ជំងឺកូវីដ ១៩

បក្សក្រៅរដ្ឋាភិបាលថា ការចម្លងវីរុស Covid-19 នឹងថយចុះ ប្រសិនបើក្រសួងសុខាភិបាលគ្រប់គ្រងអ្នកឆ្លងចាស់ជាចង្កោមបានល្អ

By ឌឹ ខេមបូឌា ដេលី

April 03, 2021

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP បានអះអាងថា ប្រសិនបើក្រសួងសុខាភិបាល អាចគ្រប់គ្រងការឆ្លងដែលមានលក្ខណៈជាចង្កោមនេះបានត្រឹមត្រូវ នោះការឆ្លងវីរុស Covid-19 អាចនឹងកាត់បន្ថយយ៉ាងឆាប់រហ័សនៅពេលខាងមុខ។

ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ខែមិនា នេះថា ការឆ្លងនៅកម្ពុជា ពិតជាមិនមានច្រើនមែនក្នុងសហគមន៍ ក្នុងរយៈពេលចុងក្រោយនេះ ប៉ុន្តែការឆ្លងនេះនៅជាបណ្ដុំនៅឡើយ ហើយមិនទាន់មានលក្ខណៈឆ្លងរាយប៉ាយពេញ ផ្ទៃប្រទេស ដែលមិនអាចកំណត់មុខសញ្ញាបាននោះទេ។

លោក អះអាង ក្នុងស្ថានភាពនេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ត្រូវតែមានវិធានការ តាមដានកំណត់ចំនួន និងគ្រប់គ្រង ចង្កោម ឬបណ្ដុំអ្នកដែលឆ្លង វីរុសCovid-19 ទាំងនោះឲ្យបានល្អកុំឲ្យបែកជាចង្កោមថែមថ្មីទៀត ទើបការឆ្លងនេះមិនមានការរីកធំជាងនេះរហូតពេញផ្ទៃប្រទេស លើសពីនេះ ក្រសួងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅទីតាំងទាំងនោះផងដែរ។

ការអះអាងរបស់បណ្ឌិត យ៉ង សាំងកុមារ បន្ទាប់ពីក្រសួងសុខាភិបាល បានបង្ហាញរបាយការណ៍អ្នកឆ្លងវីរុស Covid-19  ក្នុងសហគមន៍នៅថ្ងៃនេះដែលមានចំនួនកើនឡើងលើសថ្ងៃទី២៩ មីនា ម្សិលមិញរាប់សិប ដង។

ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា ក្រសួងបានរកឃើញអ្នកឆ្លងវីរុសCovid-19 ថ្មីចំនួន ១០៥នាក់ ខណៈអ្នកឆ្លងសរុបកើនឡើងដល់ជាង ២ពាន់នាក់ហើយ ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយ មានចំនួនជាង១ពាន់ប៉ុណ្ណោះ រីឯអ្នកដែលកំពុងសម្រាកព្យាបាលមានចំនួនជាង ១ពាន់នាក់ផងដែរ។ ដោយឡែកអ្នកស្លាប់ដោយសារវីរុសCovid-19 នេះមានចំនួន ១១នាក់ហើយ គិតត្រឹមថ្ងៃទី៣០ មីនា នេះ។

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងវីរុសCovid-19  ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលគ្រោងនឹងចាក់ឲ្យបាន១លានដូស ឬលើសពីនេះ ក្នុងរយៈពេលមួយខែ៕