41.3 C
Phnom Penh

អាមេរិក និងសម្ព័ន្ធ មិត្តបន្ថែមទណ្ឌកម្មលើពួកយោធាភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេលជិត២ខែ មកហើយ ដែល ប្រជាជនភូមានៅបន្តងើបឡើងប្រឆាំងរបបរដ្ឋប្រហាររបស់ពួកយោធា។ រូបភាពនៃការតវ៉ាគឺដើរក្បួន និងធ្វើកូដកម្មដោយមិនទៅធ្វើការ និងកូដកម្មនៅក្នុងផ្ទះ។ ដូចជានៅថ្ងៃទី២៤មីនានេះ ប្រជាជនភូមា នៅទីក្រុងធំៗ បានធ្វើកូដកម្មដោយមិនចេញពីផ្ទះដែលនាំឲ្យតាមដងផ្លូវស្ងាត់ជ្រងុំ។

ព្រឹត្តិការណ៍ទាំងនេះ កំពុងក្លាយជារឿងដ៏ចាប់អារម្មណ៍ របស់ពិភពលោកដោយមើលឃើញថា គឺជារូបភាពមួយនៃ ចលនាអហិង្សាប្រឆាំងនឹងរបបពួកយោធា ដែលបានធ្វើរដ្ឋប្រហារ រំលាយរដ្ឋាភិបាលជាប់ឆ្នោត កាលពីថ្ងៃទី១កុម្ភៈ។

តែបែបណា ក៏ដោយ ការតវ៉ាបានរងនូវការវាយបង្រ្កាបដ៏បង្ហូរឈាមពីសំណាក់ពួកយោធា ដែលបណ្ដាលអោយមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។ គិតមកដល់ពេលនេះ មានអ្នកស្លាប់កើនឡើងជាង២៦០នាក់ហើយ។  

អ្វីដែលនាំអោយមានការភ្ញាក់ផ្អើលខ្លាំង និងតក់ស្លុតទៀតនោះគឺពួកយោធា បានបាញ់សម្លាប់កុមារីម្នាក់អាយុ៧ឆ្នាំ ដោយចូលបាញ់សម្លាប់ឪពុកម្ដាយរបស់កុមានោះនៅក្នុងផ្ទះ ហើយកុមារីនោះ ត្រូវបានបាញ់សម្លាប់នៅពេលគាត់ កំពុងយុំ ទួញសោក ឱបម្ដាយដេកស្លាប់ក្នុងត្លុកឈាមម្ដាយ និងឪពុក។

នេះជាអំពើសម្លាប់មនុស្សដ៏អាក្រកពីសំណាក់ពួកយោធា ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍មេរដ្ឋប្រហារ មីនអ៊ុងឡាំង និងឧត្តមសេនីយ៍២រូបទៀត។ ការបាញ់សម្លាប់មនុស្សក្រៅប្រព័ន្ធនេះ ត្រូវបានកត់ត្រាថាជា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលចារកម្មរបស់សហរដ្ឋអាមេរិក និងរដ្ឋអាជ្ញាពិសេស របស់ តុលាការឧករិដ្ឋកម្មអន្តរជាតិICC បានកំណត់អត្តសញ្ញាណរួចហើយ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកAntony Blinken បានប្រកាសអំពីទណ្ឌកម្មថ្មីមួយទៀតទៅលើពួក   ឧត្តមសេនីយ៍ភូមា។ នេះជាទណ្ឌកម្មលើកទី២ហើយ របស់សហរដ្ឋអាមេរិក ដែលសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហភាពអឺរ៉ុបដែលបានដាក់ទណ្ឌកម្ម លើឧត្តមសេនីយចំនួន១១នាក់ ដោយការបង្កទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមិនឲ្យជាន់ទឹកដីអាមេរិក និងអឺរ៉ុប។

លោក Blinken បានប្រាប់ទៅ ពួកយោធាភូមាអោយដោះលែងអ្នកទោស ដែលក្រុមយោធាភូមាបានចាប់ឃុំខ្លួន។ របាយការណ៍របស់ សមាគមការពារអ្នកទោស នៅក្នុងប្រទេសភូមាឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សជាង២ពាន់ ៣០០នាក់ ដែលពួកយោធាចាប់ខ្លួន ក្នុងនោះមានទាំងអ្នកកាសែតផងដែរ។ បើតាមលោក Blinken ការសម្លាប់បាតុករ ពីសំណាក់ពួកយោធា គឺជាឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ។

ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនេះ អគ្គស្នងការប៉ូលិស លោក ឧត្តមសេនីយ៍ Than Hlaing និងឧត្តមសេនីយ៍ឯក Aung Soe ដែលជាមេបញ្ជាការ ប្រតិបត្តិការពិសេសព្រមទាំងកងពល២ទៀត របស់ពួកយោធា គឺជាក្រុមទទួលខុសត្រូវខ្ពស់បំផុត ក្នុងការបញ្ជាអោយពួកយោធា និងប៉ូលិសបាញ់សម្លាប់បាតុករ។

ប្រមុខការទូតអាមេរិកលោក Blinken  បញ្ជាក់ថា កងពលរបស់ពួកយោធា ចំនួន២នេះ គឺកងពលលេខ៣៣ និងកងពលលេខ៧៧។ កងពលទាំង២នេះ បានដាក់ពង្រាយកម្លាំងរបស់ខ្លួននៅទីក្រុងធំៗរបស់ប្រទេស ហើយបានបាញ់សម្លាប់បាតុករដោយ ផ្ទាល់។

ការរកឃើញជាក់ស្ដែង ដែលកងពលនេះបានប្រព្រឹត្ត គឺបាញ់សម្លាប់បាតុករនៅទីក្រុង Mandalay ដោយការដើរបាញ់សម្លាប់មនុស្សរហូតដដល់ក្នុងផ្ទះ របស់អ្នកស្រុកទាំងយប់។

កាលពីថ្ងៃចន្ទទី២២ ខែមីនា ប្រទេសចំនួន២៧ នៃសហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើ ពួកយោធា ចំនួន១១នាក់ ដែលក្នុងនោះ ក៏មានឧត្តមសេនីយ៍ក មីនអ៊ុងឡាំង និង ប្រធានគណៈកម្មការរៀបចំបោះឆ្នោត របស់ពួកយោធាផងដែរ។ ទណ្ឌកម្មរបស់សហភាពអឺរ៉ុប  ប្រទេសកាណាដា និង អង់គ្លេស បានកំណត់ឧត្តមសេនីយ៍ទាំង១១នាក់នោះ ជាឧក្រិដ្ឋជន ប្រឆាំងនឹងមនុស្សជាតិ ដែលនាំអោយទ្រព្យសម្បត្តិរបស់គ្រួសារពួកគាត់មាននៅអឺរ៉ុបត្រូវបានបង្កក។

ប្រមុខការទូត Blinken  បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក រួមនឹង   សម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀត បានប្ដេជ្ញាឈរខាងប្រជាជនភូមា ដែលកំពុងធ្វើពលិកម្មដើម្បីប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក បានបង្កករួចហើយ នូវទ្រព្យសម្បត្តិរបស់គ្រួសារនិងក្រុមហ៊ុនទាំងឡាយណា ដែលជាប់ចំណងទាក់ទងការរកស៊ី មាននៅលើទឹកដីអាមេរិក ដែលមានហិរញ្ញវត្ថុជាងមួយពាន់លានដុល្លារ អាមេរិក។

នេះជា ការបញ្ចូនសារមួយបន្ថែមទៀតប្រាប់ទៅពួកយោធាភូមាអំពីបទឧក្រិដ្ឋដែលមិនអាចលើកលែងបានឡើយ។

កាលពីសប្ដាហ៍មុន ក្រុមស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ នៃ តុលាការឧករិដ្ឋកម្មអន្តរជាតិICCនិងក្រុមរដ្ឋអាជ្ញារបស់តុលាការនេះ បានបង្កើតបណ្ដាញរបស់ខ្លួនដើម្បីប្រមូលភស្តុតាងដែលពួកយោធា ជាប់ពាក់ព័ន្ធ ក្នុងករណីសម្លាប់បាតុករ និងសម្លាប់ក្រុមប្រឆាំង នៅតាមបណ្ដាខេត្តឆ្ងាយៗ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស