30.1 C
Phnom Penh

ក្រសួងព័ត៌មាន ណែនាំឲ្យអង្គភាពសារព័ត៌មានក្នុងស្រុកស្រង់ឈ្មោះ មន្ត្រីរបស់ខ្លួនបន្ទាន់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានជំរុញឲ្យអង្គភាពសារព័ត៌មាននៅកម្ពុជា ធ្វើបញ្ជីឈ្មោះថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកសារព័ត៌មានទាំងអស់ដើម្បីចាក់វ៉ាក់សាំងការពារជំងឺCovid-19។

ការជំរុញបែបនេះ ធ្វើឡើងបន្ទាប់ពីវ៉ាក់សាំងការពារជំងឺCovid-19 ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ចំនួន ១លាន ៥សែន ដូសបានមកដល់កម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៦ នេះ។

ក្រសួងព័ត៌មាន អះអាងថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់សិទ្ធិអាទិភាព ដល់អ្នកសារព័ត៌មានទាំងអស់ដែលនឹងត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដូច្នេះអង្គភាពសារព័ត៌មាននីមួយៗត្រូវបញ្ជូនឈ្មោះ ថ្នាក់ដឹកនាំ បុគ្គលិក និងអ្នកសារព័ត៌មានរបស់ខ្លួនមក អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដើម្បីក្រសួងអាចបញ្ជូនទៅក្រសួងសុខាភិបាល ឲ្យបានទាន់ពេលវេលា។

វ៉ាក់សាំងប្រឆាំងវីរុសCovid-19 ស៊ីណូវ៉ាក់ (Sinovac) របស់ចិន ប្រមាណជា ១លាន ៥សែនដូសបានមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ តាមការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជា។

គិតត្រឹមខែមីនា ឆ្នាំ២០២១ នេះ កម្ពុជា មានវ៉ាក់សាំងប្រឆាំងវីរុសCovid-19 សរុបជាង ២លាន ៤សែនដូសហើយ សម្រាប់ចាក់ជូនពលរដ្ឋ និងមន្ត្រីរាជការដោយឥតគិតថ្លៃ ក្នុងនោះលើកទី១ កម្ពុជា ទទួលបានវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន ៦០ម៉ឺនដូស ជាជំនួយចិន លើកទី២ ទទួលបាន៣២ម៉ឺន ៤ពាន់ដូស ជាជំនួយរបស់ខូវ៉ាក់តាមរយៈអង្គការ សុខភាពពិភពលោក។

អនុប្រធានប្រតិបត្តិចលនានិស្សិត ដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប គឹមសេង បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជា ជ្រើសរើសប្រើវ៉ាក់សាំងប្រឆាំងវីរុស Covid-19 របស់ចិន ដែលមិនបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ពិតជាយកអាយុជីវិតពលរដ្ឋ ទៅប្រថុយនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។

លោកអះអាងថា លោក ហ៊ុន សែន គួរតែអនុញ្ញាតឲ្យមន្ត្រីដែលកំពុងប្រឈមនៅនឹងកន្លែងងាយចម្លងវីរុស Covid-19 ដូចជាក្រុមគ្រូពេទ្យ ជាដើម បានចាក់វ៉ាក់សាំងដែលមានការបញ្ជាក់ពីអង្គការសុខភាពពិភពលោក ដើម្បីបញ្ចៀសហានិភ័យដល់សុខភាពរបស់ពួកគាត់ទៅថ្ងៃក្រោយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស