ជំងឺកូវីដ ១៩

រដ្ឋាភិបាលអំពាវនាវដល់ម្ចាស់ផ្ទះនិងបន្ទប់ជួលឱ្យពិនិត្យបញ្ចុះតម្លៃឬលើកលែងយកថ្លៃជួល

By ឌឹ ខេមបូឌា ដេលី

March 27, 2021

អភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល នៅរាជធានីភ្នំពេញ ពិនិត្យអំពីលទ្ធភាពបញ្ចុះតម្លៃ ឬមិនយកថ្លៃជួល អំឡុងកម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យដឹងថា ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ ពលរដ្ឋ ដោយមិនអាចរកប្រាក់ចំណូលបាន ដើម្បីបង់ថ្លៃផ្ទះជួលឬបន្ទប់ជួលជាដើម។

ករណីនេះ លោក ឃួង ស្រេងថា ប្រសិនបើអ្នកជួលផ្ទះឬបន្ទប់ មានការយឺតយ៉ាវ ក្នុងការបង់ថ្លៃផ្ទះជួល  ផ្ទះសំណាក់ ឬបន្ទប់ជួល នោះ ម្ចាស់ផ្ទះ គួលើកលែង ការពិន័យប្រាក់បន្ថែម និងដកយកប្រាក់កក់ ចំពោះការយឺតយ៉ាវ  ហើយត្រូវអនុញ្ញាតឱ្យស្នាក់នៅបន្ត ដោយមិនត្រូវបណ្ដេញពួកគេចេញឡើយ។ លោក ឃួង ស្រេង អំពាវនាវ ដល់ម្ចាស់ផ្ទះ និងបន្ទប់ជួល នៅរាជធានីភ្នំពេញ ឱ្យពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬ មិនយកថ្លៃជួល រហូតដល់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងដល់ព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ បានធូរស្រាលវិញ។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ចាត់ទុកការអំពាវនាវនេះថា  មិនមានប្រសិទ្ធភាពឡើយ។ លោកបន្តថា ម្ចាស់ផ្ទះជួល ឬបន្ទប់ជួល បញ្ចុះតម្លៃ និងមិនយកថ្លៃជួល លុះត្រាតែរដ្ឋាភិបាលចេញគោលការណ៍ច្បាប់ ដោយចាប់បង្ខំ ទើបមានប្រសិទ្ធភាព។

ក្រៅពីចេញគោលការណ៍ច្បាប់ហើយ  លោក វន់ ពៅ  អះអាងថា រដ្ឋាភិបាលត្រូវជួយអន្តរាគមន៍ឱ្យមានការបញ្ចុះថ្លៃទឹក ថ្លៃភ្លើង ប្រេងឥន្ធនៈ តម្លៃទំនិញនៅលើទីផ្សារ ពន្យារពេលការបង់ប្រាក់បំណុលធនាគារ និងឧបត្ថម្ភជាស្បៀងអាហារ ជាដើម។

កាលពីថ្ងៃទី ២៤ ខែមីនា អាជ្ញាធរកម្ពុជា បានឃាត់ខ្លួនយុវជន៦នាក់  ហើយបានដោះលែងវិញ ក្រោយពីពួកគេ សន្យាឈប់ធ្វើយុទ្ធនាការ ដោយស្នើសុំឱ្យរដ្ឋាភិបាល ជួយអន្តរាគមន៍លើកលែងបង់ថ្លៃទឹកភ្លើង បញ្ចុះតម្លៃប្រេងសាំង និងផ្អាកការបង់ធនាគារ រយៈពេល ៣ ខែ អំឡុងពេលកម្ពុជាផ្ទុះជំងឺកូវីដ-១៩៕