28 C
Phnom Penh

រដ្ឋាភិបាលប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រា ហ្សេណិកា (Astra Zeneca) ជូនពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើងនៅរាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្របពេលដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែមានសភាពធ្ងន់ធ្ងរ រដ្ឋាភិបាលបានប្រកាសធ្វើយុទ្ធនាការចាក់វ៉ាក់សាំង អាស្ត្រាហ្សេណិកា (Astra Zeneca) របស់អង់គ្លេស ជូនពលរដ្ឋវ័យចាប់ពី៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ។ យុទ្ធនាការនេះ ចាប់ផ្តើមធ្វើពីថ្ងៃអង្គារនេះតែម្តង នៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន១៤ទីតាំង។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស កាលពីថ្ងៃទី២២ ខែមីនានេះ  ឱ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងចាក់ជូនពលរដ្ឋចំនួន៥ម៉ឺន ៥ពាន់ ៧រយ នាក់ដែលមានអាយុចាប់ ពី៦០ឆ្នាំ ឡើងទៅនៅរាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ក្រុមមនុស្សវ័យចាស់ គឺជាក្រុមមនុស្សដែលងាយរងគ្រោះខ្ពស់ បើមានការចម្លងជំងឺកូវីដ-១៩ ដោយសារវាងាយវិវត្តទៅជាធ្ងន់ធ្ងរ និងនាំឱ្យអត្រាអ្នកស្លាប់មានកំរិតខ្ពស់។ ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ គឺជាឧបករណ៍ដ៏សំខាន់មួយនៅក្នុងការរួមចំណែកបង្ការភាពធ្ងន់ធ្ងរ ពីការវាយលុក នៃជំងឺដ៏កាចសាហាវមួយនេះ។

យ៉ាងណាក៏ដោយរដ្ឋាភិបាល បានអះអាងថា បើទោះជាបុគ្គលម្នាក់ៗបានទទួលថ្នាំវ៉ាក់សាំងទៅហើយក្តី ក៏ត្រូវតែបន្តចូលរួមអនុវត្តវិធានសុខាភិបាល និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ការពារ រួមមានពាក់ម៉ាក់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ដោយឡែកវិធានការ៣កុំវិញ រួមមានកុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និង កុំប៉ះពាល់គ្នាផងដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស