37 C
Phnom Penh

មេបក្សប្រឆាំងថា លោក ហ៊ុន សែន ជាមេឧក្រិដ្ឋជនដែលនៅពីក្រោយនៃការសម្លាប់ពលរដ្ឋខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតមេប្រឆាំង លោក សម រង្ស៊ី បានចោទលោក ហ៊ុន សែន ថា ជាមេឧក្រិដ្ឋជនដែលបានបញ្ជាឲ្យ រៀបចំអំពើភេរវកម្មផ្ទាល់ ដែលបណ្តាលឲ្យមានជនរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម៌នោះ។

អតីតប្រធានគណបក្សសង្គ្រោះជាតិដែលមានទីលំនៅ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ចំពេលខួប២៤ឆ្នាំនៃសោកនាដកម្មដែលបានកើតឡើងលើពលរដ្ឋខ្មែរស្លូតត្រង់ដែលបានស្លាប់ដោយជនមិនស្គាល់មុខបានគប់គ្រាប់បែកដៃក្នុងពេលពួកគេធ្វើបាតុកម្មទាមទារឲ្យមានយុត្តិធម៌សង្គម និងទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីដំណែងកាលពេលនោះ។

លោក សម រង្ស៊ី ថា លោក ហ៊ុន សែន គឺជាមេភេរវករ  ដែលបានបញ្ជាឲ្យសម្លាប់មនុស្សនៅមុខរដ្ឋសភាចាស់ ដែលបច្ចុប្បន្ន គឺជាតុលាការកំពូល ក្បែរវត្តបទុមវត្តី ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច ១៦នាក់ និងរបួសធ្ងន់ប្រមាណ ១៥០នាក់ ដែលអ្នកទាំងនោះ គឺជាក្រុមបាតុករអហិង្សា។

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្រុមបាតុករដែលមានគ្នាប្រមាណ ២០០នាក់ បានប្រមូលផ្ដុំគ្នានៅសួនច្បារទល់មុខមន្ទីររដ្ឋសភាចាស់ ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យឯករាជភាព និងបំបាត់អំពើពុករលួយក្នុងវិស័យយុត្តិធម៌ ប៉ុន្តែត្រូវជនអនាមិកគប់គ្រាប់បែកចំនួន ៤គ្រាប់ចូលទៅក្នុងការប្រមូលផ្តុំរបស់ពួកគេ។

ទាក់ទងនឹងសោកនាដកម្មដ៏សាហាវយង់ឃ្នង និងអមនុស្សធម៌នេះ គណបក្សខ្មែរស្រលាញ់ជាតិរបស់លោក ជីវ កត្តា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣០ ខែមិនា ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ស្វែងរកឃាតកពិតដើម្បីយកជនដៃដល់មកកាត់ទោសតាមច្បាប់ និងជាការបញ្ចប់វប្បធម៌និទ្ទណ្ឌភាពនៅកម្ពុជា។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា អស់រយៈពេលជាង២០ឆ្នាំ មកនេះ អាជ្ញាធរកម្ពុជា ក្រោមបញ្ជា របស់លោក ហ៊ុន សែន មិនញញើត នឹងការធ្វើទុក្ខបុកម្នេញមកលើពលរដ្ឋ និស្សិត បញ្ញវន្ត  ព្រះសង្ឃ សកម្មជនសង្គមស៊ីវិល មេដឹកនាំសហជីព ដោយការវាយដំ ចាប់ដាក់គុក ឬការប្រើអំពើហិង្សាធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតនោះឡើយ។

លោកបញ្ជាក់ថា ករណីព្រឹត្តិការណ៍បង្ហូរឈាមបាតុករថ្ងៃទី៣០ ខែមីនា ១៩៩៧នេះ លោក សម រង្ស៊ី ដែលក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមបាតុករដែរ និងក៏ជាមេបក្សប្រឆាំងផងនោះ គួរតែសើរើឡើងវិញ ប្ដឹងសំណុំរឿងនេះទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ដែលរងគ្រោះ ដោយកុំដកៗបណ្តឹងតាមតែទំនោរ                            នយោបាយ។

លោកបញ្ជាក់ទៀតថា ដើម្បីដោះស្រាយវិបត្តិឧក្រិដ្ឋក្នុងសង្គមខ្មែរ ទាល់តែខ្មែរ ទាំងអស់ ដែលប្រាថ្នាប្រជាធិបតេយ្យ ដាក់គោលដៅរួម ផ្លាស់ប្ដូរអំណាចផ្ដាច់ការរបស់គ្រួសារហ៊ុន ចេញទើបពលរដ្ឋខ្មែរបានស្គាល់សេរីភាពពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស