34 C
Phnom Penh

មន្ត្រីអតីតបក្សសង្គ្រោះជាតិថា ការគ្រប់គ្រងប្រទេសកម្ពុជា បច្ចុប្បន្នតាមបែបស្រមោលប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង រិះគន់ថា កម្ពុជា បច្ចុប្បន្នគ្រប់គ្រងប្រទេសតាមបែបស្រមោលប្រជាធិបតេយ្យ ឆ្ពិនភ្នែកមហាជន និងសហគមន៍អន្តរជាតិ ខណៈតថភាពជាក់ស្តែង ជាប្រទេសដែលគ្រប់គ្រងដោយចរន្តនយោបាយឯកបក្សប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៦ ខែមីនា នេះថា ការត្រួតត្រាប្រទេស ដោយអំណាចឯកបក្សបែបនេះហើយ ទើប កម្ពុជា ធ្វើដំណើរទៅមុខមិនរួច ទាំងចរន្តសេដ្ឋកិច្ច និងនយោបាយការទូត ជាមួយនឹងសហគមន៍អន្តរជាតិ។

លោកអះអាងថា កម្ពុជា ត្រូវតែមានគោលជំហរនយោបាយច្បាស់លាស់ ក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខជាតិ និងការទូត ដើម្បីលូតលាស់ រីកធំធាត់ និងរក្សានូវតុល្យភាពអំណាចគ្រប់គ្រងរដ្ឋនៃអំណាចទាំង៣ អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ មិនឱ្យរំលោភគ្នាជាដាច់ខាត។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់ថា នៅពេលនយោបាយផ្ទៃក្នុងរបស់កម្ពុជា មិនត្រូវគ្នា ជាតិសាសន៍ដទៃ មើលងាយជាតិខ្មែរ ទាំងការរំលោភអធិបតេយ្យភាពរបស់កម្ពុជា។ លើសពីនេះ កម្ពុជា មិនមានសុខសន្តិភាពពេញលេញ ហើយពលរដ្ឋខ្មែរ នៅតែរើសអើងនយោបាយ ដែលបង្ហាញឲ្យឃើញថា អ្នកនយោបាយ មិនទាន់មានភាពចាស់ទុំនៅឡើយ។

ការអះអាងនេះធ្វើឡើង ដើម្បីរិះគន់ទៅលើមេដឹកនាំគណបក្សនយោបាយនៅកម្ពុជា ដែលតែងប្រកាន់ជំហរ រៀងៗខ្លួនមិនទាន់អាចស្វែងរកការរួបរួមដើម្បីឯកភាពជាតិបាននៅឡើយ។

លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ឆ្នាំ១៩៨៥ មកត្រូវគេមើលឃើញថា លោកបានប្រើអំណាចហួសដែនកំណត់ រំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ បំពានព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាដើម។

ចំណែកឯ លោក សម រង្ស៊ី ដែលជាមេដឹកនាំអតីតគណបក្សប្រឆាំងនៅកម្ពុជា ត្រូវគេទទួលស្គាល់គ្រប់គ្នាថា លោកមិនដែលបៀតបៀនបុគ្គលណាម្នាក់ មិនមានគំនិតក្បត់ ឬពុករលួយលួចជាតិដ៏ក្រកម្សត់នេះម្តងណាឡើយ។

រីឯលោក កឹម សុខា ធ្លាប់អះអាងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នេះថា  សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរីមួយចំនួនទៀត នៅតែទទួលស្គាល់ គោលជំហររបស់លោក ដែលតែងប្រកាន់ភ្ជាប់នូវគោលការណ៍អហិង្សា អត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋខ្មែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស