29 C
Phnom Penh

ខណៈបាតុករស្លាប់កើនឡើង ៥១០នាក់ សិង្ហបុរី ស្នើអោយសមាគមអាស៊ានផ្ដល់មេរៀនដល់យោធាភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានការណ៏នៅភូមាកាន់តែធ្ងន់ធ្ងរទៅៗ។ មកដល់ពេលនេះ ពួកយោធា មិនបានទំលាក់អាវុធដើម្បីបញ្ចប់ការបង្ហូរឈាមលើពលរដ្ឋខ្លួនឯងនោះទេ។ បាតុករស្លាប់ជារៀងរាល់ថ្ងៃក្រោមគ្រាប់កំាំភ្លើងរបស់ពួកយោធា នៃរបបរដ្ឋប្រហារ ១កុម្ភៈ ។
សមាគមជំនួយ សម្រាប់អ្នកទោសនយោបាយ បានបញ្ជាក់ក្នុងរបាយការណ៍របស់ខ្លួនថា គិតដកដល់ ថ្ងៃទី៣០មីនានេះ ចំនួនបាតុករ បានស្លាប់ កើនឡើងចំនួន ៥១០នាក់ ហើយក្នុងនោះ ក៏មានកុមារផងដែរ។

របាយការណ៍របស់ សមាគមនេះ បានបញ្ចាក់ទៀតថាមនុស្ស ៥១នាក់ត្រូវបានពួកយោធាបាញ់ សម្លាប់នៅក្នុងទីក្រុងធំ និងទូទាំងប្រទេស នៅរយៈពេល២ថ្ងៃមកនេះ។ ចំណែកការចាប់ខ្លួន បានកើនឡើងជាង៣ពាន់នាក់  ហើយពលរដ្ឋភៀសខ្លួន នៅទៅប្រទេសថៃ និងឥណ្ឌាកើនឡើង ជាង១ម៉ឺននាក់។

នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយនៅថ្ងៃទី៣០ ខែមីនានេះ។

ខណៈមនុស្សស្លាប់ជារៀងរាល់ថ្ងៃ និងមានចំនួនកាន់តែច្រើន ពិភពលោក មានការតក់ស្លុត ហើយ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស ពួកយោធាភូមាជាខ្លាំង។

ការថ្កោលទោស មានទាំង អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានាធិបតី អាមេរិក រដ្ឋមន្រ្តីការបទេស ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង កាណា អូស្ត្រាលី អ៊ីតាលី ហូងឡង់ ស៊ុយអែត ប្រធានគោលនយោបាយកិច្ចការបរទេស នៃសហភាពអឺរ៉ុប តំណាង២៧ប្រទេស ។

ដោយឡែក អ្វីដែលធ្វើអោយមានការភ្ញាក់ផ្អើលគឺ រដ្ឋមន្ត្រីការបរទេស នៃប្រទេសសិង្ហបុរី លោក Vivian Balakrishnan បានប្រកាសថា ស្ថានភាពនៅភូមា បានក្លាយជាសោកដនាកម្ម ដ៏ធ្ងន់មួយដែលលោកថាជាពេលវេលាមួយ ត្រូវរួមគ្នាផ្ដល់មេរៀនទៅឲ្យពួកយោធាភូមា។

លោកបានថ្លែងថាចំពេលសម្រាប់ប្រទេសក្នុងសមាគមអាស៊ានត្រូវបង្ហាញជំហររួមគ្នា ក្នុងការដាក់ចេញវិធានការពិតប្រាកដ ទៅលើពួកយោធាភូមា ។

លោក Balakrishnan បានសង្កត់ន័យធ្ងន់អំពីរដ្ឋប្រហាររបស់ពួកយោធាភូមា កាលពីថ្ងៃទី១ ខែកុម្ភៈ និងការបង្ក្រាបដ៏សាហាវរបស់ កងសន្តិសុខ ទៅលើក្រុមបាតុករ គឺជារឿងដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវដើរតួនាទី ក្នុងការស្វែងរកច្រកចេញឲ្យបានចំពោះវិបត្តិនេះ ព្រោះវានាំឲ្យតំបន់ជួបរឿង អាម៉ាស់ហើយ អសន្តិសុខទៀតផង។

រដ្ឋមន្ត្រីការបរទេស នៃប្រទេសសិង្ហបុរី រូបនេះបានឲ្យដឹងថាលោកបានជួបជាមួយសមភាគីឥណ្ឌូនេស៊ី នៅក្រុងហ្សាកាតាហើយបានទៅប្រទេស ម៉ាឡេស៊ី និងបានជួបប្រធានសមាគមអាស៊ានសម្រាប់ឆ្នាំ២០២១នេះ គឺប្រទេសព្រុយណេក្នុងគោលបំណងនិយាយគ្នាអំពីរឿងនេះ។

អាស៊ានត្រូវការសំឡេងតែមួយ ក្នុងចំណោម សមាជិកទាំង ១០ប្រទេស។ គោលនយោបាយនៃការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ទៅវិញទៅមក គឺជាកត្តាតែមួយគត់ដែលកំណត់សមត្ថភាពក្នុងការធ្វើសេចក្ដីសម្រេចរបស់សមាគមមួយនេះ។

តែបែបនេះក្ដី ប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងហ្វីលីពីនក៏បានចូលរួមជាមួយនឹងសិង្ហបុរីផងដែរ ដោយជំរុញ ឱ្យមានការប្រជុំកំពូលជាបន្ទាន់ស្តីពីប្រទេសភូមាដែលជាសមាជិកអាស៊ានកំពុងធ្លាក់ក្នុងអំពើហិង្សា ខណៈប្រទេសលោកសេរីចាត់ទុកថា ភូមាធ្លាក់ក្នុងរដ្ឋឃាតកម្មទៅហើយ។ ប្រទេសទាំង៤នេះបាន ថ្កោលទោសការបង្ក្រាបដ៏ឃោរឃៅពីសំណាក់របបយោធា។

លោកBalakrishnan ក៏បានបន្ដបញ្ជាក់ថាវាចាំបាច់សម្រាប់អាស៊ានក្នុងការពិចារណាគាំទ្រនិងឈរជាមួយគ្នាក្នុងការស្ថាបនាកម្លាំងរួមមួយដើម្បីជួយបញ្ចប់ជំលោះផ្ទៃក្នុងភូមា។ សម្រាប់រូបលោកគឺលោកសង្ឃឹមថាភាគីខាងភូមានឹងពិចារណាលើទស្សនៈរបស់មេដឹកនាំអាស៊ាននៅពេលជួបប្រជុំខាងមុខនេះ។

ខណៈសិង្ហបុរី កំពុងស្វែងរកអន្តរាគមន៍ គឺរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីអ្នកស្រី Retno Marsudi មានប្រសាសន៍ថាអ្នកស្រីបានលើករឿងនេះទៅនិយាយជាមួយជប៉ុនក្នុងនាមជប៉ុនជាប្រទេសវិនិយោគិនធំមួយនៅភូមា ហើយសិង្ហបុរីជាប្រទេសវិនិយោគិនលេខមួយ។

រដ្ឋមន្រ្តី Marsudi ឱ្យដឹងថាយ៉ាងហោចណាស់គឺ ២ ដងក្នុងមួយសប្តាហ៍ដែលអ្នកស្រីបានទូរសព័ព្ទ ទៅកាន់ សមភាគីជប៉ុន ដោយសិក្សាអំពីស្ថានភាពនៅភូមា ហើយភាគីទាំង២ សន្យាបើកកិច្ចសហប្រតិបត្តិការរិះរកដំណោះស្រាយ ដើម្បីសន្តិភាពតំបន់និងផ្សះផ្សាជំលោះក្នុងប្រទេសភូមា។

ឥណ្ឌូនេស៊ី និងសឹង្ហបុរីត្រូវបានគេមើលឃើញថាជាប្រទេសដែលមានសកម្មភាពលេចធ្លោជាងគេក្នុងបណ្តាប្រទេសអាស៊ានទាក់ទិន ទៅនឹងវិបត្តិនៅភូមា ។ ប្រទេសដែលជាស្ថាបនិកសមាគមអាស៊ាន មាន៥ប្រទេស ។

ប្រទេសទាំងនោះ រួមមាន ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី ប៉ុន្តែប្រទេសថៃនៅគ្រានេះ កំពុងធ្លាក់ក្រោម ការដឹកនាំរបស់ឧត្តមសេនីយ៍ មេរដ្ឋប្រហារ ឆ្នាំ២០១៤គឺនាយករដ្ឋមន្រ្តីបា្រយុទ្ធចាន់អូចា គឺរាជាណាចក្រ នេះ មិនបានចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោស រដ្ឋប្រហារនៅភូមានោះទេ គឺដូចកម្ពុជា និងឡាវ ផងដែរ។

ចំណែក វៀតណាម ដែលប្រកាន់របបកុម្មុយនិស្ត ទោះជាបានចេញសេចក្ដីថ្លែងការណ៍ក៏ដោយ ក៏មិនបានថ្កោលទោសរបបរដ្ឋប្រហារនៅភូមា ផងដែរ។

ប៉ុន្តែប្រទេសនេះ បានជំរុញអោយសហគមន៍អន្តរជាតិ ជួយស្ដារស្ថិរភាព និងធ្វើឲ្យមានរបបប្រជាធិបតេយ្យនៅភូមាឡើងវិញ។ ដោយឡែកប្រទេស ព្រុយណេ ដែលឆ្នាំនេះ ជាប្រធានកិច្ចប្រជុំអាស៊ាន បានប្រកាសរួចហើយនូវជំហររបស់ខ្លួន ដោយសន្យាដើរតាមសំឡេងភាគច្រើនក្នុងការធ្វើបទអន្តរាគមន៍ទៅលើប្រទេសភូមា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស