27 C
Phnom Penh

ក្រុងព្រះសីហនុ ចរាចរណ៍ស្ងប់ស្ងាត់អំឡុងពេល Covid-19 ផ្ទុះឡើងខ្លាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិដ្ឋភាពនៅខេត្តព្រះសីហនុ មានសភាពស្ងាត់ជ្រងំ នៅតាមទីតាំងលក់ដូរចំណីអាហារ សណ្ឋាគារ កាស៊ីណូ អាជីវករលក់ដូរនៅតាមទីតាំងផ្សេងៗ ព្រមទាំងនៅតាមផ្លូវសាធារណៈស្ទើរតែទាំងអស់ អំឡុងពេលមានអ្នកឆ្លងជំងឺCovid-19 បានបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ។

ពលរដ្ឋរស់នៅក្នុងក្រុងទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះថ្លែងថា ពួកគាត់មានការភ័យខ្លាចឆ្លងជំងឺCovid-19 នេះដល់ក្រុមគ្រួសារ និងម្យ៉ាងទៀតការស្ងប់ស្ងាត់នេះ គឺជាការចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺCovid-19  ចូលសហគមន៍ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ។

ម្ចាស់ទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តនេះ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងកាហ្វេ ទីតាំងលក់ទំនិញ និងទីតាំងនៅលក់ដូរម្ហូបអាហារជាច្រើនទៀត នៅតាមឆ្នេរអូរឈើទាល បានបិទទ្វារដោយខ្លួនឯងស្ទើរទាំងស្រុង។

ក្រៅពីនេះ ទីតាំងដែលមន្ត្រីសុខាភិបាល រកឃើញមានជាប់ពាក់ព័ន្ធនឹងជំងឺCovid-19  ក៏ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ឲ្យផ្អាកធ្វើអាជីវកម្មជាបណ្ដោះអាសន្ន និងដាក់ទីតាំងទាំងនោះជាកន្លែងធ្វើចត្តាឡីស័កជាដើម។

បើទោះបីជា ទីតាំងអាជីវកម្មខ្លះ បានផ្អាកសកម្មភាពរបស់ខ្លួន ប៉ុន្តែក៏មានអាជីវកម្មសណ្ឋាគារ និងកាស៊ីណូមួយចំនួន ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ បន្ទាប់ពីដាក់ជាមណ្ឌលធ្វើចត្តាឡឺស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល រួចមក។

រដ្ឋបាលខេត្តព្រះសីហនុ ក៏នៅបន្តរឹតបន្តឹងការធ្វើដំណើរចេញចូលខេត្តនេះ ដោយមិនទាន់បានដកបំរាមនេះ នៅឡើយ។ វិធានការនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺCovid-19  ក្នុងសហគមន៍៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស