ក្រសួងមុខងារសាធារណៈ ចេញលិខិតបន្ទាន់មួយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះ ទៅកាន់ក្រសួងស្ថាប័ននានារបស់រដ្ឋឲ្យស្រង់ឈ្មោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលមិនទាន់បានចាក់ វ៉ាក់សាំង បង្ការជំងឺ Covid-19 ជាបន្ទាន់ដើម្បីបញ្ជូនស្ថិតិនេះទៅ នាយករដ្ឋមន្ត្រីឲ្យបានមុនម៉ោង ១៥.០០នាទី នៅរសៀលថ្ងៃពុធនេះ។
ការស្នើនេះធ្វើឡើងតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោយពេលកម្ពុជា បានអនុវត្តផែនការចាក់វ៉ាក់សាំងដែលមានរយៈពេលប្រមាណជាង ១ខែកន្លងមកនេះ។
ក្រសួងសុខាភិបាល ក៏បានអះអាងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះថា គិតពីថ្ងៃទី១០ ខែកុម្ភៈ ដល់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺCovid-19 មានចំនួនជាង ២០ម៉ឺននាក់ហើយ ខណៈអ្នកដែលបានចាក់លើកទី១រួចមានចំនួនជាង ២២ម៉ឺននាក់ រីឯអ្នកបានចាក់លើកទី២រួចមានចំនួនជិត ៦ម៉ឺននាក់ ក្នុងនោះអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួនជិត ២ម៉ឺននាក់ផងដែរ។
យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូហ្វាម ដែលជំនួយរបស់ចិន លើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ បានចាក់លើមន្ត្រីរាជការសាធារណៈមានអាយុចាប់ពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំ។
ចំណែកឯយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ កាលពីថ្ងៃទី៤ ខែមីនា របស់អង់គ្លេស អាស្ត្រាសេណេកា ជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ ដែលទទួលស្គាល់ដោយ អង្គសុខភាពពិភពលោក WHO ក្នុងនោះលោក ហ៊ុន សែន ក៏សម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះដែរ បន្ទាប់ពីលោក បានបដិសេធការចាក់វ៉ាក់សាំងរបស់ចិន ម្តងរួចមកហើយនោះ។
នៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី បានសម្រេចឲ្យបង្កើតគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងCovid-19 ក្នុងក្របខណ្ឌទូទាំងប្រទេស។ សេចក្តីសម្រេចបានតម្រូវឲ្យបង្កើតគណៈកម្មការចំនួន ៤៧រូប ដែលមានភារកិច្ចគ្រប់គ្រង រៀបចំ បណ្តុះបណ្តាល បែងចែក ផ្គត់ផ្គង់ និងតាមដានដំណើរការវ៉ាក់សាំងនេះជាដើម។
អ្នកវិភាគនយោបាសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃនេះថា យើងក្រៀមក្រំពេលអ្នកមានជំងឺ Covid-19 បានស្លាប់ថ្មីៗនេះ តែយើងក៏អបអរពេលអ្នកជំងឺឯទៀតបានជាសះស្បើយ និងឲ្យតម្លៃខ្ពស់ដល់ការប្រឹងប្រែងព្យាបាលជំងឺនេះរបស់ក្រសួងសុខាភិបាល។
លោកទទូចថា បើមិនមែនជាការដាក់បន្ទុកធ្ងន់ធ្ងរទៅលើអ្នកជំនាញផ្នែកសុខាភិបាលទេ លោកសុំឲ្យក្រសួងសុខាភិបាល បង្ហាញពីការប្រើថ្នាំ និងវិធីព្យាបាលជំងឺCovid-19 ដល់ពលរដ្ឋខ្មែរ ជាពិសេសអនុញ្ញាតឲ្យអ្នកដែលធ្លាប់ឆ្លងវីរុសCovid-19 ប្រាប់ពីអាការៈមុនពេលពួកគាត់បានកើតជំងឺនេះ។
បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ពលរដ្ឋប្រហែលនឹងខំប្រឹងប្រើវិធីដែលក្រសួងបានណែនាំនេះថែរក្សាសុខភាពរបស់ខ្លួន ដើម្បីព្យាបាលខ្លួនឯងឲ្យជាសះស្បើយ ប្រសិនបើថ្ងៃណាមួយគេពិតជាធ្លាក់ខ្លួនមានជំងឺនេះពិតមែននោះ៕