32.9 C
Phnom Penh

សង្គមស៊ីវិលថា ការអនុវត្តច្បាប់មិនអាចប្រើស្តង់ដារ២ជាដាច់ខាតនៅក្នុងប្រទេសប្រកាន់នីតិរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសង្គមស៊ីវិល លើកទឹកចិត្តឲ្យមានការរិះគន់ដើម្បីស្ថាបនា ចំពោះ  ទង្វើមន្ត្រីរាជការសាធារណៈ ដែលអនុវត្តការងារប្រាសចាកពីតួនាទី និងក្រមសីលធម៌របស់ខ្លួន ក្នុងការបម្រើប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily ថា លោកគាំទ្រចំពោះការបញ្ចេញមិត្តរិះគន់ ប៉ុន្តែមិនគាំទ្រ ឲ្យមានការជេរប្រមាថជាដាច់ខាត ទោះក្នុងកម្រិតណាក៏ដោយ រាល់ការទិតៀនត្រូវគោរពគ្នាទៅវិញទៅមក ចៀសវាងការប្រើពាក្យអសុរោះនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិខ្មែរទាំងមូល ខណៈ វប្បធម៌ជេរប្រមាថនេះ មិនគួរឲ្យកើតមានក្នុងសង្គមកម្ពុជាឡើយ។

លោកបញ្ជាក់ថា ករណីលោក ផែង វណ្ណៈ ជាអ្នកអត្ថាធិប្បាយតាមបណ្ដាញសង្គម បើផ្អែកលើច្បាប់ដែលមានជាធរមាន គឺគាត់អាចនឹងត្រូវផ្ដន្ទាទោស ស្រដៀងគ្នានឹង អតីតអ្នកទោសម្នាក់ឈ្មោះ ចំប៉ីខ្មៅ ដែលបានជេរប្រមាថពូជសាសន៍ខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់ បាវចនារបស់ជាតិធ្ងន់ធ្ងរ ខណៈលោក ផែង វណ្ណៈ ក៏បាននិយាយប៉ះពាល់ដល់បាវចនាជាតិដូចគ្នាដែរ។

យ៉ាងនេះក្តី លោកថា មានតែរង់ចាំមើលឆន្ទានុសិទ្ធិរបស់តុលាការប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តច្បាប់មានស្តង់ដារ២ នោះឡើយ។

លោក ផែង វណ្ណៈ បានចេញលិខិតដាច់ដោយឡែកមួយទៀតកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១  សុំទោសជាសាធារណៈទៅមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋមួយចំនួននៅខេត្តសៀមរាប ចំពោះសម្ដីដែលលោក បានអត្ថាធិប្បាយជេរប្រមាថទៅលើព្រះសង្ឃ និងមន្ត្រីរាជការសាធារណៈ នៅក្នុងខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

បន្ទាប់ពីលោក ផែង វណ្ណៈ ជេរប្រមាថលើព្រះសង្ឃតាមគណនី Facebook របស់លោក គឺមានការប្រតិកម្មជាច្រើនពីគ្រប់មជ្ឈដ្ឋាន រួមទាំងគណៈសង្ឃ និងពលរដ្ឋ ហើយគណសង្ឃ និងក្រសួងធម្មការ និងសាសនា បានចេញលិខិតថ្កោល និងសុំឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់ផ្ដន្ទាទោសលើរូបលោកភ្លាមៗ។

មិនត្រឹមតែប៉ុណ្ណោះ ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ប្រាក់ ប៉ូលី បានប្តឹងលោក ផែង វណ្ណៈ ចំនួន៤បទល្មើស និងទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារថែមទៀត។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស