28 C
Phnom Penh

រដ្ឋបាលខេត្តព្រះសីហនុ បន្តបិទទីតាំង៦កន្លែងទៀត និងស្នើឲ្យបុគ្គលកម្មករត្រៀមចាក់វ៉ាក់សាំងការពារជំងឺCovid-19

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរព្រះសីហនុ បានបន្តបិទទីតាំងចំនួន ០៦កន្លែងទៀត ក្នុងក្រុងព្រះសីហនុ ហើយផ្អាកបើកធ្វើអាជីវកម្ម បន្ទាប់ពីមន្ត្រីសុខាភិបាល បានរកឃើញទីតាំងទាំងនោះ មានជាប់ពាក់ព័ន្ធ ជាមួយអ្នកមានវិជ្ជមានជំងឺCovid-19។

រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងនៅថ្ងៃទី២៨ ខែមីនា ថា ទីតាំងដែលបានផ្អាកធ្វើអាជីវកម្មទាំង ០៦កន្លែងនេះ ត្រូវបានមន្ត្រីក្រសួងសុខាភិបាល ដាក់ជាកន្លែងធ្វើចត្តាឡឺស័ករួមមាន គ្លីនិកសុខសាន មន្ទីរពិសោធន៍វេជ្ជសាស្ត្រ រីដាផ្សារលើ មន្ទីរពិសោធន៍មេឌីកាល់ ផ្ទះមានបន្ទប់ជួល ច្រកចូលស្ថានីយប្រេង លឹមឡុង ផ្ទះមានបន្ទប់ជួល ខាងក្រោយក្រុមហ៊ុនវីរៈប៊ុនថាំ និងផ្ទះមានបន្ទប់ជួល នៅជាប់ក្រុមហ៊ុនវីរៈប៊ុនថាំ។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅយកវត្ថុសំណាកពីអ្នករស់នៅក្នុងទីតាំងទាំងនោះ ដើម្បីធ្វើតេស្តរកមេរោគCovid-19។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២៩ ខែមីនា ថា ម្ចាស់សហគ្រាស អាជីវកម្មទាំងអស់ ស្រង់បញ្ជីឈ្មោះបុគ្គលិក កម្មករ និយោជិត នៃក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺCovid-19 ដើម្បីត្រៀមសហការរៀបចំយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 ជូនបុគ្គលិក កម្មករ និយោជិត នៅក្នុងខេត្តនេះ ដោយឥតគិតថ្លៃ ក្នុងពេលឆាប់ៗនេះ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏អំពាវនាវចំនួន០៣ចំណុច ដល់ម្ចាស់ផ្ទះជួល បន្ទប់ជួល ផ្សារឯកជន ម្ចាស់តូប ស្តង់លក់ដូរ ម្ចាស់ធនាគារ ម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ នៅខេត្តព្រះសីហនុ គឺ៖

១- ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឈ្នួលបន្ទប់ និងឈ្នួលតូប និងលើកលែងបង់ការប្រាក់ ឬកាត់បន្ថយការប្រាក់ ឬពន្យារពេលបង់ការប្រាក់ ឬពន្យារការបង្វិលសងថ្លៃដើម ក្នុងដំណាក់កាលនៃការផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នេះ រហូតដល់ស្ថានភាព នៃការរីករាលដាល នៃជំងឺCovid-19  មានសភាពធូរស្រាលឡើងវិញ។

២- យោគយល់អធ្យាស្រ័យ ចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ឬឈ្នួលតូប ស្តង់លក់ដូរពីអ្នកស្នាក់នៅ ពីអ្នកលក់ដូរ ពីអ្នកខ្ចីប្រាក់ ដោយមិនគួររឹបអូស ឬពិន័យឱ្យបង់ប្រាក់បន្ថែមឡើយ។

៣-ត្រូវអនុវត្តន៍ឲ្យមានម៉ឺងម៉ាត់នូវវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស