30 C
Phnom Penh

មន្ត្រីសង្គមស៊ីវិលថា ការប្តឹងលោក ផែង វណ្ណៈ គឺជាការរកយុត្តិធម៌តាមផ្លូវច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្ស អះអាងថា ការសម្រេចចិត្តប្តឹងលើករណីលោក ផែង វណ្ណៈ ជាអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមានចែងក្នុងច្បាប់ដើម្បីទទួលបានយុត្តិធម៌ ដែលពួកគេយល់ថា ខ្លួនបានរងនៅអំពើណាមួយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការធ្វើអត្ថាធិប្បាយតាម Facebook របស់លោក ផែង វណ្ណៈ កន្លងមក ត្រូវបែងចែកឲ្យដាច់ស្រឡះថា តើការលើកឡើងទាំងនោះជាការរិះគន់រឿងបុគ្គលផ្ទាល់ខ្លួន ឬយ៉ាងណា ប្រសិនបើការរិះគន់នោះជាបើកកកាយរឿងបុគ្គលផ្ទាល់ខ្លួន នោះជនរងគ្រោះក៏អាចមានសិទ្ធិប្តឹងតវ៉ាទាមទារក្នុងករណីនោះ។

លោកអះអាងថា ប្រសិនបើការលើកឡើងនោះ គឺជាការរិះគន់ទៅលើតួនាទីរបស់មន្ត្រីសាធារណៈ ដែលបានប្រព្រឹត្តខុសវិជ្ជាជីវៈនោះមិនមែនជាករណីធ្ងន់ធ្ងរនោះទេ។ លោកបន្តថា រាល់ការលើកឡើង ឬការរិះគន់ គឺត្រូវតែប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈរបស់បុគ្គលដែលកំពុងបំពេញតួនាទីរៀងៗខ្លួន។

លោក សឹង សែនករុណា បញ្ជាក់ថា ការរកយុត្តិធម៌តាមផ្លូវច្បាប់នេះ គឺជារឿងសមហេតុផល ហើយការសម្រេចយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ ដូច្នេះអង្គការសង្គមស៊ីវិល រង់ចាំឃ្លាំមើលការសម្រេចសរបស់ស្ថាប័នមានសមត្ថកិច្ចថា ភាគីទាំងសងខាងនឹងទទួលបានយុត្តិធម៌កម្រិតណាក្រោយតុលាការវិនិច្ឆ័យ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី លោក ប្រាក់ ប៉ូលី ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើរូបលោក ផែង វណ្ណៈ កាលពីដើមខែមីនាកន្លងទៅ។

លោក ប្រាក់ ប៉ូលី ប្តឹងលោក ផែង វណ្ណៈ ចំនួន៤បទល្មើស រួមមាន ការញុះញង់ឲ្យមានការរើសអើង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ការប្រមាថមន្ត្រីរាជការសាធារណៈ និងពីបទកំហែងហែកកេរ្តិ៍ ផងដែរ។ លើលពីនេះ លោក ប្រាក់ ប៉ូលី ទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារថែមទៀត។

ការប្តឹងនេះធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានផ្សាយអត្ថបទចំនួនពីរកាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើទំព័រFacebook  Pheng Vannak News ដែលបានសរសេររៀបរាប់ថា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានស្នើតែងតាំងលោក ប្រាក់ ប៉ូលី ជាអភិបាលរងខេត្ត ដោយសារលោក ប្រាក់ ប៉ូលី មានឪពុកធម៌ជាឧបនាយករដ្ឋមន្ត្រី។

ប្រភពដដែល បញ្ជាក់ថា ការផ្សាយព័ត៌មានរបស់លោក ផែង វណ្ណៈ គឺជាព័ត៌មានបំផ្លើស និងជាព័ត៌មានបំប៉ោង ព័ត៌មានគ្មានការពិត និងជាព័ត៌មានក្លែងក្លាយបែបបំពុលសង្គម ហើយក៏ជាការញុះញង់ឱ្យមានការរើសអើងមកលើរូបលោកផងដែរ។

លោក ផែង វណ្ណៈ ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មានចេញលិខិតបិទអាជ្ញាប័ណ្ណសារព័ត៌មានរបស់លោកហើយ កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ ក្រោយលោក ផែង វណ្ណៈបានប្រមាថទៅលើព្រះសង្ឃនៅខេត្តសៀមរាប តាមរយៈការផ្សាយលើគណនីFacebook របស់លោកកាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស