ទូរទស្សន៍ជាតិកម្ពុជា ទទក កាលពីថ្ងៃទី២៨ ខែមីនា ម្សិលម៉ិញនេះ បានសរសេរលើទំព័រ Facebook របស់ ខ្លួនដោយដកស្រង់សម្តី នាយកប្រតិបត្តិឱសថ ជនជាតិចិន របស់ក្រុមហ៊ុន ស៊ីណូហ្វាម ចុះផ្សាយថា ក្រុមហ៊ុននឹងចាំបាច់ត្រូវវាយតម្លៃលទ្ធផលពីការសាកល្បងដំណាក់កាលទី៣ នៅក្រៅប្រទេសជាមុនសិនដើម្បីសម្រេចថាតើ គួរតែត្រូវចាក់វ៉ាក់សាំងបង្ការរោគបន្ថែមលើវ៉ាក់បង្ការជម្ងឺកូវីដ១៩ ដែលត្រូវចាក់ពីរដូសរបស់ខ្លួនឬយ៉ាងណា។
ប៉ុន្តែការចុះផ្សាយអំពីវ៉ាក់សាំងលើទំព័រ Facebook របស់ទូរទស្សន៍ជាតិកម្ពុជា នេះ ត្រូវបានលុបវិញជាភ្លាមៗក្រោយពីបង្ហោះព័ត៌មាននេះបាន ២ម៉ោងប៉ុណ្ណោះ។
ប៉ុន្តែសារព័ត៌មានអន្តរជាតិ រ៉យទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចុះផ្សាយថា និយតករ និងអ្នកបង្កើតវ៉ាក់សាំងស៊ីណូហ្វាម កំពុងពិនិត្យមើលថា តើកម្រិតនៃការចាក់វ៉ាក់សាំងបន្ថែមអាចអនុវត្តបានដែរទេ ខណៈមានការព្រួយបារម្ភពីការលេចចេញ នូវវីរុសបំប្លែងខ្លួនប្រភេទថ្មីអាចនឹងធ្វើឲ្យចុះខ្សោយប្រសិទ្ធភាព វ៉ាក់សាំងដែលត្រូវបានផលិតឡើងប្រឆាំងនឹងវីរុស Covid-19 ប្រភេទចាស់។
ទោះជាយ៉ាងណាក៏ដោយពលរដ្ឋខ្មែរភាគច្រើន នៅមិនទាន់បានដឹងព័ត៌មានលំអិតអំពីគុណភាពនៃវ៉ាក់សាំងស៊ីណូហ្វាម របស់ចិននៅឡើយទេ ស្របពេលដែលមានសេចក្តីរាយការណ៍មកថា វ៉ាក់សាំងស៊ីណូហ្វាម ស្ថិតក្នុងតំណាក់កាលនៃការធ្វើតេសសាកល្បងអំពីគុណភាពនៃវ៉ាក់សាំងមួយនេះ ទៅលើការបង្ការជម្ងឺកូវីដ១៩ បំប្លែងថ្មី ដែលបានសាកល្បងចាក់ទៅលើក្រុមមនុស្សក្រៅប្រទេសចិននោះ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការប្រើពាក្យ ធ្វើតេស្ដជាលើកទី៣ មានន័យថា វ៉ាក់សាំងចិន នៅមានគុណភាពទាបពេក ទើបត្រូវធ្វើតេស្ដច្រើនដង ខណៈអង្គការសុខភាពពិភពលោក WHO ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំងប្រភេទនេះនៅឡើយដែរ។
លោកបញ្ជាក់ថា ការបង្ហោះសាររបស់ទូរទស្សន៍ជាតិកម្ពុជា គឺជាការបង្អាប់ជ្រុលចំពោះវ៉ាក់សាំងចិន ក្នុងន័យថា មិនដឹងពេលណា វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ ត្រូវអង្គការសុខភាពពិភពលោក WHO ទទួលស្គាល់គុណភាពនោះទេ ស្របពេលដែលវ៉ាក់សាំងអាមេរិក និងអង់គ្លេស ត្រូវមនុស្សមួយពិភពលោកត្រូវការ និងសាទរយ៉ាងខ្លាំង រហូតមិនអាចផលិតឲ្យទាន់តម្រូវការផងនោះ។
អ្នកវិភាគនយោបាយសង្គម រូបនេះអះអាងថា វ៉ាក់សាំងរបស់ចិន ដែលបញ្ជូនទៅចាក់ឲ្យពលរដ្ឋនៃប្រទេសនានាលើពិភពលោក ដូចជាកម្ពុជា ជាដើម គឺជាការសាកល្បងប្រសិទ្ធិភាពវ៉ាក់សាំងចិនទាំងអស់។
លោកថា ការចាក់ដូសទី១ និងការចាក់ដូសទី២នេះ គឺជាការសាកល្បងដើម្បីរង់ចាំមើលប្រសិទ្ធភាពវ៉ាក់សាំងប៉ុណ្ណោះ ប្រសិនបើលើកទី២នេះ នៅតែមានកម្រិតទាបមិនអាចប្រឆាំងនឹងកូវីដ១៩ ទម្រង់បម្លែងថ្មីទេ ចិននឹងពិចារណាផលិតដំណាក់កាលទី៣ទៀត គឺហៅថា «booster» ដើម្បីបន្តសាកល្បងទៀត។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ចិនបានបញ្ជូនវ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ១លាន ៥សែនដូស ដែលកម្ពុជាបានទិញ ខណៈកម្ពុជា អះអាងថានឹងបញ្ជាទិញបន្ថែមទៀត ព្រោះវាមានតម្លៃថោកជាងទីផ្សារ។
ស្របពេលដែលមានការចុះផ្សាយព័ត៌មានអំពីវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនស្ថិតក្នុងដំណាក់កាលធ្វើតេស្តសាកល្បងជាលើកទី៣ សម្រាប់មនុស្សនៅក្រៅប្រទេសចិននេះ លោក ហ៊ុន សែន នៅច័ន្ទនេះ អះអាងថា រដ្ឋាភិបាលគ្រោងរៀបចំចាក់វ៉ាក់សាំងឲ្យពលរដ្ឋទូទាំងប្រទេស យ៉ាងហោចណាស់ ១ខែឲ្យបាន១លានដូស ត្បិតវ៉ាក់សាំងដែលកម្ពុជា បញ្ជាទិញពីចិនបានមកដល់ជាបន្តបន្ទាប់ហើយ។
លោកបានបញ្ជាក់តាមសារជាសំឡេងរបស់លោកថា វ៉ាក់សាំងការពារជំងឺ Covid-19 ត្រូវតែបញ្ជូនទៅតាមខេត្ត តាមអ្វីដែលអាចធ្វើទៅបានដើម្បីអនុវត្តតាមផែនការដែលបានគ្រោងទុក។
យ៉ាងណា លោកហ៊ុន សែន នៅមិនទាន់បង្ហាញតួលេខច្បាស់លាស់ថាតើ យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនេះ នឹងត្រូវប្រើប្រាស់កម្លាំងគ្រូពេទ្យសរុបប៉ុន្មាននាក់ និងគ្រោងចំណាយអស់ថវិកាប៉ុន្មាននៅឡើយទេ។ ប៉ុន្តែលោកបង្ហើបថា ការប្រើប្រាស់កម្លាំងគ្រូពេទ្យចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនេះ នឹងមិនប៉ះពាល់ដល់គ្រូពេទ្យ ដែលកំពុងព្យាបាលជំងឺទូទៅនោះឡើយ។
ការអះអាងនេះបន្ទាប់ពីវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ស៊ីណូវ៉ាក់ របស់ចិន បានមកដល់កម្ពុជា កាលពីពេលថ្មីៗនេះ ស្របពេលដែលកម្ពុជា បានធ្វើយុទ្ធនាការចាក់វ៉ាក់សាំងអស់រយៈពេលជិត ២ខែ មកហើយនោះ។
ក្រសួងសុខាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់មន្ត្រីរាជការស៊ីវិល និងយោធា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះកូនៗ និងកូនប្រសាររបស់លោក ហ៊ុន សែន មានលោក ហ៊ុន ម៉ាណែត ជាដើម ក៏បានចាក់វ៉ាក់សាំង ស៊ីណូហ្វាម នេះផងដែរ ខណៈលោក ហ៊ុន សែន ជ្រើសរើសរង់ចាំចាក់វ៉ាក់សាំង អាស្ត្រាសេណេកា ជំនួសវិញ។
គិតមកទល់នឹងខែមីនា ឆ្នាំ២០២១ នេះ ទាំងមន្ត្រីយោធា និងមន្ត្រីស៊ីវិល រួមទាំងប្រជាពលរដ្ឋ នាំគ្នាចាក់វ៉ាក់សាំងចិនមានចំនួនជាង ២សែននាក់ហើយ ខណៈអ្នកដែលបានចាក់រួចលើកទី១មានចំនួនជាង ២សែន ២ម៉ឺននាក់ រីឯអ្នកបានចាក់រួចលើកទី២មានចំនួនជិត ៦ម៉ឺននាក់។
ក្រសួងសុខាភិបាល នៅថ្ងៃចន្ទទី២៩ខែមីនានេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៤០នាក់បន្ថែមទៀត ក្នុងនោះមានទាំងទារកអាយុ ៤ខែ និងកុមារអាយុក្រោម១០ឆ្នាំចំនួន៦នាក់។
គិតត្រឹមថ្ងៃទី២៩ ខែមីនា កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន២ពាន់ ២៧៣នាក់ បណ្តាលឱ្យមានអ្នកជំងឺចំនួន១០នាក់ហើយបានស្លាប់។ ចំណែកជំងឺដែលបានព្យាបាលជាសះស្បើយមានចំនួន ១ពាន់ ១៧២នាក់ និងកំពុងសម្រាកព្យាបាលចំនួន១ពាន់ ០៨៧នាក់។
ដោយឡែក គិតត្រឹមថ្ងៃទី២៨ខែមីនា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា សរុបមានចំនួនជាង៣៧ម៉ឺននាក់ហើយ៕