37 C
Phnom Penh

សកម្មជនបរិស្ថានមួយរូបកោសក់ដើម្បីជំរុញឱ្យតុលាការកម្ពុជាមានយុត្តិធម៌ និងឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់នៃសមាគមបណ្តាញយុវជនកម្ពុជា CYN ដែលបានឃ្លាំមើលសវនាការសំណុំរឿងសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ៣រូបនៅព្រឹកថ្ងៃទី៣១ខែមីនានេះ បានអះអាងថា សកម្មជនបរិស្ថានមួយរូបក្នុងចំណោម៣រូប ដែលមានវត្តមានក្នុងសវនាការបានសម្រេចចិត្តកោសក់ក្បាល ដើម្បីជានិមិត្តរូបជំរុញឱ្យតុលាការកម្ពុជាមានយុត្តិធម៌ និងឯករាជ្យ។

 មន្ត្រីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា CYN លោក សាន់ ម៉ាឡា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោក ជុំវិញ ដំណើរការសវនាការជំនុំជម្រះលើសំណុំរឿងយុវជន  បរិស្ថាន រួមមានលោកថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី នៅព្រឹកថ្ងៃពុធនេះ។

លោកសាន់ ម៉ាឡា ដែលបានចូលរួមឃ្លាំមើលដំណើរការសវនានេះ បញ្ជាក់ថា គ្រាន់តែលោកដើរចូលដល់បន្ទប់សវនាការភ្លាម លោក ថុន រដ្ឋា សកម្មជនបរិស្ថាន ស្ថិតក្នុងសំលៀកបំពាក់ពណ៌ ស្លាទុំ ក្បាល            ត្រង៉ោលគ្មានសក់ បានលើកដៃឡើងលើ រួចបន្លឺសំឡេងឮៗថា យុត្តិធម៌ត្រូវតែមានសម្រាប់ពួកលោកទាំងបីនាក់។ ជាមួយគ្នានោះ រដ្ឋាបានអះអាងថា ការកោរសក់ក្បាលរបស់លោកនេះ គឺដើម្បីស្នើឲ្យតុលាការមានយុត្តិធម៌ និងឯករាជ្យ ពិតប្រាកដ។

ប្រភពដដែលបន្តថា ចំពោះវត្តមានអ្នកចូលរួមសង្កេតការណ៍សវនាការនេះ គឺមានតែវត្តមានរបស់មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សពីអង្គការលីកាដូ អ្នកសារព័ត៌មានមកពី Camboja និងមន្ត្រីនៃសមាគមបណ្តាញយុវជនកម្ពុជាចំនួន២រូប គឺ លោក សាន់ ម៉ាឡា  និងលោក ម៉ា ចិត្រា។ រីឯក្រុមគ្រួសាររបស់សកម្មជនបរិស្ថានទាំងបីរូប មិនត្រូវបានចៅក្រមសម្រេចឲ្យចូលរួមស្តាប់នោះទេ ក្រោមហេតុផល កូវីដ១៩។

លោក សាន់ ម៉ាឡា ឱ្យដឹងថាលោក ថុន រដ្ឋា រងបទចោទថាប្រព្រឹត្តអំពើញុះញង់ ចាប់តាំងពីឆ្នាំ២០១៣ ដល់ ២០២០ ទាំងដែលគាត់ទើបតែចូលរួមស្ម័គ្រចិត្ត ជាមួយចលនាមាតាធម្មជាតិនៅក្នុងឆ្នាំ២០១៥ តែប៉ុណ្ណោះ នៅពេលអង្គការមួយនេះនៅមិនទាន់ត្រូវបានក្រសួងមហាផ្ទៃរំលាយ។

យ៉ាងណាចៅក្រម និងព្រះរាជអាជ្ញា បានចោទប្រកាន់សកម្មជនបរិស្ថានទាំង៣នាក់ថា ការបង្ហោះអំពីក្តីបារម្ភរបស់ពួកគាត់ គឺអាចនាំឲ្យអ្នកគាំទ្រច្របូលច្របល់ ចលាចល ឬនាំឲ្យមានការខឹងស្អប់ដល់រដ្ឋាភិបាល។ ប៉ុន្តែសកម្មជនបរិស្ថានទាំងបីរូប បានឆ្លើយតបវិញថា ការបារម្ភ និងបញ្ចេញមតិរបស់ពួកគាត់គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងសិទ្ធិពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។

តែយ៉ាងណា ក្រោយការសាកសួរជជីករកឬស រកគល់ អស់រយៈកាលមួយព្រឹកធំ ចៅក្រមបានសម្រេចបិទសវនាការវេលា ម៉ោងប្រមាណ១២ថ្ងៃត្រង់ និងសម្រេចបន្តជំនុំជម្រះក្តី នេះម្តងទៀត នៅថ្ងៃទី៨ ខែមេសា ២០២១ ខាងមុខ។ សមត្ថកិច្ចចាប់ខ្លួនសកម្មជនចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធានិង កញ្ញា ភួន កែវរស្មី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

អ្នកទាំង៣រូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរ ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននិងចោទប្រកាន់នេះ បន្ទាប់ពីពួកគេបានប្រកាសធ្វើយុទ្ធនាការដើរថ្មើរជើងពីវត្តភ្នំ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាលឱ្យបញ្ឈប់ការលុបបឹងតាមោក ដែលជាបឹងធម្មជាតិនៅសល់ចុងក្រោយគេ។

ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ហ្គន់សាឡេសដេវិសុន កាលពីសប្តាហ៍មុន បានជំរុញឱ្យតុលាការក្រុងភ្នំពេញដោះលែងសកម្មជនបរិស្ថានទាំងបីរូបជាបន្ទាន់ ព្រោះការឃុំខ្លួនពួកគេអស់រយៈពេលជាង២០០ថ្ងៃមកនេះ គឺជាការឃុំខ្លួនដោយខុសច្បាប់ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស