29 C
Phnom Penh

សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពិចារណាចំពោះការអនុញ្ញាតឱ្យឈប់សម្រាកបុណ្យចូលឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អស់រយៈពេលជាង ១ ខែ មកកន្លងមកនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើង ខណៈចំនួនអ្នកឆ្លងជំងឺនេះ ក៏មិនទាន់ថយចុះនៅឡើយ។

ទោះបីជាមានអ្នកស្លាប់ និងចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកើនឡើងក្ដី  ប៉ុន្តែនៅខែមីនា នេះ លោក ហ៊ុន សែន បានចេញសារាចរណែនាំមួយដោយសម្រេចឱ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយអនុវត្តទៅតាមវិធានសុខាភិបាល ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩។

ការអនុញ្ញាតឱ្យឈប់សម្រាករយៈពេល ៣ ថ្ងៃខាងមុខនេះ  អ្នកឃ្លាំមើលបញ្ហាសង្គម បង្ហាញក្ដីបារម្ភអំពីហានិភ័យ របស់កម្ពុជា ខណៈរដ្ឋាភិបាលមិនទាន់អាចទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩  ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានទាំងស្រុងនោះ។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ លើកឡើងថា អំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំខាងមុខនេះ កម្ពុជាអាចប្រឈមនឹងហានិភ័យឆ្លងជំងឺកូវីដ-១៩ខ្លាំង ព្រោះពិធីបុណ្យចូលឆ្នាំ គឺជាពេលវេលាមួយដែលពលរដ្ឋ សប្បាយ ឈូរឆរ នៅតាមវត្តអារាម ទីកន្លែងប្រគុំតន្ត្រី ហើយពេលខ្លះពួកគេបរិភោគគ្រឿងស្រវឹងជាដើម។

លោកបន្តថា ទោះបីជារដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តនូវវិធានការសុខាភិបាល ក្នុងពេលឈប់សម្រាក ដោយកុំធ្វើដំណើរ ទៅកាន់ ឬចេញ-ចូល តំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែលោកយល់ថា ការអំពាវនាវនោះ ប្រហែលជាមិនមានប្រសិទ្ធភាពឡើយ ខណៈកម្លាំងអាជ្ញាធរដែលចុះណែនាំនោះ មានតិចជាងប្រជាពលរដ្ឋនោះ។

អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី ជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះការអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និងបុគ្គលិកក្រុមហ៊ុនឈប់សម្រាកពេលបុណ្យចូលឆ្នាំ ដោយថាការឈប់សម្រាកនេះ នឹងធ្វើឱ្យមានការជួបជុំ និងការចល័តចេញ-ចូល ដូចជា ពីក្រុងទៅខេត្ត និងពីខេត្ត មកទីក្រុង  ស្របពេលកម្ពុជាកំពុងផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកបន្តថា ការជួបជុំ  ប្រមូលផ្ដុំ និងចល័តចុះឡើង វានឹងបង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ពិបាកក្នុងការគ្រប់គ្រង ហើយករណីនេះ លោកថា រដ្ឋាភិបាល និងក្រុមហ៊ុនគួរឱ្យបុគ្គលិក ឬកម្មករទាំងអស់ធ្វើការធម្មតា នៅថ្ងៃបុណ្យចូលឆ្នាំ ដោយត្រូវគុណប្រាក់បន្ថែមដល់ពួកគាត់ ជាជាងអនុញ្ញាតឱ្យឈប់សម្រាក ចល័តចុះឡើង។

អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គមរូបនេះ លើកឡើងថា លោកទទួលស្គាល់ពិធីបុណ្យចូលឆ្នាំពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺអាយុជីវិតរបស់ពលរដ្ឋ ហើយថា ប្រសិនបើមានបញ្ហាណាមួយកើតឡើង អ្នកដែលត្រូវទទួលខុសត្រូវចំពោះបញ្ហាទាំងអស់នោះ គឺរដ្ឋាភិបាល។

រដ្ឋាភិបាលក៏បានចេញសេចក្ដីប្រកាសមួយ ដោយកំណត់ទីតាំងភូមិសាស្ត្រចំនួន  ៥ រាជធានី-ខេត្ត ដោយតម្រូវឱ្យពលរដ្ឋត្រូវពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ចាប់ថ្ងៃទី២៤ ខែមីនា ព្រោះទីទាំងនោះ កំពុងមានការឆ្លងរាលដាលជំងឺកូវីដ-១៩។ 

ភូមិសាស្ត្រទាំង ៥ នោះ រួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងសៀមរាប ប៉ុន្តែប្រសិនពួកគេមិនអនុវត្តតាម កាតព្វកិច្ចដែលតម្រូវនេះទេ ជំហានដំបូង ពួកគេនឹងរងនូវការព្រមាននិងណែនាំពីមន្រ្តីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ហើយបើសិននៅតែមិនអនុវត្តទៀត នឹងត្រូវប្រឈមការពិន័យប្រាក់ពីចន្លោះពី ២សែនរៀល ទៅ ១លាន រៀល ជាកំហិត។

ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានពលរដ្ឋ គ្រូបង្រៀន និងមន្ត្រីនគរបាល បានស្លាប់ដោយសារ ជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ខណៈចំនួនអ្នកឆ្លងជំងឺនេះ នៅតែកើនឡើងដដែល។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន លើកឡើងថា ការស្លាប់របស់អ្នកជំងឺបង្ហាញពីសញ្ញាមួយដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវអនុវត្តវិធានការ (៣ ការពារ និង៣ កុំ) ដើម្បីបង្ការ និងទប់ស្កាត់នូវការឆ្លងវីរុសកូវីដ-១៩ បំម្លែងថ្មីនេះ។  

លោកស្រី បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងធ្វើការចរាចរណ៍យ៉ាងសកម្ម នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងថ្មីៗជំងឺនេះបាននិងកំពុងឆ្លងរាលដាលទៅបណ្ដាលនានាបន្ថែមទៀត ក្នុងនោះ ខេត្តស្វាយរៀង , ត្បួងឃ្មុំ , សៀមរាប រួមទាំង ខេត្តព្រៃវែងជាដើម។

លោកស្រី ឱ វណ្ណឌីន បង្ហាញក្ដីបារម្ភពីការវាយលុករបស់ជំងឺកូវីដ-១៩ បំម្លែងខ្លួនថ្មី នាពេលបច្ចុប្បន្ន និងបានអំពាវនាវដល់ពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយបើមិនចាំបាច់ទេ មិនត្រូវធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ  ឬ មិនត្រូវចេញពីផ្ទះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស