28.4 C
Phnom Penh

CYN អះអាងថា ការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការខេត្តព្រះវិហារកើតឡើងយ៉ាងអាណាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមបណ្តាញយុវជនកម្ពុជា CYN  រកឃើញថា អំឡុងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការរារាំងប្រជាសហគមន៍មិនឱ្យចុះល្បាត ព្រៃបានធ្វើឱ្យការបំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរការកើតឡើងយ៉ាងណាធិបតេយ្យ។ 

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារគម្រោង អ្នកការពារព្រៃឈើរបស់បណ្តាញយុវជនកម្ពុជា បានរកឃើញបទល្មើសចំនួន ១០០ ករណី ក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្ថិតនៅស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ចន្លោះពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ សមាគម បណ្តាញយុវជនកម្ពុជា CYN   ឱ្យដឹងថា បើទោះបីជាកម្ពុជាកំពុងឆ្លងរាតត្បាតជំងឺកូវីដ-១៩ការបំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការខេត្តព្រះវិហារ បានកើតឡើងឥតឈប់ឈរ និងកាន់តែច្រើនជាងមុនថែមទៀត។

សមាគមបណ្តាញយុវជនដដែលថា បទល្មើសចំនួន ១០០ ករណី ដែលរកឃើញនោះ  មានការលួចដុត កាប់ឆ្ការ និងការកាប់បំផ្លាញដើមឈើ ដែលភាគច្រើនជាប្រភេទដើមឈើកម្រនិងមានតម្លៃពុំអាចកាត់ថ្លៃបាន។

ឈើទាំងនោះ មានទំហំមុខកាត់ចាប់ពី ៤៥សង់ទីម៉ែត្រ រហូតដល់ជាង១ម៉ែត្រកន្លះ(១.៣៥ម៉ែត្រ) នៅក្នុងតំបន់ ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្តាលស្រោង។

សមាគមបណ្តាញយុវជនកម្ពុជាបញ្ជាក់ថា  ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញ មានឈើទាល ស្ទៀង ផ្តៀក ពពេល ផ្ចឹក គគី និងសុក្រំជាដើម។ ក្រៅពីនេះ ក៏មាន ការដុតនិងឆ្ការព្រៃ ផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។

សេចក្ដីប្រកាសសមាគមបណ្តាញយុវជនកម្ពុជាដដែល បង្ហាញការព្រួយបារម្ភ ចំពោះការបាត់បង់ព្រៃឈើនេះ ដោយវានឹងឈានទៅដល់ផុតពូជប្រភេទឈើកម្រ និងមានតម្លៃ ដោយសារ ការកាប់ឆ្ការព្រៃ ដោយខុសច្បាប់ទាំងនោះ។ ការបាត់បង់ធនធានធម្មជាតិនេះ នឹងបង្កផលប៉ះពាល់ដល់ជម្រកសត្វព្រៃ បាត់បង់ប្រភេទដើមឈើផ្តល់ជ័រច្បោះ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហគមន៍យ៉ាងធ្ងន់ធ្ងរទៀត              ផង។

ករណីនេះ សមាគមបណ្តាញយុវជនកម្ពុជា ស្នើក្រសួងបរិស្ថានពិចារណាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព និងបើកចំហដល់ប្រជាសហគមន៍មូលដ្ឋាន សកម្មជនអ្នកស្រឡាញ់ព្រៃឈើ អង្គការសង្គមស៊ីវិល បានចូលរួមល្បាត ឬការពារ និងថែរក្សាព្រៃឈើនៅតំបន់អភិរក្សមួយនេះឱ្យបានទូលំទូលាយ ជាជាងការបន្តរារាំងពួកគេបន្ថែមទៀត។

កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងបរិស្ថាន និងអាជ្ញាធរ បានបដិសេធសំណើសុំចុះ ល្បាតការពារព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការសមាគមបណ្តាញយុវជនកម្ពុជា ក្រោមហេតុផលមិនបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន។

ក្រោយពីមានការបដិសេធសមាគមបណ្តាញយុវជនកម្ពុជាបាននាំគ្នា យុទ្ធនាកាមួយ ដោយក្រុមអ្នកចូលរួមនិងស្រឡាញ់ព្រៃឈើនាំគ្នាប្តូរប្រូហ្វាល់ហ្វេសប៊ុក និងកាន់បដា ក្រោមពាក្យស្លោកថា «សូមឃាត់អ្នកកាប់ កុំចាប់អ្នកការពារព្រៃឈើ»។ ការធ្វើយុទ្ធនាការនេះ ដើម្បីទាមទារឱ្យក្រសួងបរិស្ថានអនុញ្ញាតឱ្យពួកគេចុះល្បាតព្រៃឡើងវិញ។

ព្រៃព្រះរការ មានទំហំជិត១០ម៉ឺនហិកតា លាតសន្ធឹងជាប់ស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រួមមាន ស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប។

តំបន់ព្រៃអភិរក្សមួយនេះ ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ជាដែនជម្រកសត្វព្រៃព្រះរការ កាលពីឆ្នាំ២០១៦ ប៉ុន្តែព្រៃអភិរក្សមួយនេះក៏នៅរងការកាប់បំផ្លាញឥតឈប់ឈរចាប់តាំងពីរដ្ឋាភិបាលដាក់ជាតំបន់ព្រៃការពាររហូតមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស