37 C
Phnom Penh

នាយករដ្ឋមន្ត្រី អំពាវនាវ កុំឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះដើម្បី បញ្ជៀសការឆ្លងឲ្យកាន់តែមានប្រសិទ្ធិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អំពាវនាវ កុំឲ្យពលរដ្ឋចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់ ព្រោះពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគមន៍ធ្ងន់ធ្ងរ។

លោក ហ៊ុន សែន បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃ២៤ មីនា នេះថា ពលរដ្ឋទាំងអស់គ្នាត្រូវតែពាក់ម៉ាសជាដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ឬទឹកអាកុល និងត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ។

លោក ហ៊ុន សែន បញ្ជាក់ថា ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឲ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុតតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ជំងឺឆ្លងរាតត្បាតកូវីដ-១៩នេះ ត្បិតកម្ពុជាកំពុងស្ថិតក្នុងស្ថានភាព ប្រុងប្រយ័ត្នខ្ពស់ ដូច្នេះវិធានការ ៣ការពារ និង ៣កុំ ត្រូវឲ្យបានអនុវត្តន៍ត្រឹមត្រូវខ្ជាប់ខ្ជួនជានិច្ច។

ការអំពាវនេះធ្វើឡើងបន្ទាប់ពីកក្រើកឡើងវិញនូវជំងឺកូវីដ១៩ក្រោយព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ដែលបង្ខំឲ្យរដ្ឋាភិបាលសម្រេចបិទទីតាំងតាមរាជធានីខេត្តមួយចំនួនជាបន្តបន្ទាប់។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថា រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងខេត្ត សៀមរាប ត្រូវបានកំណត់ជាភូមិសាស្ត្រងាយក្នុងការឆ្លងវីរុសកូវីដ១៩ ដែលនឹងតម្រូវឲ្យពាក់ម៉ាស់ និងរក្សាគម្លាត ស្របតាមប្រកាសកាលពីថ្ងៃទី២២ ខែមីនា ស្តីពីការពាក់ម៉ាស់ និងរក្សាគម្លាត ក្នុងអំឡុងជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្រសួងសុខាភិបាល សំដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលពលរដ្ឋកម្ពុជាបានស្លាប់ដល់ទៅ ៥នាក់ឯណោះ ក្នុងខែមីនា នេះ ខណៈក្រសួងនៅតែបន្តរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីក្នុងសហគមន៍ ចំនួន២៩នាក់ថែមទៀត ចំណែកអ្នកឆ្លងសរុបក៏បានកើនឡើងដល់ទៅជាង ១៨០០នាក់ផងដែរ។

ទាក់ទិននឹងបញ្ហានេះ លោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន បានអំពាវនាវ ទៅកាន់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដើម្បីឈានឆ្ពោះទៅរកការបិទបញ្ចប់នូវព្រឹត្តិការណ៏សហគមន៍នេះ ឲ្យបានឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីខាងមុខ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាគឺជារឿងត្រឹមត្រូវហើយ ដើម្បីរំឮកទៅដល់សាធារណជនកុំឲ្យមានការធ្វេសប្រហេស ឬភ្លេចខ្លួន ពីជំងឺរាតត្បាតសកលមួយនេះ។

លោក អះអាថា ដើម្បីអនុវត្តផែនការទប់ការការឆ្លងជំងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាព រដ្ឋាភិបាលមិនអាចប្រើត្រឹមតែច្បាប់ ឬការអំពាវនាវតែម្យ៉ាងនោះទេ ប៉ុន្តែការជួយជ្រោមជ្រែងផ្នែកជំនួយសង្គមពិតជាសំខាន់ណាស់នៅពេលនេះ ព្រោះគ្រួសារ ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរប្រហែលមានការលំបាកខ្លាំង ដែលត្រូវនៅក្នុងផ្ទះ ខណៈពេលដែលពួកគេមិនមានអាហារហូបចុកគ្រប់គ្រាន់។

លោក បញ្ជាក់ថា រដ្ឋាភិបាលមានកាតព្វកិច្ចត្រូវពិនិត្យឲ្យបានសព្វជ្រុងជ្រោយពីការខ្វះខាតរបស់ពលរដ្ឋ ក្នុងការអនុវត្តវិធានការនេះ ក្នុងនោះក៏ត្រូវជួយសម្រួលការសងបំណុលធនាគារ និងថ្លៃសេវា ទឹក ភ្លើង ឲ្យមានការចុះថ្លៃផងដែរ ត្បិតពលរដ្ឋភាគច្រើនបានបាត់បង់ប្រាក់ចំណូលទាំងស្រុងទៅហើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស