រដ្ឋបាលខេត្តព្រះសីហនុ បានកំណត់យកឈាបនដ្ឋានមួយកន្លែង មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺCovid-19។
អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោក ហ៊ុន សែន និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល រួចមក រដ្ឋបាលខេត្ត បានសម្រេចជ្រើសទីតាំងសម្រាប់ត្រៀមបម្រុង ជាកន្លែងបូជាសព អ្នកស្លាប់ដោយសារជំងឺCovid-19 ក្នុងករណីមានគ្រោះអកុសលកើតឡើងជាយថាហេតុ។
លោក គួច ចំរើន បន្តថា ការកំណត់យកឈាបនដ្ឋាន វត្តមជ្ឈមណ្ឌលវិបស្សនាធុរ: គិរីនាគវ័ន ដោយសង្កេតឃើញថា វត្តនេះ មានទីតាំងនៅដាច់ឆ្ងាយពីលំនៅដ្ឋាន របស់ពលរដ្ឋរស់នៅ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀស នូវរាល់បញ្ហាប៉ះពាល់ផ្សេងៗ។
ទាកទិននឹងជំងឺ Covid-19 ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងជំងឺ Covid-19ថ្មី ចំនួន ៩៦នាក់ទៀត និងមានអ្នកជាសះស្បើយចំនួន ១៨នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺCovid-19 សរុបចំនួន ១៩៦៨នាក់។ ក្នុងនោះ អ្នកជាសះស្បើយចំនួន ១ពាន់ ៧៤នាក់ ហើយអ្នកកំពុងពហ្យព្យាបាល ចំនួន៨៨៨នាក់ និងមានអ្នកស្លាប់ ចំនួន០៨នាក់៕