31.8 C
Phnom Penh

ក្រុមអ្នកតស៊ូមតិថា ពលរដ្ឋខ្មែរកំពុងប្រឈមនឹងការបាត់បង់ជីវិតក្នុងអំឡុងជំងឺCovid-19 ដោយសារការធ្វេសប្រហែសរបស់រដ្ឋាភិបាលកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បញ្ញវន្តខ្មែរ នៅក្រៅស្រុកលើកឡើងថា ការប្រឈមនឹងការរីករាលដាលនៃជំងឺ Covid-19 មិនអាចប៉ាន់ប្រមាណបាននៅកម្ពុជា ក្នុងស្ថានភាពនេះ ខណៈពលរដ្ឋខ្មែរ មានព្រួយបារម្ភយ៉ាងខ្លាំងថា តើជីវិតរបស់ពួកគាត់ នឹងស្លាប់ដោយសារជំងឺ Covid-19 ឬដោយសារអត់អាហារ។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៤ ខែមីនា ថា វិជ្ជាពេទ្យខ្មែរ ទាំងធនធានបច្ចេកទេស បរិក្ខារពេទ្យ និងមូលនិធិប្រតិបត្តិការ សូម្បីតែដំណើរការធម្មតា ក៏នៅមានកម្រិតនៅឡើយ ដែលបានបង្ហាញពីអសមត្ថភាពនៃនយោបាយធ្វេសប្រហែសរបស់                  រដ្ឋាភិបាលលោក ហ៊ុន សែន។

លោកបញ្ជាក់ថា ពលរដ្ឋខ្មែរ គ្មានការងារគ្មានប្រាក់ចំណូល  ខណៈរដ្ឋាភិបាលកម្ពុជា ជួយឧបត្ថម្ភចុងដៃចុងជើង បែបសោះនឹងខាន ព្រោះតែលោក ហ៊ុន សែន ខំសន្សំតែលុយទិញអាវុធ ចិញ្ចឹមកម្លាំងទ័ពឯកជន ការពារអំណាច ក្នុងមហិច្ឆតារក្សាអំណាច វង្សត្រកូលខ្លួនប៉ុណ្ណោះ ខណៈពលរដ្ឋក្រីក្រកំពុងប្រឈម នឹងបំណុលធនាគារ ថ្លៃទឹក ថ្លៃភ្លើង ឈ្នួលផ្ទះ និងការចំណាយសម្រាប់អាហារប្រចាំថ្ងៃជាដើម។

ការអះអាងនេះបន្ទាប់ពីការរីករាលដាលនៃវីរុស Covid-19 នៅកម្ពុជា កាន់តែខ្លាំងឡើងៗ បន្ទាប់ពីព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ រហូតបណ្តាលឲ្យពលរដ្ឋ ស្លាប់ដោយសារជំងឺនេះជាបន្តបន្ទាប់។

ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកស្លាប់ ដោយសារជំងឺCovid-19 ចំនួន២នាក់ទៀតថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ ដែលជាករណីទី៧ កើតលើជនជាតិខ្មែរ ឈ្មោះ ឈាន ប៊ុនធឿន ហៅ DJ ប៊ូម អាយុ ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ និងអ្នកជំងឺជនជាតិចិន ឈ្មោះ Wu Jiannan អាយុ៤៣ឆ្នាំ ជាបុគ្គលិក Casino ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ អ្នកជំងឺទាំងពីរមានសភាពរលាកសួត ទាំងសងខាងធ្ងន់ធ្ងរខ្លាំង លើសពីនេះទៀតពួកគេ មានជំងឺធាត់កម្រិត១ និងលើសឈាមផងដែរ។

ក្រសួងនៅតែបន្តរកឃើញអ្នកឆ្លងវីរុស Covid-19 ថ្មី ៥៥នាក់ និងអ្នកឆ្លងសរុបកើនឡើងជិត២ពាន់នាក់ រីឯអ្នកកំពុងសម្រាកព្យាបាលមានចំនួនជិត ១ពាន់នាក់ ចំណែកអ្នកជាសះស្បើយមានចំនួនត្រឹមតែ ១ពាន់ ៥៦នាក់ ប៉ុណ្ណោះ។

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily បន្ថែមទៀតនៅថ្ងៃនេះថា ករណីCovid-19 នៅកម្ពុជា អាចទប់ស្កាត់បាន ប្រសិនបើលោក ហ៊ុន សែន មិនយកនយោបាយ មុខមាត់ទៅលាយឡំ នឹងគ្រោះអាសន្នCovid-19 នេះ ពីព្រោះការរីករាលដាលនៅកម្ពុជា ទើបតែកើតឡើងប៉ុណ្ណោះ។

លោកថា វិធានការទប់ស្កាត់ជំងឺCovid-19  គឺរដ្ឋាភិបាលត្រូវបញ្ចេញកញ្ចប់ ថវិកាជួយពលរដ្ឋខ្វះខាតទូទាំងប្រទេស ដូចជាជួយផ្គត់ផ្គង់ថ្លៃទឹក ភ្លើង សម្រាប់មន្ត្រីរាជការ កម្មករ កម្មការិនី អ្នកធ្វើការក្រៅប្រព័ន្ធ អាជីវករតូចតាច ពលរដ្ឋអត់លទ្ធភាព លើសពីនេះ រដ្ឋត្រូវធានាការពន្យារសងបំណុលធនាគារ មីក្រូហិរញ្ញវត្ថុ រហូតបិទបញ្ចប់Covid-19  និងនៅពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជា ល្អប្រសើរឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស