37 C
Phnom Penh

ឆ្លៀតពេលកូវីដកំពុងរាតត្បាត ឈ្មួញដីបានសម្រុកដឹកដីចាក់រំលោភយកដីចំណីព្រែក និងព្រៃកោងកាង ក្នុងខេត្តកោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បទល្មើសដឹកដីចាក់លុបរំលោភយកដីចំណីព្រែក និងព្រៃកោងកាង នៅឯខេត្តកោះកុង កំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ទោះបីអាជ្ញាធរ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ទៅលើឈ្មួញ ឬអ្នកជាប់ពាក់ព័ន្ធបទល្មើសទាំងនេះក៏ដោយ។

ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម អះអាងថា ស្របពេលដែលរដ្ឋាភិបាល កំពុងមមាញឹកទប់ស្កាត់ការឆ្លងជំងឺCovid-19 ឈ្មួញដីឈ្មោះ លាង ហ៊ីម ហៅ ម៉ា ហ្គោល និងបក្ខពួក បានធ្វើសកម្មភាពដឹកដីចាក់យកចំណីព្រែក និងព្រៃកោងកាង ដោយខុសច្បាប់ ស្ថិតនៅភូមិឃុំទួលគគីរ ស្រុកមណ្ឌលសីមា មានទំហំផ្ទៃដីជាង ៤ពាន់ម៉ែត្រការ៉េ ដោយគ្មានអាជ្ញាធរទប់ស្កាត់ភ្លាមៗទេ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ធ្លាប់បានចេញលិខិតព្រមានកាលពីពាក់កណ្ដាលខែមិនា តម្រូវឲ្យអ្នកស្រី លាង ហ៊ីម កាយយកដីទាំងនោះ ចេញពីមាត់ព្រែក និងព្រៃកោងកាង ឲ្យមកសភាពដើមវិញ។ ប៉ុន្តែសារព្រមានរបស់រដ្ឋបាលខេត្តកោះកុង ហាក់មិនសូវមានប្រសិទ្ធភាព ដោយឈ្មួញដីខាងលើ មិនអនុវត្តតាមការណែនាំឡើយ។

ក្រោយពីមានការព្រមាននេះ អ្នកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល បានកាយយកដីដែលបានចាក់ រំលោភលើដីចំណីព្រែក និងព្រៃកោងកាង ប៉ុន្តែត្រូវបានអ្នកឃ្លាំមើលសង្គម អះអាងថា ឈ្មួញដីរូបនេះ បានកាយដីពីកន្លែងចាស់ ទៅចាក់រំលោភយកកន្លែងថ្មីទៀតតែប៉ុណ្ណោះ។

មហាជននៅក្នុងខេត្តកោះកុងស្នើឲ្យ អ្នកស្រី មិថុនា ភូថង មានវិធានការស្រាវជ្រាវសកម្មភាព របស់លោកមេឃុំទទួលគគីរ អភិបាលស្រុកមណ្ឌលសីមា និងមន្ត្រីទុច្ចរិតដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពលក់ទិញ ដីព្រែក និងដីព្រៃកោងកាង ដែលជាទ្រពសម្បត្តិសាធារណៈ របស់រដ្ឋ ដើម្បីឈានទៅកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់។

លិខិតរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ បើអ្នកស្រី លាង ហ៊ីម មិនកាយយកដី ដែលចាក់រំលោភចូលចំណីព្រែក និងបំផ្លាញព្រៃកោងកាង ឲ្យមកសភាពដើមវិញ ដោយទុកពេលយ៉ាងយូរត្រឹម ០១សប្តាហ៍ ប៉ុន្តែរហូតដល់ពេលនេះ គំនរដីដែលលោកស្រី លាង ហ៊ីម ចាក់រំលោភយកចំណីព្រែក មិនទាន់បានកាយចេញឲ្យនៅឡើយ។

ផ្ទៃដីដែលអ្នកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល ចាក់ដីបំពានយកនោះ ស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ១៧៩ អនក្រ.បក។

មហាជន និងអ្នកឃ្លាំមើលសង្គម រិះគន់ថា ចំពោះប្រសិទ្ធភាពចំណាត់ការផ្លូវច្បាប់ របស់អភិបាលខេត្តកោះកុង ទៅលើឈ្មួញដីឈ្មោះ លាង ហ៊ីម ហៅថា ម៉ា ហ្គោល បានកម្រិតណា ឬបានត្រឹមស្រែកកោកៗ ប៉ុន្តែឈ្មួញទុច្ចរិតនៅតែប្រព្រឹត្តស្រេចតែអំពើចិត្តដដែល។

សារព័ត៌មាន The Cambodia Daily  នៅមិនទាន់មានប្រភពទាក់ទង លោកស្រី លាង ហ៊ីម ហៅ ម៉ាហ្គោល ដើម្បីបំភ្លឺលើករណីដែលអ្នកស្រី បានចាក់អាចម៍ដី រំលោភចំណីព្រែក និងបំផ្លាញព្រៃកោងកាងក្នុងដែនជម្រកសត្វព្រៃពាមក្រសោបនេះនៅឡើយទេ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស