38.1 C
Phnom Penh

បទវិភាគ៖ តើវិធីអហិង្សាជាមធ្យោបាយល្អសំរាប់ការផ្លាស់ប្តូរនៅកម្ពុជាឬទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជាក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោក សុទ្ធតែធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូររបប ឬអំណាចនយោបាយក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ហើយប្រទេសទាំងនោះក៏មានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា                    អំពីមូលហេតុនៃការនៃការផ្លាស់ប្តូរសង្គមរបស់គេដែរ។

អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិកមួយរូបគឺ លោក Samuel Phillips Huntington បានប្រើប្រាស់ទ្រឹស្តីទំនើបពន្យល់អំពីមូលហេតុនៃ បដិវត្តន៍ ឬការផ្លាស់ប្តូរនេះតាមរយៈសៀវភៅមួយដែលគាត់បានសសេរក្នុងឆ្នាំ១៩៦៨ ដែលមានចំណងជើងថា “រចនាសម្ព័ន្ធនយោបាយ ក្នុងការផ្លាស់ប្តូរសង្គម”។ គាត់ផ្តល់នូវមូលហេតុចម្បងពីរដែលនាំឲ្យមានការផ្លាស់ប្តូរនោះ៖

១) ការបំរែបំរួលសង្គម និងការវិវត្តន៍សេដ្ឋកិច្ច។ ចំពោះចំណុចនេះលោក Samuel Phillips Huntington បានពន្យល់ថា កាលណាចំនួនមនុស្ស និងការអប់រំ កើនឡើងក្នុងសង្គម ពេលនោះការយល់ដឹងអំពីនយោបាយ និងការចង់ចូលរួមក្នុងនយោបាយនឹងកើនឡើងដែរ ហើយវាក៏អាចឈានទៅរកការផ្លាស់ប្តូរដែរ។

២) គម្លាតនៃសេចក្តីរំពឹងទុក និងការទទួលបាន។ ត្រង់ចំណុចនេះ លោក Huntington បានពន្យល់ថា គម្លាតនេះកើតឡើងដោយសារការ បរាជ័យរបស់ស្ថាប័នរដ្ឋក្នុងឆ្លើយតបទៅនឹងតំរូវការបស់ប្រជាពលរដ្ឋ ឲ្យមានបានសមស្របតាមស្ថានភាពបំរែបំរួលសង្គម ហើយនេះជាមូល ហេតុដែលធ្វើឲ្យពលរដ្ឋមិនសប្បាយចិត្ត និងចង់មានការផ្លាស់ប្តូ។

ទ្រឹស្តីវិទ្យាសាស្ត្រនយោបាយខាងលើនេះ ក៏ស្របគ្នានឹងទ្រឹស្តីធម្មជាតិដែលគេតែងតែលើកឡើងថា អ្វីៗតែងតែមានការប្រែប្រួល។ ហេតុដូច្នេះ ការផ្លាស់របបនយោបាយ ឬអំណាចនយបាយក្នុងសង្គមនិមួយៗគឺជារឿងជៀសមិនផុត។

ប៉ុន្តែបើគេនៃសង្កេតមើលអំពីដំណើរនៃការផ្លាស់ប្តូរក្នុងប្រទេសនានា លើពិភពលោកនេះកន្លកមក គឺវាបានកើតឡើងតាមមធ្យោបាយផ្សេងៗ ដូចជាសង្គ្រាម ការបះបោរផ្ទៃក្នុងដោយលួចធ្វើឃាតមេដឹកនាំ ការធ្វើរដ្ឋប្រហារ ការបោះឆ្នោត ឬចលនាមហាជន និងបញ្ហាជាច្រើនទៀត។

ដូច្នេះ គេអាចបែង ចែកមធ្យោបាយនៃការផ្លាស់ប្តូរទំាងនេះ ជាពីរផ្នែកធំៗគឺ ទី១) ការផ្លាស់ប្តូរដោយវិធីហឹង្សា និង ទី២) ការផ្លាស់ប្តូរដោយវិធីអហិង្សា ដែលជាការផ្លាស់ប្តូរតាមរៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ឬតាមរយៈចលនាអហិង្សាររបស់មហាជន។

ជារឿយៗ គេតែងសង្កេតឃើញចលនាអហិង្សារបស់មហាជនបានកើត ក្នុងសង្គមមួយ នៅពេលដែលពលរដ្ឋនៃសង្គមនោះទ្រាំលែងបាន នឹងការកៀបសង្កត់ ការរឹតត្បិតសេរីភាព និងអំពើអយុត្តិធម៌សង្គម របស់រដ្ឋាភិបាល។ ឩទាហរណ៍ ចលនាអហិង្សារបស់លោក មហាត្មៈ គន្ធី ដែលដឹកនាំពលរដ្ឋឥណ្ឌា ទាមទារឯករាជ្យពីប្រទេសអង់គ្លេស ក្រោយពីការវិលត្រលប់ចូលប្រទេសវិញរបស់លោកក្នុងឆ្នាំ ១៩១៥។

ចលនាអហឹង្សារបស់លោកបណ្ឌិតម៉ាទីនលូស៊ើឃីង ដែលបាន ចាប់ផ្តើមក្នុងឆ្នាំ១៩៥៥ ដើម្បីទាមទារសិទ្ធិស្មើគ្នារ និងការលុបបំបាត់ ការរើសអើងជនជាតិស្បែកខ្មៅលើទឹកដីអាមេរិក។

ចលនាមហាជនផ្តួល រំលំរបបផ្តាច់ការម៉ាកូស នៃប្រទេសភីលីពីនក្នុងឆ្នាំ១៩៨៦ និង ចលនាមហាជនឥណ្ឌូនេស៊ីដើម្បីបណ្តេញមេដឹកនាំផ្តាច់ការស៊ូហាតូ ចេញពីអំណាចក្នុងឆ្នាំ១៩៩៨។

អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយបានចាត់ទុក ចលនាអហិង្សារបស់មហាជនថាជាវិធីសាស្ត្រដ៏មានប្រសិទ្ធិភាពជាងគេ ក្នុងការធ្វើអោយមានការផ្លាស់ប្តូរក្នុងសង្គម និងការកសាងប្រជាធិប តេយ្យក្រោយពីពេលមានការផ្លាស់ប្តូរនោះ។

អ្នកស្រី Erica Chenoweth ដែលបានសរសេរ និក្ខេបទ ថ្នាក់បណ្ឌិតរបស់អ្នកស្រីនៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិក បានធ្វើការសិក្សា លើព្រឹត្តិការបដិវត្តិន៍ ក្នុងពិភពលោកចាប់ពីឆ្នាំ១៩០០ រហូតដល់ ឆ្នាំ២០០៦។ ក្នុងចំណោមព្រឹត្តិការណ៍ចំនួន ៣២៣ អ្នកស្រីបានរកឃើញថា ចលនាអហិង្សារបស់មហាជន បានទទួលជោគជ័យច្រើនជាងចលនាហិង្សាចំនួនពីរដង។

ក្រៅពីប្រសិទ្ធិភាពនៃការផ្លាស់ប្តូររបបផ្តាច់ការ ការសិក្សារបស់អ្នកជំនាញជា ច្រើនក៏បានអះអាងដែរថា សង្គមដែលមានការផ្លាស់ប្តូរតាមបែបអហិង្សា នឹងមានដំណើរការកសាងប្រជាធិបតេយ្យដោយរលូននិងរឹងមាំជាងសង្គមដែលផ្លាស់ប្តូរដោយហឹង្សា។

ការអះអាងនេះត្រូវបានធ្វើឡើងដោយ លោក Bayer, លោក Lambach, អ្នកស្រី Chenoweth និងលោក Stephan ដែលបានសរសេរក្នុងសៀវភៅរបស់ ពួកគេនាឆ្នាំ២០១១ និង ២០១៦។

ដោយផ្អែកលើគោលការណ៍ធម្មជាតិ និងសង្គមដូចអ្វីដែលបានលើក ឡើងខាងលើ គេអាចធ្វើសេចក្តីសន្និដ្ឋានជារួមមួយថា ការសំរេចដោយ ឆន្ទៈពលរដ្ឋលើរបបគ្រប់គ្រងសង្គម គឺជារឿងចាំបាច់បំផុតដែលនាំឲ្យមានស្ថេរភាពសង្គម និងការអភិវឌ្ឍន៍យូរអង្វែង។

ចំណុចនេះ ប្រហែលជាមូលហេតុសំខាន់ដែលអ្នកប្រជាធិបតេយ្យនិយម ខិតខំជំរុញ អោយមានការគ្រប់គ្រងប្រទេសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលក្រុមអ្នកគ្រប់គ្រងប្រទេសទទួលអំណាចតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ សារព័ត៌មាន Fresh News ដែលលំអៀងខាងរដ្ឋាភិបាលលោកហ៊ុន សែន បានដក ស្រង់សម្តីបស់សារលោក កឹម សុខា ដែលថ្លែងថា គោលនយោបាយ របស់គណបក្សសង្រ្គោះជាតិគឺជំរុញអោយមានការផ្លាស់ប្តូរនៅកម្ពុជា តាមរយៈការបោះឆ្នោតដោយសន្តិវិធី។

នៅក្នុងវេទិការជួបជាមួយពលរដ្ឋខែ្មរក្នុងទីក្រុងតាកុមា នៃរដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧ ដែលរៀបចំឡើងដោយ សមាគមខ្មែរសម្លេងប្រជាធិបតេយ្យ (KVD) លោកកឹម សុខា អះអាងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់សង្គមជាច្រើនដង ប៉ុន្តែការផ្លាស់ប្តូរនោះ សុទ្ធតែបានកើតឡើងតាមរយៈវិធីហិង្សា ឬអយុត្តិធម៌ ហើយលទ្ធផល បែបនោះ ធ្វើឲ្យខ្មែរមានទំនាស់ ឬបែកបាក់ផ្ទៃក្នុង និងសង្គមខ្មែររ៉ាំរ៉ៃ ចុះខ្សោយជាបន្តបន្ទាប់ ធ្វើឲ្យពលរដ្ឋរងទុក្ខវេទនាពីមួយ ជំនាន់ទៅមួយជំនាន់។ លោក កឹម សុខា ជំរុញអោយមានការផ្លាស់ប្តូរ តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដែលអ្នកឈ្នះ ក៏ឈ្នះដោយកិត្តិយស រីឯអ្នកចាញ់ក៏ចាញ់ដោយអស់ចិត្ត ទើបខ្មែរអាចស្វែង រកការបង្រួបបង្រួមជាតិបាននិងអាចកសាងសង្គមខ្មែរអោយរុងរឿងខ្លាំងក្លាឡើងវិញ។

កម្ពុជាដែលបានឆ្លងកាត់របបផ្តាច់ការ និងការផ្លាស់ប្តូររបប ដោយហិង្សាអស់ជាច្រើនជំនាន់មកហើយនោះ ក៏មានបញ្ញវ័ន្ត អ្នក នយោបាយជាតិ និងអន្តរជាតិជាច្រើនបានព្យាយាមនាំយកលទ្ធិ ប្រជាធិបតេយ្យជូនពលរដ្ឋខ្មែរដែរ។ ប៉ុន្តែការព្យាយាមទាំងនោះ បានជួបឩបសគ្គជាខ្លាំងដោយសារតែអំណាចផ្តាច់ការ បានចាក់ឫសជ្រៅពេក។

ក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្សនិងសហការីបានបង្កើតគណបក្សប្រជាធិបតេយ្យ និង បានឈ្នះឆ្នោតក្នុងឆ្នាំ១៩៤៦។

ប៉ុន្តែមួយឆ្នាំក្រោយមក ព្រះអង្គបានសោយ ទីវង្គត ហើយបន្ទាប់មកថ្នាក់ដឹកនាំមួយរូបទៀត គឺលោក អៀវ កើស ក៏ត្រូវបានគេធ្វើឃាត។ ចាប់ពីពេលនោះមក គណបក្សប្រជាធិបតេយ្យ និងលទ្ធិប្រជាធិប                 តេយ្យក្នុងប្រទេសកម្ពុជា ក៏បានបាត់បង់ទៅវិញ ហើយខ្មែរបែកបាក់ផ្ទៃក្នុងរហូតនាំឲ្យមានសង្គ្រាមស៊ីវិល រ៉ាំរ៉ៃបង្ហូរឈាមរវាងខ្មែរ និងខ្មែរគ្នាឯងរាប់ទសវត្សរ៍។

តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ក្រោមការជួយជ្រែងរបស់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ បានបង្កើតឲ្យមានរបបប្រជាធិបតេយសេរីពហុបក្ស និងរដ្ឋាភិបាលថ្មីមួយនៅកម្ពុជាតាមរយៈការបោះឆ្នោតដោយសរី និងយុត្តិធម៌ ក្នុងឆ្នាំ១៩៩៣។ ប៉ុន្តែលទ្ធផលទាំងនោះត្រូវបានបំផ្លាញចោលដោយ គណបក្សប្រជាជនកម្ពុជាដែលធ្វើរដ្ឋប្រហារយោធាក្នុងឆ្នាំ១៩៩៧។

ទោះជាយ៉ាងណាក៏ដោយពលរដ្ឋខ្មែរបានងើបឡើងជាថ្មីម្តងទៀតក្នុងបំណងផ្លាស់ប្តូរ អំណាចផ្តាច់នៃរដ្ឋាភិបាលលោកហ៊ុន សែន តាមរយៈការបោះឆ្នោតសភា ក្នុងឆ្នាំ២០១៣ និងឃុំសង្កាត់ក្នុងឆ្នាំ២០១៧។

ប៉ុន្តែ ជាថ្មីម្តងទៀត លោក ហ៊ុន សែន បានចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ និង រំលាយគណបក្សនេះ នាចុង ឆ្នាំ២០១៧។ ដូច្នេះ លោកហ៊ុន សែន បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ដោយគ្មានគូរប្រកួត ក្នុងខែកក្កដា ឆ្នាំ២០១៨ និងកំពុងបន្តគ្រប់គ្រង អំណាចតាមគំរូ ឯកបក្សដែលវៀតណាមបានរៀបចំឲ្យគាត់ តាំងពីឆ្នាំ១៩៨៥មកនោះ។  

សំណួរសួរថា បើលោកហ៊ុន សែន មានអំណាចខ្លាំង និងតែងតែបំផ្លាញដំណើការប្រជាធិបតេយ្យដូច្នេះ តើប្រជាធិបតេយ្យនឹងអាចរស់រាន ឡើងវិញក្នុងប្រទេសកម្ពុជាដែរ ឬទេ? តើអ្នកនយោបាយខ្មែរ នឹងជ្រើសយកវិធីសាស្ត្របែបណាក្នុងការតស៊ូប្រជាធិបតេយ្យឡើងវិញ?

ប្រទេសអាហ្វ្រិកខាងត្បូងស្ថិតក្រោមរដ្ឋាភិបាលផ្តាច់ការនិងរើសអើង ពូជសាសន៍ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៤០ រហូតដល់ឆ្នាំ១៩៩៤។

លោក ណេសុន ម៉េនដឺឡា បានដឹកនាំចលនាអហឹង្សាប្រឆាំងនឹងអំពើ ផ្តាច់ការ និងការរើសអើងពូជសាសន៍។ លោកត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ក្នុងពន្ធនាគារចំនួន២៧ឆ្នាំ ដោយរួមទាំងទោសក្បត់ជាតិក្នុងឆ្នាំ១៩៥៦ និងទោសជាប់គុកអស់មួយ ជីវិតក្នុងឆ្នាំ១៩៦២។

តាមរយៈការបន្តការតស៊ូដោយអហិង្សា និងអត់ធ្មត់របស់លោកនិងសហការីស្មោះស្ម័គ្ររបស់លោក ទីបំផុតលោកបានជាប់ឆ្នោត ជាប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូងពីឆ្នាំ ១៩៩៤ ដល់ ១៩៩៩ ហើយលោកបានអនុគ្រោះដល់គូបដិបក្ខរបស់លោក បានបង្រួបបង្រួមជាតិ និងកសាងមូលដ្ឋានប្រជាធិបតេយ្យសំរាប់ប្រទេស អាហ្វ្រិកខាងត្បូងដែលមានដំណើរការរហូតមកទល់បច្ចុប្បន្ននេះ។

រីឯប្រទេសភូមាវិញ លោកស្រីអ៊ុង សានស៊ូជីបានធ្វើមាតុភូមិនិវិត្តន៍ពី ប្រទេសអង់គ្លេសក្នុងឆ្នាំ១៩៨៨ ដើម្បីចូលរួមចលនាបាតុកម្មរបស់ មហាជន និងបានបង្កើតគណបក្សនយោបាយមួយ ដែលមានឈ្មោះថា សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ក្នុងខែកញ្ញា ហើយត្រូវបានពួកយោធា បានឃុំខ្លួនអ្នកស្រីក្នុងផ្ទះ នៅខែកក្កដា ឆ្នាំ១៩៨៩។

គេហ័រទំព័រ Wikipedia របស់អាមេរិកបានសរសេរថា អ្នកស្រី អ៊ុង សានសុជី ជាមនុស្សដែលទទួលរងឥទ្ធិពលទ្រឹស្តីអហិង្សានិយមរបស់មហាត្មៈ គន្ធី និងផ្តោតលើមាគ៌ាព្រះពុទ្ធសាសនាយ៉ាងជ្រាលជ្រៅក្នុងការធ្វើ នយោបាយដោយទន់ភ្លន់ តែរឹងមាំ។

ក្នុងអំឡុងពេលនៃការផ្ទុះឡើង របស់បាតុកម្មមហាជន នាយករដ្ឋមន្ត្រីភូមា នៅពេលនោះគឺលោក អ៊ូ នូ បានផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ប៉ុន្តែអ្នក ស្រីអ៊ុង សានស៊ូជី បានបដិសេធ ដោយប្រកាសថា អនាគតនៃគណបក្សប្រឆាំង គឺទុកឲ្យពលរដ្ឋជាអ្នកសម្រេច។ ក្រោយមកទៀត ពួកយោធាសុខចិត្តផ្តល់សេរីភាពឲ្យអ្នកស្រី ប្រសិនបើ អ្នកស្រីយល់ព្រមចាកចេញពីប្រទេស បុន្តែជាថ្មីម្តទៀត លោកស្រីអ៊ុង សានស៊ូជីបានបដិសេធ។

បើតាម WikipediA ដដែលនេះ ក្រុមអ្នកនយោបាយជើងចាស់ និងជាអតីតមេទាហានដែលចូលរួមនយោបាយជាមួយគណបក្សរបស់អ្នកស្រីបានចោទថា គាត់ធ្វើនយោបាយប្រឈមជាមួយពួកយោធាពេក ហើយពួកគេក៏ចាកចេញពីបក្សនេះ ប៉ុន្តលោកស្រីនៅតែទទួលបានការ គាំទ្រខ្លាំងក្លាពីក្រុមយុវជន។

រហូតដល់ឆ្នាំ១៩៩០ លោកស្រីមានឱកាសចូលរួមការបោះឆ្នោត ហើយគណបក្សរបស់អ្នកស្រីបានឈ្នះឆ្នោតនៅពេលនោះ ប៉ុន្តែ ពួកយោធា បានចាប់អ្នកស្រីដាក់ឃុំក្នុងផ្ទះសារជាថ្មី ហើយបានប្លន់ អំណាចបន្ត។

ជីវិតនយោបាយរបស់លោកស្រីអ៊ុង សានស៊ូជី លិចអណ្តែតៗដែលស្ថិត ក្រោមការធ្វើទុកបុកម្និញពីពួកយោធាតាមរូបភាពផ្សេងៗ ដោយរួម ទាំងការឃុំខ្លួនក្នុងផ្ទះនិងក្នុងពន្ធនាគារផងដែរ។

រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១០ ពួកយោធាបានយល់ព្រមដោះលែងលោកស្រី បន្ទាប់ពីរង សម្ពាធ ពីសហគមន៍អន្តរជាតិផងនិងការចរចារតាមរយៈការទូតជា បន្តបន្ទាប់។

ក្នុងរយៈពេល២១ឆ្នាំនៃជីវិតនយោបាយរបស់អ្នកស្រីដោយគិតត្រឹម  ឆ្នាំ២០១០ អ្នកស្រីបានជាប់ឃុំក្នុងផ្ទះអស់រយៈពេល១៥ឆ្នាំ។ តែទីបំផុត គណបក្សរបស់អ្នកស្រីបានឈ្នះឆ្នោតម្តងទៀតនៅខែវិច្ឆិការ ឆ្នាំ២០១៥ ប៉ុន្តអ្នកស្រីត្រូវបែងចែកអំណាចជាមួយពួកយោធោ។

ជាថ្មីម្តទៀត  គណបក្សរបស់អ្នកស្រី អ៊ុង សានស៊ូជី បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី សំរាប់អាណត្តិបន្ទាប់កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ សារព័ត៌ធំៗក្នុង ពិភពលោកបានផ្សាយថា លទ្ធផលឆ្នោតលើកនេះគឺអនុញ្ញាតឲ្យគណបក្សរបស់លោកស្រី អាចបង្កើតរដ្ឋាភិបាលបានដោយខ្លួនឯង ដោយមិនចាំបាច់ចែកអំណាចជាមួយពួកយោធាឡើយ។

ប៉ុន្តែពួកយោធាបានធ្វើរដ្ឋប្រហារកាលពីដើមខែកុម្ភៈកន្លងទៅនេះ ហើយបានឃុំខ្លួនអ្នកស្រី អ៊ុង សានស៊ូជី និង មន្រ្តីជាន់ខ្ពស់របស់គាត់ ជាច្រើនរូបទៀត ដែលនាំអោយមានបាតុកម្មមហាជនភូមានៅទូទាំង ប្រទេស និងមានការដាក់សម្ភាធពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់ រហូតមកដល់ថ្ងៃនេះ។

សារព័ត៌មាន NIKKEI ASIA បានចុះផ្សាយកាលពីថ្ងៃ ២២ កុម្ភៈ ឆ្នាំ២០២១ នេះថា ក្រុមស៊ើបអង្កេតដែលគាំទ្រដោយអង្គការសហប្រជាជាតិបានអំពាវនាវដល់ជនជាតិភូមាទាំងឡាយណា ដែលទទួលបញ្ជាប្រព្រឹត្តិបទល្មើស គឺជាការប្រឆាំងនឹងច្បាប់អន្តរជាតិ ដែលត្រូវផ្តល់ភស្តុតាងទាំងនោះ សំរាប់ប្រើប្រាស់កាត់ទោសពួកមេដឹកនាំយោធា ដែលបានដាក់បទបញ្ជារបែបនោះ។

លោក Nicolas Koumjian ដែលជាប្រធានក្រុមស៊ើបអង្កេតនេះនិងជាអ្នកកាន់រឿងក្តីករណីមេដឹកនាំ ខ្មែរក្រហមនៃប្រទេសកម្ពុជាផងដែរ បានបញ្ជាក់ថា អ្នកដែលទទួលខុស ត្រូវចំពោះបទឩក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ គឺជាក្រុមមនុស្សដែលស្ថិតក្នុង តួនាទីខ្ពស់ៗតែប៉ុណ្ណោះ។

កាលពីពាក់កណ្តាលខែមិនានេះ លោក Antony Blinken ដែលជារដ្ឋមន្ត្រីការបរទេសអាមេរិកបានសរសេលើប្រពន្ធ័ Twitter របស់លោកថា ជាការឆ្លើយតបនឹងការកើនឡើងនៃអំពើហឹង្សា នៅភូមា សហរដ្ឋអាមេរិក បានចាត់តាំងមន្ត្រីពីររូប និងយោធាពីរអង្គភាព។  

ស្រដៀងគ្នានឹងលោក ណេលសុន ម៉េនដឺឡា និងអ្នកស្រីអ៊ុង សានស៊ូជី ដែរ គេហ័រទំព័រ WikipediA ក៏បានសរសេរដែរថា លោកកឹម សុខា មានភាពល្បីល្បាញជាមួយនឹងវេទិការ សាធារណៈដែលគាត់បានធ្វើនៅតាមមូលដ្ឋានទូទាំងប្រទេស។

លោកបានបង្កើតឲ្យមានវេទិការ ពិភាគ្សាដោយសេរី និងបើកចំហរអំពីសិទ្ធិ ពលរដ្ឋ និងនយោបាយ។ លោកកឹម សុខា ក៏ត្រូវបានគេស្គាល់ជាទូទៅ ថាជាអ្នកនយោបាយអហិង្សានិយម និងមានទេពកោសល្យនយោបាយ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ និងការបង្រួបបង្រួមជាតិ។ សារនយោបាយរបស់លោកត្រូវបានដកស្រង់និងនិយាយតាមដោយពលរដ្ឋសាមញ្ញ។

កាលពីដើមខែកញ្ញា ឆ្នាំ២០១៨ សារព័ត៌មាន សម្លេងសហរដ្ឋអាមេរិកបានចុះផ្សាយថា លោកកឹម សុខា បានបង្កើតអង្គការសិទ្ធិមនុស្សដំបូងគេបំផុតក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២ គឺភ្លាមៗបន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានជំរុញយ៉ងស្វិតស្វាញឲ្យមានការចែងអំពីការការពារសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក្នុងឆ្នាំ១៩៩៣។

បន្ទាប់មក លោកកឹម សុខា ត្រូវបានតែងតាំងជាប្រធានគណកម្មការសិទ្ធិមនុស្សនៃរដ្ឋសភា ពីឆ្នាំ១៩៩៣ រហូតដល់១៩៩៨ និងជាប្រធានគណកម្មការសិទ្ធិមនុស្ស នៃព្រឹទ្ធសភាពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១២ ហើយនៅចុងឆ្នាំដដែលនោះលោកបានបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

នៅពេលដឹកនាំមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជានោះ លោកកឹម សុខា បានធ្វើដំណើរតាមសហគមន៍ជនបទស្ទើរគ្រប់ទីកន្លែងក្នុងប្រទេស កម្ពុជា ដើម្បីបង្រៀនពលរដ្ឋខ្មែរ អំពីគោលការណ៍សិទ្ធិមនុស្ស និងការប្រើប្រាស់សិទ្ធិទាំងនោះ ហើយបានរៀបចំវេទិការសាធារណៈដើម្បី ឲ្យពលរដ្ឋ អាចបញ្ចេញមតិអំពីបញ្ហាសហគមន៍ និងប្រទេសជាតិ របស់ពួកគេ។

ដោយមានការចូលរួមពីប្រជាពលរដ្ឋច្រើនឡើងៗ រហូត ដល់រាប់ពាន់នាក់ក្នុងមួយកន្លែងៗ លោកហ៊ុន សែន បានចាប់ខ្លួនគាត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៥ និងចាប់អនុប្រធានគាត់គឺលោកប៉ា ងួន ទៀង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០០៦។ បន្ទាប់ពីការតវ៉ារបស់សង្គមស៊ីវិល ពលរដ្ឋ និង ការអន្តរាគមន៍ ពីសហគមន៍អន្តរជាតិគ្រប់ទិសទី លោក កឹម សុខា និង សកម្មជនសិទ្ធិមនុស្សដទៃទៀតត្រូវបានដោះលែង នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦។

ក្នុងរយៈពេលជាងមួយឆ្នាំក្រោយមក គឺនៅក្នុងខែកក្កដា ឆ្នាំ២០០៧ លោក កឹម សុខា បានបង្កើគណបក្សសិទ្ធិមនុស្ស ហើយក្រោយមកបានរួមគ្នាជាមួយគណបក្ស សម រង្ស៊ី ដើម្បីបង្កើតជាគណបក្សប្រឆាំងដ៏ធំមួយមានឈ្មោះថា គណបក្សសង្គ្រោះ ជាតិ។

លោកកឹម សុខា បានក្លាយជាប្រធាននៃគណបក្សបានក្លាយ ជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងខែមិនា ឆ្នាំ២០១៧ រហូតដល់ពេល ដែលរបបលោកហ៊ុន សែន បានចាប់ខ្លួនគាត់ទាំងពាក់កណ្តាល                    អាធ្រាតុ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទពីបទក្បត់ជាតិ។

លោកកឹម សុខា ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថាជា បុគ្គលឆ្នើមមួយរូបដែលមានការលះបង់ខ្ពស់ដើម្បីបុព្វហេតុសិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជា។ ក្រោយពីត្រូវបានដោះលែងចេញពីពន្ធនាគារ ក្នុងខែមករា ឆ្នាំ២០០៦ លោកកឹម សុខា បានដឹកនាំក្បួនសិទ្ធិយាត្រា ពីភ្នំពេញឆ្ពោះទៅកាន់ភ្នំឩត្តុង្គដើម្បីទាមទារអោយលប់បំបាត់ទោស បរិកេរ្តិ៍ និង ទៅប្រាសាទអង្គវត្តនៅឆ្នាំបន្ទាប់គឺក្នុងឆ្នាំ២០០៧ ដើម្បី ទាមទារមានការធានាសេរីភាពបញ្ចេញមតិនៅកម្ពុជា។

គាត់បាន ធ្វើដំណើដោយថ្មើរជើងរាប់រយគីឡូម៉ែត្រនៅក្នងព្រឹត្តិការណ័ទំាង ពីរនេះ។ ក្រៅពីលះបង់កំលាំងកាយចិត្តទាំងនេះ លោកកឹម សុខា ក៏បានទទួលការគំរាមកំហែងជាច្រើនលើកច្រើនសារពីសំណាក់ រដ្ឋាភិបាលលោកហ៊ុន សែន ដោយរួមទាំងការជាប់ពន្ធនាគារ ចំនួនពីរលើកមកដល់បច្ចុប្បន្ននេះ។

តាមរយៈអត្ថបទចុះផ្សាយរបស់សារព័ត៌មាន South East Asia Globe ក្នុងខែកក្កដា ឆ្នាំ២០១៤ លោកបណ្ឌិត Markus Kabaum ដែលជាទីប្រឹក្សាឯករាជ្យផ្នែកនយោបាយកម្ពុជា បាននិយាយថា លោកកឹម សុខា បានដាក់ខ្លួនគាត់ក្នុងភ្នក់ភ្លើងជាច្រើនលើក ច្រើនគ្រា ដោយសារតែ គាត់ហ៊ាននិយាយប្រឆាំងនឹងក្រុមអ្នកកាន់អំណាច។

ដូចគ្នានេះដែរ សារព័ត៌មាន The Japan Times បានដកស្រង់ប្រសាសន៍របស់ឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាគឺ លោក Patrick Murphy ដែលបានថ្លែងកាលពីខែមិនា ឆ្នាំ២០២០ថា លោកកឹម សុខា មានកេរ្តិ៍ឈ្មោះជុំវិញពិភពលោក ជាជើងឯក ខាងការពារសិទ្ធិមនុស្ស និងសេរីភាព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស