដាច់ការរបស់ខ្លួន គឺឧត្តមសេនីយ៍ថាន់ស្វេដែលបាត់ដំណឹងសូន្យឈឹងមកដល់ពេលនេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស