អ្នកជំងឺ Covid-19 ស្លាប់ថែមម្នាក់ទៀតហើយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ ដោយសារអ្នកជំងឺមានសុខភាពទ្រុតទ្រោមរលាកសួតធ្ងន់ធ្ងរ ក្រោយពេលសម្រាកព្យាបាលបាន ២-៣ថ្ងៃ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
ក្រសួងសុខាភិបាល បានអះអាងថា អំឡុងពេលសម្រាកព្យាបាល ក្រុមគ្រូពេទ្យបានពិនិត្យសុខភាព ហើយឃើញថា សួតទាំងសងខាងរបស់អ្នកជម្ងឺរូបនោះបានរលាកធ្ងន់ធ្ងរ និងខ្សោយខ្លាំង រហូតមិនអាចសង្គ្រោះជីវិតអ្នកជំងឺបាន។
នៅថ្ងៃនេះ ស្ត្រីវ័យ ៦២ឆ្នាំម្នាក់ ឈ្មោះ អ៊ិន ម៉ានីតា ដែលត្រូវគេស្គាល់ថាត្រូវជាម្តាយបង្កើតរបស់តារា កំប្លែងឈ្មោះ ស្រី ពីន ដែលរស់នៅ រាជធានីភ្នំពេញ ដែលជាអ្នកទី៥ហើយ បានស្លាប់នៅក្នុងមណ្ឌល ព្យាលជំងឺ កូវីដ១៩ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬមន្ទីពេទ្យ រុស្ស៊ី ដោយសារជំងឺកូវីដ១៩។
រហូតមកទល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុស Covid-19ថ្មី ចំនួន ៣៥នាក់ ខណៈអ្នកឆ្លងសរុបកើនឡើងដល់ជាង ១ពាន់ ៧រយនាក់ រីឯអ្នកកំពុងព្យាបាលមានចំនួនជិត ៨០០នាក់ ចំណែកឯអ្នកដែលបានជាសះស្បើយមានចំនួន ៩៩៩នាក់។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា នេះជាកំហុសរដ្ឋាភិបាលដែលយឺតយ៉ាវអនុវត្តវិធានការការពារ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបែរមកប្រើការអនុវត្តយ៉ាងតក់ក្រហល់ចាប់បង្ខំ ដែលអាចបង្ហាញថា រដ្ឋាភិបាលមិនបានត្រៀមខ្លួនដើម្បីទប់ទល់នឹងជំងឺនេះតាំងពីដំបូង។
លោកអះអាងថា នៅពេលជំងឺនេះផ្ទុះឡើងដំបូងនៅប្រទេសចិន លោក ហ៊ុន សែន ហាក់មិនយកចិត្តទុកដាក់ ឬមានវិធានការទប់ស្កាត់ឡើយ តែបែរជាជំរុញមិនឲ្យមានការពាក់ម៉ាស់ទៅវិញ មិនត្រឹមតែប៉ុណ្ណោះ នៅតែបើកជើងយន្តហោះពីចិន និងទទួលមន្ត្រីការទូតរបស់ប្រទេសនានា ដែលធ្វើឲ្យពលរដ្ឋធ្វេសប្រហែស និងមើលស្រាលជំងឺនេះ។
លោកថ្លែងថា ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ត្រូវសហការគ្នាឲ្យបានល្អ ជាពិសេសរដ្ឋាភិបាលត្រូវជួយឧបត្ថម្ភដល់គ្រួសារដែលប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ដើម្បីឲ្យពួកគេអាចអនុវត្តវិធានការសុខាភិបាលបានត្រឹមត្រូវ និងមិនចេញប្រកបរបរចល័តទីតាំងដែលអាចប្រឈមការឆ្លងក្នុងសហគមន៍នោះ៕