33 C
Phnom Penh

មន្ត្រីយុត្តិធម៌ ហៅរបាយការណ៍របស់ខេមបូចា ពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានថា ជាការសន្និដ្ឋានរូបភាពខាងក្រៅ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃអង្គារនេះ បានច្រានចោលរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា ជុំវិញការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានតាមផ្លូវតុលាការ និងក្រៅប្រព័ន្ធតុលាការ។

សរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃអង្គារទី៣០ខែមីនា ឆ្នាំ២០២១នេះ លោក ជិន ម៉ាលីន បញ្ជាក់ថា ការស្រាវជ្រាវរបស់ខេមបូចា គឺមិនគ្រប់ជ្រុងជ្រោយ និងមិនមានលក្ខណៈវិទ្យាសាស្ត្រនោះឡើយ ព្រោះជាគ្រាន់តែរបាយការណ៍បូកសរុបព្រឹត្តិការណ៍ និងសន្និដ្ឋានដោយផ្អែកទៅលើតែរូបភាពខាងក្រៅតែប៉ុណ្ណោះ។

លើសពីនេះ លោកថា របាយការណ៍នោះ ធ្វើឡើងដោយមិនបានវិភាគទៅលើទិដ្ឋភាពច្បាប់ ជាពិសេសអង្គហេតុ និងអង្គច្បាប់ ដែលជាហេតុនាំឱ្យមានបទល្មើស និងការចោទប្រកាន់តាមផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មានពាក់ព័ន្ធនិងសំណុំរឿងនីមួយៗនោះឡើយ។

ការឆ្លើយតបនេះ ក្រោយពីសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចាកាលពីថ្ងៃទី២៩ខែមីនា បានចេញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនដែលមានកម្រាស់ជិត៣០ទំព័រដោយរកឃើញថា ឆ្នាំ២០២០ មានករណីជាច្រើនដែលអាជ្ញាធរបានធ្វើទុក្ខបុកម្នេញប្រឆាំងទៅលើអ្នកសារព័ត៌មានជុំវិញការបំពេញការងាររបស់ពួកគេ។

ខេមបូចា បានរកឃើញថាកាលពីឆ្នាំមុននោះ មានការយាយីប្រឆាំងអ្នកសារព័ត៌មានចំនួន៣៥ករណី ដែលស្មើអ្នកសារព័ត៌មានចំនួន៧២នាក់ ។ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន ៥៣នាក់ក្នុងចំណោម៧២នាក់ត្រូវបានចាប់ឃុំខ្លួន និងរងអំពើហិង្សា។ លើសពីនេះ ពួកគេ ក៏រងការចោទប្រកាន់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌផងដែរ។

ខេមបូចាបន្តថា ការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលកើតឡើងច្រើនជាងគេ គឺការចាប់ខ្លួនដាក់ពន្ធនាគារ និងការប្រើអំពើហិង្សា។ ប្រភពដដែលបន្តថា អ្នកសារព័ត៌មានចំនួន៣១នាក់ត្រូវបានចាប់ឃុំខ្លួន និង២២នាក់ទៀតបានទទួលរងការវាយដំលើរូបរាងកាយ ឬរងការគំរាមប្រើអំពើហិង្សានៅពេលកំពុងបំពេញបេសកកម្មរបស់ខ្លួន។

របាយការណ៍ដដែលបន្ថែមថា បទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទល្មើសជំរិតទារប្រាក់ ត្រូវបានប្រើប្រាស់ភាគច្រើនក្នុងការប្រឆាំងនឹងអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាលោក ជិន ម៉ាលីន បានចោទជាសំណួរថា អ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បើមិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើត្រូវទទួលខុសត្រូវតាមច្បាប់អ្វីទៅវិញ? ហើយមិនទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌ តើបង្កើតច្បាប់ព្រហ្មទណ្ឌឡើងដើម្បីអ្វី?

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បញ្ជាក់ថា អ្នកសារព័ត៌មានមិនមានអភ័យឯកសិទ្ធិដូចសមាជិកសភានោះទេ ពោលគឺបើមានកំហុសខាងវិជ្ជាជីវៈ ត្រូវទទួលខុសត្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាននៅ  កម្ពុជា ប៉ុន្តែបើប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ គឺត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌដែលមានជាធរមានដូចពលរដ្ឋដទៃទៀតដែរ។

ទោះជាយ៉ាងនេះក្តី សម្រាប់ខេមបូចា អះអាងថា ការចាប់ខ្លួន ការឃុំខ្លួន និងការគំរាមកំហែងជាបន្តបន្ទាប់មកលើអ្នកសារព័ត៌មាន គឺធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមប្រជាធិប              តេយ្យ និងធ្វើឱ្យមានការភ័យខ្លាច ចំពោះអ្នក ដែលចុះផ្សាយរឿងរ៉ាវ ឬករណីពាក់ព័ន្ធ នឹងមន្រ្តីអ្នកមានអំណាចនៅកម្ពុជា។

បញ្ហានេះ ខេមបូចា បានជំរុញទៅរដ្ឋាភិបាលឱ្យធានាសុវត្ថិភាព និង ការពារសន្តិសុខរបស់អ្នកសារព័ត៌មានទាំងអស់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់សិទ្ធិរបស់ពួកគេ ក្នុងការរាយការណ័ព័ត៌មានដោយសេរី និងគ្មានការភ័យខ្លាច។

សេរីភាពសារព័ត៌មាននៅកម្ពុជានាឆ្នាំ២០២០ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនដាក់ចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេស។ ចំណាត់ថ្នាក់នេះបង្ហាញថាកម្ពុជាបន្តធ្លាក់ចុះមួយលេខទៀត បើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែអាក្រក់នេះ គឺបន្តធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៧រហូតមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស