32 C
Phnom Penh

សង្គមស៊ីវិលថា រដ្ឋាភិបាលនៅមិនទាន់មានវិធានការជាក់លាក់ក្នុងការដោះស្រាយបញ្ហាបំណុល ពលរដ្ឋក្នុងសម័យវិបត្តិកូវីដ១៩

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសង្គមស៊ីវិលរិះគន់ថា សេចក្តីប្រកាសរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដែលជុំឲ្យមានគោលការណ៍ស្ម័គ្រចិត្តពីខាងក្រុមហ៊ុន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទាន់បង្ហាញពីវិធានការជាក់លាក់ក្នុងការជួយដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ ក្នុងអំឡុងវិបត្តិកូវីដ១៩ឡើយ។

អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលគួរតែចេញសេចក្តីណែនាំ ឬច្បាប់ណាមួយដើម្បីដាក់កំណត់ឲ្យបានច្បាស់លាស់ពីការអនុវត្តគោលការណ៍បន្ធូរបន្ថយការសងបំណងធនាគារក្នុងកម្រឹតសមរម្យណាមួយ ជាជាងការប្រើវិធានការសំណូមពរបែបនេះ។

លោក អះអាងថា ក្នុងខ្លឹមសារលិខិតនេះ គ្រាន់ធ្វើការស្នើដល់គ្រឹះស្ថានប្រាក់កម្ចីរ និងក្រុមហ៊ុនអចលនទ្រព្យឲ្យយោគយល់និង ជួយសម្រួលប៉ុណ្ណោះ។

ដូច្នេះទោះជាស្ថាប័នទាំងនោះ មិនអនុវត្តតាម ក៏មិនមានវិធានការដាក់ពិន័យលើពួកគេដែរ ខណៈពលរដ្ឋកំពុងជួបវិបត្តិ សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ និងត្រូវការការបន្ធូរបន្ថយ ពីគ្រឹះស្ថានទាំងនោះយ៉ាងខ្លាំង។

លោក សឹង សែនករុណា បញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋឲ្យបានល្អប្រសើរឡើងវិញ ពួកគេត្រូវការពេលវេលាសមរម្យមួយដើម្បីបង្កើនប្រាក់ចំណូលឡើងវិញ។ ក្នុងនោះវិធានការរបស់រដ្ឋាភិបាលក្នុងការ គាំពារសង្គមពិតជាសំខាន់ណាស់ និងការអន្តរាគមន៍លើធនាគារ ឲ្យជួយបន្ធូរបន្ថយ ក្នុងលក្ខខណ្ឌសមស្របមួយដែលពលរដ្ឋអាចធ្វើទៅបានតាមជាក់ស្តែង។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសរួមជាមួយ ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដើម្បីស្នើដល់ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យឲ្យជួយសម្រួល និងបន្ធូរបន្ថយការបង់ប្រាក់របស់ពលរដ្ឋ។

ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសរួម សុំឲ្យស្ថាប័ន និងគ្រឹះស្ថាន ព្រមទាំងក្រុមហ៊ុនអចលនទ្រព្យ ជួយសម្រួលដល់ការសងបំណុលពីពលរដ្ឋ លើកលែងការផាកពិន័យ ចំពោះការយឺតយ៉ាវ ក្នុងការសងការប្រាក់ ហើយការស្នើសុំនេះមានសុពលភាពត្រឹមបំណាច់ខែមីនានេះ។

កាលពីចុងខែមិថុនា ឆ្នាំ២០២០ ទិន្នន័យសង្គមស៊ីវិល បង្ហាញថា ពលរដ្ឋដែលបំពាក់លុយធនាគារក្រោយជួបវិបត្តិជំងឺកូវីដ១៩ ចំនួន ៧៩% បានយកប័ណ្ណសម្គាល់កម្មសិទ្ធ ឬប័ណ្ណកាន់កាប់ដីធ្លីធ្វើជាទ្រព្យធានា ក្នុងនោះមួយចំនួនបានលក់ទ្រព្យសម្បត្តិដែលខ្លួនសន្សំទុកយកលុយទៅសងបំណុលទៅធនាគារវិញ។

កាលពីថ្ងៃទី២២ ខែមីនា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP អះអាងថា ដើម្បីឆ្លើយតបនូវទុក្ខលំបាករបស់ពលរដ្ឋដែលរងការប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ រដ្ឋាភិបាលកម្ពុជា ត្រូវបង្កើត គណៈកម្មាធិការជំនាញ ឬគណៈកម្មាធិការចំពោះកិច្ចជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ។

គណបក្សនេះ បញ្ជាក់ថា គណៈកម្មាធិការនោះ ត្រូវជួយដោះស្រាយជីវភាពប្រចាំថ្ងៃ និងជួយសម្រួលនូវការសងបំណុលធនាគារ និងការបង់រំលស់ផ្សេងៗថែមទៀត របស់ពលរដ្ឋ ជាជាងបណ្តែតបណ្តោយឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុអនុវត្តគោលការណ៍ដូចដែលពួកគេបានធ្វើនៅមុនផ្ទុះជំងឺកូវីដ១៩៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស