27 C
Phnom Penh

ក្រុមសកម្មជនព្រៃឈើ សំដែងការខកចិត្តចំពោះ ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិកUSAID

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនព្រៃឡង់ សំដែងការខកចិត្តចំពោះ ទីភ្នាក់ងារអភិវឌ្ឍ អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID ជាខ្លាំង នៅពេលឃើញសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារមួយនេះ បានអះអាងថា បានធ្វើការផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់នាពេលកន្លងមក។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានចេញលិខិតចំហរ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះថា ពួកគេបានធ្វើកិច្ចការការពារព្រៃឡង់អស់ជាងពីទសវត្សរ៍មកហើយ និងបានចងក្រងជាបណ្តាញមកពីខេត្តចំនួនបួន និងមានជាង ១០០ភូមិ ដែលបានទទួលស្គាល់គុណសម្បត្តិដ៏ល្អរបស់ព្រៃឡង់ និងសុខចិត្តនាំគ្នាការការពារព្រៃមួយនេះ។

សកម្មជនព្រៃឈើទាំងនោះ រិះគន់ថា USAID មិនដែលត្រួតពិនិត្យលើកិច្ចការងារ ក្រសួងបរិស្ថាន ដែលជាដៃគូរសហការរបស់ខ្លួនឡើយ ទោះជាពួកគេ បានគំរាមចាប់ខ្លួន សមាជិកបណ្តាញព្រៃឡង់ជាសាធារណៈពីការ ប្រើរូបភាពផ្កាយរណប ដើម្បីតាមដានការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ដោយឈ្មួញទុច្ចរិតក៏ដោយ។

ពួកគេ អះអាងថា USAID តែងគេចវេសពីការប្រជុំដែលស្នើដោយសកម្មជនព្រៃឡង់ ដោយប្រើលេសផ្សេងៗជាញឹកញាប់។ លើសពីនេះ អង្គការនេះ មិនដែលយកចិត្តទុកដាក់នឹងសុវត្ថិភាពសកម្មព្រៃឈើម្តងណាឡើយ ខណៈសមាជិកព្រៃឡង់រងការគម្រាមកំហែងពីអាជ្ញាធរជាបន្តបន្ទាប់ ពីការល្បាតព្រៃដើម្បីការ ការកាប់បំផ្លាញព្រៃឈើការបបាញ់សត្វ និងការជីកយរ៉ែជាដើម។

ការអះអាងនេះ ធ្វើឡើងដើម្បីច្រានចោលសេចក្តីថ្លែងការរបស់ USAID ដែលបានអះអាងកន្លងទៅថាបានធ្វើការយ៉ាងដិតដល់ជាមួយសកម្មជនព្រៃឈើក្នុងតំបន់ព្រៃឡង់។

កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនថា ដើម្បីចូលរួមចំណែកការពារតំបន់ព្រៃឡង់ពួកគេបានសហការជាមួយបណ្តាញសហគមន៍ព្រៃឡង់ និងបណ្តាញសកម្មជនព្រៃឈើជាច្រើនទៀត ដែលបានធ្វើការយ៉ាងជិតស្និទ្ធក្នុងតំបន់អភិរក្សនេះ។

តំបន់ព្រៃឡង់ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន៤គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងខេត្តក្រចេះ មានផ្ទៃដីសរុបជាង ៤សែនហិកតា ត្រូវបានរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបង្កើតជាដែនជម្រកសត្វព្រៃ ព្រៃឡង់ កាលពីខែឧសភា ឆ្នាំ២០១៦ ។

ទិន្នន័យសង្គមស៊ីវិល បង្ហាញថា រយៈពេល ២០ឆ្នាំចុងក្រោយនេះ ទំហំព្រៃឡង់ជាង១សែនហិកតារ ត្រូវបានបាត់បង់ និងក្លាយជាវាលរហោឋាន ខណៈផ្ទៃដីតែជាង ១ ពាន់ហិកតារប៉ុណ្ណោះ ដែលត្រូវបានដាំកូនឈើឡើងវិញ។

គណៈកម្មាធិការសម្របសម្រួលសហគមព្រៃឡង់ លោក ឯក សុវណ្ណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រយៈពេលប្រមាណជា ២ឆ្នាំ សមាជិកបណ្តាញសហគមព្រៃឡង់ក្នុងខេត្តទាំង៤មិនដែលទទួល បានការសហការជាមួយភ្នាក់ងារអភិវឌ្ឍរបស់សហរដ្ឋអាមេរិក USAID នោះទេ សូម្បីជំនួយផ្សេងៗដើម្បីល្បាតព្រៃក៏មិនដែលបានទទួលដែរ។

លោក អះអាងថា សមាជិកបណ្តាញសហគមព្រៃឡង់បានដាក់ពាក្យស្នើទៅ USAID សុំថវិកា និងសម្ភារៈ ដើម្បីល្បាតព្រៃឡង់ ដូចជា GPS និងម៉ាស៊ីនថតរូប ជាដើម។

តែមិនមានការឆ្លើយតប ព្រមផ្តល់ឲ្យ ឬមិនព្រម ណាមួយត្រឡប់មកវិញឡើយ។ ជាងនេះទៀត ពួកគេបែរជាអះអាងថាបានសហការជាមួយសមាជិកបណ្តាញសហគមព្រៃឡង់ដើម្បីធ្វើការល្បាតក្នុងតំបន់អភិរក្សមួយនេះយ៉ាងជិតស្និទ្ធ។ បញ្ហានេះ សមាជិកបណ្តាញសហគមព្រៃឡង់ សូមបដិសេធចោលទាំងស្រុង។

The Cambodia Daily នៅមិនទាន់អាចស្វែងរកប្រភពទាក់ទងតំណាងUSIAD ប្រចាំកម្ពុជាដើម្បីឆ្លើយតបបញ្ហានេះបានទេ គិតត្រឹមម៉ោងផ្សាយថ្ងៃទី២៣ខែមីនានេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស