35 C
Phnom Penh

អ្នកវិភាគថា ដីកាបណ្តេញមន្ត្រីសុខាភិបាលជាន់ខ្ពស់ខេត្តប៉ៃលិនចេញពីក្របខណ្ឌ គឺធ្វើខុសនឹងគោលការណ៍យុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គមប្រតិកម្មថា អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ត្រូវលុបចោលដីកាបណ្តេញមន្ត្រីសុខាភិបាលលោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាល និងដកចេញនូវវិធានការទាំងអស់ប្រឆាំងនឹងមន្ត្រីរូបនេះជាបន្ទាន់។

បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅពេលថ្មីៗនេះថា ការសម្រេចដាក់ទណ្ឌកម្មលើ លោក ខឹម មុនីកុសល គឺប្រឆាំងទៅនឹងយុត្តិធម៌ធម្មជាតិដោយមនុស្សម្នាក់ៗ ត្រូវបានទទួលនៅពេលគេកាត់សេចក្តីអំពីកំហុសដែលគេចោទថា ខ្លួនបានប្រព្រឹត្តអ្វីមួយ។

លោកអះអាងថា តាមដឹង គេអត់បានផ្តល់សិទ្ធិការពារខ្លួនដល់មន្ត្រីសុខាភិបាលរូបនេះទេ ត្បិតពួកគេអាងថា ខ្លួនជាអ្នកធំជាងគេ សម្រេចដាក់ទណ្ឌកម្មគេ ដោយអត់បានឲ្យគេនិយាយការពារខ្លួនសោះឡើយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ករណីនេះជាការរំលោភគោលការណ៍យុត្តិធម៌ធម្មជាតិ គឺផ្តាច់ការ និងអយុត្តិធម៌ យ៉ាងធ្ងន់ធ្ងរ។

អភិបាលខេត្តប៉ៃលិន អ្នកស្រី បាន ស្រីមុំ បានចេញដីកាស្ដីពីការអនុវត្តទណ្ឌកម្មវិន័យថ្នាក់ទី២ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយសម្រេចបណ្តេញ លោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ដែលកំពុងបម្រើការងារជាមន្ត្រីនៅការិយាល័៧បង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដោយមូលហេតុប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងផ្នែកវិជ្ជាជីវៈ។

ដីកាបណ្តេញចេញនេះធ្វើឡើងបន្ទាប់ពី លោក ខឹម មុនីកុសល បានសរសេរលើគណនី Facebook របស់លោក ដែលមានខ្លឹមសាររិះគន់មន្ត្រីរាជការមួយចំនួនដែលមិនយកចិត្តទុកដាក់នឹងការងារ និងបញ្ហាអសកម្មផ្សេងទៀត។

អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានបំភ្លឺកាលពីថ្ងៃទី២០ ខែមីនាថា ការបង្ហោះសាររបស់លោក ខឹម មុនីកុសល គឺធ្វើឲ្យចលាចលសន្តិសុខសង្គមធ្ងន់ធ្ងរ។

លោក ខឹម មុនីកុសល បានដាក់ពាក្យបណ្តឹងទៅក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២៤ មីនា ដើម្បីទាមទារយុត្តិធម៌ផងដែរ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងសាធារណៈ លោក ព្រំ សុខា បានបង្វែរសំណុំរឿងនេះឲ្យទៅរដ្ឋបាលខេត្តប៉ៃលិន ដោះស្រាយវិញ។ 

សំណុំរឿងនេះហាក់ស្ងប់ស្ងាត់មិនទាន់មានដំណោះស្រាយណាមួយ ដើម្បីបង្ហាញអំពីភាពយុត្តិធម៌ជូនទៅមន្រ្តីសុខាភិបាលរូបនោះនៅឡើយទេ៕                

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស