24.6 C
Phnom Penh

ខេមបូចាជំរុញទៅរដ្ឋាភិបាលឱ្យធានាសុវត្ថិភាពនិងសន្តិសុខអ្នកសារព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានជំរុញទៅរដ្ឋាភិបាលឱ្យធានាសុវត្ថិភាព និងការពារសន្តិសុខរបស់អ្នកសារព័ត៌មានទាំងអស់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់សិទ្ធិរបស់ពួកគេក្នុងការរាយការណ៍ព័ត៌មានដោយសេរី និងគ្មានការភ័យខ្លាច។

ការជំរុញនេះ ក្រោយពេលខេមបូចា រកឃើញថាអ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួននៅតែរងអំពើហិង្សា ការចោទក្រកាន់អំពីបទល្មើសព្រហ្មទណ្ឌផ្សេងៗ  និងការចាប់ឃុំខ្លួនតាមផ្លូវតុលាការជាដើម។

ក្នុងរបាយការណ៍របស់ខ្លួនកម្រាស់ជិត៣០ទំព័រដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា អំពីស្ថានភាពសារព័ត៌មាននៅកម្ពុជាកាលពីឆ្នាំ២០២០ ខេមបូចា បានរកឃើញថា កាលពីឆ្នាំ២០២០ មានការយាយីប្រឆាំងអ្នកសារព័ត៌មានចំនួន៣៥ករណី ឬស្មើនឹង៧២នាក់ ។

ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ៥៣នាក់ ក្នុងចំណោម៧២នាក់ត្រូវបានចាប់ឃុំខ្លួន និងរងអំពើហិង្សា។ លើសពីនេះ ពួកគេ ក៏រងការចោទប្រកាន់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌផងដែរ។

ខេមបូចាបន្តថា ការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលកើតឡើងច្រើនជាងគេ គឺការចាប់ខ្លួនដាក់ពន្ធនាគារ និងការប្រើអំពើហិង្សា។ ប្រភពដដែលបន្តថា អ្នកសារព័ត៌មានចំនួន៣១នាក់ ត្រូវបានចាប់ឃុំខ្លួន និង២២នាក់ទៀតត្រូវបានទទួលរងការវាយដំលើរូបរាងកាយ ឬរងការគំរាមប្រើអំពើហិង្សានៅពេលកំពុងបំពេញបេសកកម្មរបស់ខ្លួន។

របាយការណ៍ដដែលបន្ថែមថា បទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទល្មើសជំរិតទារប្រាក់ ត្រូវបានប្រើប្រាស់ភាគច្រើនក្នុងការប្រឆាំងនឹងអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

បញ្ហានេះខេមបូចា អះអាងថា ការចាប់ខ្លួន ការឃុំខ្លួន និងការគំរាមកំហែងជាបន្តបន្ទាប់មកលើអ្នកសារព័ត៌មាន គឺធ្វើឱ្យប៉ះពាល់ដល់តួនាទី របស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសង្គមប្រជាធិបតេយ្យ និងធ្វើឱ្យមានការភ័យខ្លាចចំពោះអ្នកដែលចុះផ្សាយរឿងរ៉ាវ ឬករណីពាក់ព័ន្ធនឹងមន្រ្តីអ្នកមានអំណាច។

យ៉ាងណាក្នុងលិខិតរបស់ប្រមុខដឹកនាំលោកហ៊ុន សែន កាលពីពេលថ្មីៗនេះ លោកបានព្រមានចាត់វិធានការច្បាប់ចំពោះអ្នកសារព័ត៌មានទាំងឡាយណាដែលពានវិជ្ជាជីវៈ និងធ្វើខុសច្បាប់ដោយគ្មានការលើកលែង។

អំឡុងវិបត្តិកូវីដ១៩ផ្ទុះឡើង អាជ្ញាធរកម្ពុជា បានសម្រេចលុបចោលនូវអាជ្ញាបណ្ណ គេហទំព័រសារព័ត៌មាន ជាច្រើនរួមមានគេហទំព័រ TVFB របស់លោក សុវណ្ណ រិទ្ធី ដែលក្រសួងលុបចោលកាលពីឆ្នាំ២០២០ ខណៈលោក រិទ្ធីត្រូវចាប់ឃុំខ្លួនជាច្រើនខែ។ ការសម្រេចលុបចោលនោះ ដោយក្រសួងព័ត៌មានបញ្ជាក់ថាបានបំពេញវិជ្ជាជីវៈខុសធ្ងន់ធ្ងរ និងបំពានកិច្ចសន្យាដែលតម្កល់នៅក្រសួង។

វិធានការច្បាប់ និងរដ្ឋបាលនេះ ធ្វើឡើងក្រោយពេលលោក សុវណ្ណ រិទ្ធី បានស្រង់សម្តីរបស់ ហ៊ុន សែន ដោយស្នើទៅពលរដ្ឋអ្នករត់ម៉ូតូឌុបឱ្យលក់ម៉ូតូចាយសិន ក្នុងករណីខ្វះខាតខ្លាំង អំឡុងពេលវិបត្តិកូវីដ១៩ ព្រោះរដ្ឋាភិបាលមិនមានលទ្ធភាពជួយពួកគេឡើយ។

បន្ថែមពីនេះ គេហទំព័ររបស់ទីប្រឹក្សាក្រសួងព័ត៌មានមួយរូប គឺ លោក ព្រំ សាន ក៏ត្រូវបានក្រសួងលុបចោលអាជ្ញាបណ្ណនៅក្នុងឆ្នាំ២០២១នេះ ពាក់ព័ន្ធការផ្សាយព័ត៌មានមិនពិត។ ចំណែកកាលពីថ្ងៃទី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រ របស់លោក ផែង វណ្ណៈ បន្ទាប់ពីម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា និងជាការបំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈនិងកិច្ចសន្យាតម្កល់ទុកនៅក្រសួង។

ដោយឡែក កាលពីថ្ងៃទី២៦ខែមីនា ក្រសួងព័ត៌មានបានលុបចោល អាជ្ញាបណ្ណកាសែតគេហទំព័រសារព័ត៌មានចំនួនពីរទៀត រួមមានគេហទំព័រ«យុវជនតេជោ» និងគេហទំព័រឈ្មោះ ស្ទឹងច្រាលប៉ុស្តិ៍។

ការលុបចោលនេះ ដោយក្រសួងបញ្ជាក់ថា  ពួកគេបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បំពុលសង្គម បង្កឱ្យមានភាពច្របូកច្របល់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ នៃច្បាប់ស្តីពីរបបសារព័ត៌មាន និង កិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនដាក់តម្កល់នៅក្រសួងព័ត៌មានផងដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស