28.4 C
Phnom Penh

វៀតណាមគាំទ្រអោយមានកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានខណៈបាតុករស្លាប់កើនឡើង ៣២០នាក់ និងចាប់ខ្លួន៣ពាន់នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រីLê Thị Thu Hằng អះអាងថា វៀតណាម បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីបញ្ចេញសមត្ថភាព របស់ខ្លួន ដោយសហការជាមួយប្រទេសអាស៊ានដទៃទៀត រិះរកមធ្យោបាយទាំងឡាយ សមរម្យមួយដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសភូមា។

តាមសារព័ត៌មាន Vietnam News អ្នកនាំពាក្យ វៀតណាមរូបនេះ បានបញ្ជាក់ ដូចនេះដោយអាន សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមនៅក្នុងសន្និសីទ សារព័ត៌មាន នៅទីក្រុងហាណូយកាលពីថ្ងៃទី២៥មីនា។

ក្នុងសន្និសីទនេះ អ្នកស្រីនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះបានអះអាងថា ជំហររបស់ប្រទេសវៀតណាម គឺច្បាស់ណាស់ចង់ជួយដោះស្រាយដោយសហការ ជាមួយសមាជិកនៃសមាគមអាស៊ានក្នុងគោលបំណងជួយបញ្ចប់ស្ថានការណ៍ ចលាចលនយោបាយក្នុងប្រទេសវៀតណាម។

អ្នកស្រីបានប្រាប់ថា វៀតណាម គាំទ្រឱ្យមានកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ាន តាមសំណើររបស់ប្រទេសឥណ្ឌូនេស៊ី អំពីប្រទេសភូមា។

តាមអ្នកនាំពាក្យរូបនេះ វៀតណាមចាត់ទុកប្រទេសភូមាកំពុងនាំឱ្យមានអស្ថិរភាពក្នុងតំបន់ គឺមិនត្រឹមតែប្រទេសភូមាខ្លួនឯងនោះទេ។ អ្នកស្រីបញ្ចាក់ទៀតថា វៀតណាមសូមស្វាគមន៍គំនិតផ្ដួចផ្ដើមរបស់សហគមន៍អន្ដរជាតិ ដែលចង់ឃើញសមាគមអាស៊ានចូលពាក់ព័ន្ធស៊ីជម្រៅករណីប្រទេសភូមា ហើយថាសំណើរបស់សមាជិកអាស៊ានណា ជាចំនុចវិជ្ជមានគួរតែត្រូវសមាជិកអាស៊ានយកមកថ្លឹងថ្លែងហើយផ្ដល់ដំណោះស្រាយត្រឡ់បទៅវិញ។

ប្រភពដដែលឲ្យដឹងទៀតថា នៅខែមេសា ខាងមុខនេះជាសមាជិកមួយនៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិមានឋានៈជាប្រធានប្រចាំខែ ហើយវៀតណាមនឹងប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីកោះប្រជុំ យ៉ាងហោចណាស់ឱ្យបានពីរដងក្នុងមួយខែដោយផ្ដោតលើប្រទេសភូមាតែប៉ុណ្ណោះ។

អគ្គលេខាធិការនៃអង្គការអន្ដរជាតិសម្រាប់អាស៊ានគឺលោក Đỗ Hùng Việt,បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសមាគមអាស៊ានប្រៀបដូចនឹងស្ពានតភ្ជាប់ជាមួយគ្នាហើយមានគោលដៅជួយឱ្យតំបន់អាស៊ានមានស្ថេរភាព។

ក្នុងន័យនេះលោក Đỗ Hùng Việt បញ្ជាក់ថា បញ្ហាប្រទេសភូមាគឺជារបៀបវារៈរួចទៅហើយនៃកិច្ចប្រជុំសន្ដិសខុអង្គាករសហប្រជាជាតិ។សម្រាប់ វៀតណាមគឺជាអ្នកដើរតួសម្របសម្រួលកិច្ចប្រជុំហើយពិតណាស់ត្រូវតែនិយាយអំពីបញ្ហាប្រទេសភូមា។

នៅក្នុងសមាគមអាស៊ានត្រូវបានកត់សម្គាល់ឃើញថា ប្រទេសដែលលេចធ្លោជាងគេក្នុងការរុញឱ្យមានដំណោះស្រាយចំពោះវិបត្តិប្រទេសភូមាគឺមានឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ព្រុយណេ ហ្វីលីពីននិងវៀតណាម។ប្រទេសទាំងអស់នេះសុទ្ធតែបានសម្ដែងការព្រួយបារម្ភជាខ្លាំងអំពីអំពើចលាចលដ៏ហិង្សានៅក្នុងប្រទេសភូមា។

ដោយឡែកប្រទេសមួយចំនួនទៀតដែលប្រកាន់ជំហរថា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ ដោយឈរលើគោលការណ៍មិនជ្រៀតជ្រែកនោះ ក៏ចុងក្រោយឃើញថាប្រទេសទាំងនោះក៏ចេញសេចក្ដីថ្លែងការណ៍ផងដែរ និយាយអំពីបញ្ហាប្រទេសភូមា។

ប្រទេសដែលចេញសេចក្ដីថ្លែងការណ៍ចុងក្រោយគេ គឺមានប្រទេសថៃ-កម្ពុជា និង ឡាវ។ ប៉ុន្ដែសេចក្ដីថ្លែងការណ៍បស់ប្រទេសទាំងបីនេះហាក់ដូចជាលើកឡើងចំចំនុចមួយ គឺចង់ឱ្យមានដំណោះស្រាយដោយ          គូភាគីក្នុងប្រទេសភូមា។

បើនិយាយពីសហគមន៍អន្ដរជាតិដែលមានឥទិ្ធពលខ្លាំងទៅលើពួកយោធា គេអាចរាប់បានប្រទេសចិននិងឥណ្ឌា។

ឥណ្ឌាត្បិតមានទំហំវិនិយោគទុនក្នុងប្រទេសភូមាតូចជាងគេបន្ដិចក្ដី ប៉ុន្ដែប្រទេសនេះច្បាស់ជាមានឥទ្ធិពលផងដែរទៅលើពួកយោធាភូមា ព្រោះឥណ្ឌាមានព្រំដែនជាប់នឹងប្រទេសភូមា។ នាយករដ្ឋមន្រ្ដីឥណ្ឌាណារិន្រ្ដាមូឌីបានប្រកាសហើយថា ឥណ្ឌាត្រូវការសហការជាមួយនឹងសហគមន៍អន្ដរជាតិក្នុងការរុញឱ្យមានដំណោះស្រាយនៅប្រទេសភូមាហើយថា របបយោធាមិនអាចតំណាងឱ្យភាពស្របច្បាប់លើឆាកអន្ដរជាតិបានទេ។

ដោយឡែកប្រទេសចិនវិញ គឺមានទំនាក់ទំនងជិតស្និទ្ធនឹងពួកយោធាតាំងពី៥០ឆ្នាំមុនមកនោះ។ ចិនដាក់វិនិយោគទុននៅលើប្រទេស ភូមាមានទំហំធំ លេខពីរបន្ទាប់ពីប្រទេសសិង្ហបុរី ប៉ុន្ដែចិនត្រូវបានគេមើលឃើញថា ជាប្រទេសមួយចូលចិត្តបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងមេដឹកនាំដែលប្រកាន់របបកុម្មុយនីស្ដនិងផ្ដាច់ការ។

តែចុងក្រោយនេះចិនបានបង្ហាញជំហរងាកទៅរកសហគមន៍អន្ដរជាតិដោយសម្រេចចូលរួមជាមួយនឹងសមាជិក អង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ គឺប្រឆាំងអំពើហិង្សារបស់ពួកយោធាភូមា។ តែជំហររបស់ចិនបែបនេះបន្ទាប់ពីរោងចក្រចិនជាង៣០ នៅក្នុងប្រទេសភូមាត្រូវបានបាតុករដុតបំផ្លាញ។

ទាក់ទិនស្ថានភាពនេះ រដ្ឋាភិបាលចិនបានថ្កោលទោសជាខ្លាំងចំពោះអំពើរបស់ពួកកុបករភូមាហើយបានទាមទារឱ្យដាក់ទោសដ៏ធ្ងន់ធ្ងរជនដែលប្រព្រឹត្ត។ មួយវិញទៀតចិនទំនងប្រហែលជាបារម្ភច្រើនទៀតនោះខ្លាចបំពង់ប្រេងរបស់ខ្លួនដែលហូរកាត់ប្រទេសភូមាអាចត្រូវបានបំផ្លាញដោយពួកកុបករ។

ទាំងនេះក៏ត្រូវាបានអ្នកសង្កេតការណ៍មើលឃើញថា ចិនគិតផ្លូវពីរក្នុងពេលតែមួយគឺមិនចង់ឃើញហិង្សាកើតឡើងនៅប្រទេសភូមាទៀតនោះទេ ប៉ុន្ដែចិនក៏ខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួន បាត់បង់ឥទ្ធិពលរបស់ខ្លួនដោយគិតថារដ្ឋាភិបាលថ្មីទៀតក្រោយទៀតនោះ អាចនឹងមានអំណាចខ្លាំងជាងមុនដោយមិនស្ថិតនៅក្រោម អំណាចរបស់ពួកយោធាទៀតឡើយ។ យ៉ាងណាក៏ដោយសិង្ហបុរីជាប្រទេសដាក់វិនិយោគធំទីមួយនៅភូមា។ ប្រទេសនេះបានទាត់ចោលរួចទៅហើយរបបរដ្ឋប្រហាររបស់ពួកយោធាបច្ចុប្បន្ននេះ។

ការប្រកាសជំហររបស់ប្រទេសវៀតណាម បន្ទាប់ពីសមាជិកនៃក្រុមប្រឹក្សាសិទិ្ធមនុស្ស ៤៧ប្រទេស រួមទាំងចិន ផងដែរ កាលពីថ្ងៃទី២៤មីនា បានចេញដំណោះស្រាយមួយទៀត ទៅលើពួកយោធាភូមា ដោយស្នើសុំអោយសហគមណ៍អន្តរជាតិទាំងអស់ ដែលចង់ជួយស្ដារស្ថានការណ៍ប្រទេសភូមាឡើងវិញ សុំអោយជួយរិះរក ដំណោះស្រាយដើម្បីអោយមានរបបប្រជាធិបតេយ្យនៅភូមាឡើងវិញ។

ប្រទេសភូមា ដែលជាសមាជិកមួយនៃសមាគមអាស៊ាន បានធ្លាក់ក្នុងចលាចលនយោបាយ ជិត៨សប្ដាហ៍មកហើយ ។ ព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃទី១កុម្ភៈ គឺជាការបិទបញ្ចប់ របបប្រជាធិបតេយ្យ ដែលមានអាយុទើបបាន៥ឆ្នាំ។

ពិភលោកបានហៅ របប នៅភូមាបច្ចុប្បន្ននេះថាជារបបរដ្ឋប្រហារឬរបបសឹកដែល ប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនជាង៨៣ភាគរយ បានចេញទៅបោះឆ្នោតគាំទ្រ អោយគណបក្សប្រជាធិបតេយ្យមួយបន្តដឹកនាំ ប្រទេសប្រាំឆ្នាំទៅមុខទៀត។

ដោយឈឺចាប់ជាខ្លាំង ចំពោះពួកយោធា ដែលបានធ្វើរដ្ឋប្រហារជាថ្មីម្ដងទៀតនេះ ប្រជាជនភូមា គ្រប់និន្នាការ រាប់ម៉ឺននាក់បានចេញពីផ្ទះ ជារៀងរាល់ថ្ងៃ ដើរតាមផ្លូវបង្ហាញ ការប្រឆាំងយ៉ាងខ្លាំងនឹងពួកយោធា។ បាតុករបានទាមទារអោយពួកយោធា ប្រគល់ លទ្ធផលបោះឆ្នោតមកអោយ គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យវិញ ហើយដោះលែង មន្ត្រីបក្សនេះ ដែលបានចាប់ខ្លួន ក្នុងនោះ មានទាំង ជើងឯកប្រជាធិបតេយ្យភូមាគឺអ្នកស្រីអ៊ុងសានសូជី។

ប៉ុន្តែការតវ៉ានិងការទាមទាររបស់ ប្រជាជនភូមាមិន ត្រឹមតែមិនបានលទ្ធផលនោះទេ គឺថែមទាំងពួកយោធា បាញ់ សម្លាប់ ទៀតផង ។ តាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយភូមា មនុស្សស្លាប់កើនឡើង ៣២០នាក់ និង ចាប់ខ្លួន៣០០០នាក់ គិតត្រឹមថ្ងៃទី២៦មីនានេះ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស