ចលនាយុវជនសង្គ្រោះជាតិថា បក្សប្រឆាំងនឹងជោគជ័យ នៅពេលសសរស្ដម្ភបក្សកាន់អំណាចរង្គោះរង្គើ

ក្រុមសកម្មជនសង្គ្រោះជាតិក្នុងប្រទេសកូរ៉េខាងត្បូង អះអាងថា ប្រសិនបើក្រុមប្រឆាំងរវល់តែឈ្លោះគ្នា ប្រកាន់បក្ខពួក គឺមិនអាចមានសមត្ថភាពធ្វើឲ្យសសរស្ដម្ភរបស់បក្សកាន់អំណាចដួលរលំបានទេ ហើយភាពជោគជ័យរបស់បក្សប្រឆាំងហាក់នៅឆ្ងាយខ្លាំងណាស់។

ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក យឹម ស៊ីណន បានសរសេរលើគណនី Facebook  របស់លោកពីពេលថ្មីៗនេះថា បក្សប្រឆាំងកាន់តែប្រឆាំង អំណាចលោកហ៊ុន សែនកាន់តែរឹងមាំ ព្រោះមូលដ្ឋានគ្រឹះដែលបក្សកាន់អំណាចកំពុងក្តោបក្តាប់ និងគាបសង្កត់ នៅតែរឹងមាំនៅឡើយ ខណៈបក្សប្រឆាំងចេះតែបែកបាក់ជាប្រចាំ។

លោកថា គណបក្សប្រជាជនកម្ពុជា បានប្រើអំណាចគ្រប់គ្រងសេនាធិការរបស់ខ្លួន គ្រប់ស្ថាប័នរដ្ឋ គ្រប់ផ្នែក រាប់ទាំងស្ថាប័នកំពូល ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីបញ្ញត្តិ និងស្ថាប័នតុលាការ យកមកធ្វើជារបស់ខ្លួនអស់ទៅហើយ ដើម្បីឲ្យមន្ត្រីតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើរតួជាឃោសនិកសំដែងបំពេទាក់ទាញអារម្មណ៍មហាជនឲ្យជឿជាក់លើការដឹកនាំរបស់លោក ហ៊ុន សែន គ្រប់អាណត្តិ។

លោកថា សសរស្ដម្ភសំខាន់ៗ ដែលធ្វើបក្សកាន់អំណាចរឹងមាំនោះ រួមមានការគ្រប់គ្រងធនធានមនុស្ស  ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរតែផ្តាច់មុខក្នុងដៃ។ ការគ្រប់គ្រងក្រុមអ្នកសិល្បៈគ្រប់ប្រភេទ។ បន្ថែមពីនេះ ការគ្រប់គ្រងក្រុមអ្នកជំនួញទាំងក្នុងស្រុក និងក្រៅស្រុក ដែលធ្វើឱ្យសេដ្ឋកិច្ចគណបក្សកាន់អំណាចកាន់តែរឹងមាំ។

ដោយឡែកស្ថាប័នជាតិដែលមានអំណាច ដែលគ្រប់គ្រងដោយលោក ហ៊ុន សែន ប្រមុខបក្សប្រជាជនកម្ពុជា ដូចជាស្ថាប័នកងទ័ព ឬយោធា មន្ត្រីរាជការ តុលាការគ្រប់ជាន់ថ្នាក់  ស្ថាប័នជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប. និងពេលខ្លះលូកដៃគ្រប់គ្រងដោយរាជវាំងទៅទៀត។

រីឯសសរស្ដម្ភដ៏សំខាន់មួយទៀតនោះ គឺការគ្រប់គ្រងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា តែម្តង  ដោយមានបណ្ដាញស្ទើរគ្មានចន្លោះ និងមានរចនាសម្ព័ន្ធច្បាស់លាស់ ហើយសំបូរធនធានមនុស្សជាដើម។

គណបក្សកាន់អំណាចដែលដឹកនាំដោយលោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ព្រមទាំងចាប់មេដឹកនាំ និងសមាជិកបក្សប្រឆាំងមួយនេះ ដាក់ពន្ធនាគារជាបន្តបន្ទាប់តាមការចង់បានរបស់លោក។

លើសពីនេះ តុលាការកំពូលបិទផ្លូវមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងចំនួន ១១៨រូប ធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយតំណែងមន្ត្រីបក្សប្រឆាំងតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់រដ្ឋសភា ព្រឹទ្ធសភា ត្រូវបានបក្សកាន់អំណាចដកហូត និងយកទៅបែងចែកឱ្យបក្សដទៃ ទាំងដែលលោក កឹម សុខា នៅតែជាមនុស្សស្អាតស្អំ ព្រោះតុលាការនៅមិនទាន់ប្រកាសថា លោក  មានទោសឬ អត់នៅឡើយនោះ។

មិនត្រឹមតែប៉ុណ្ណោះ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ ៨រូបផ្សេងទៀត ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចប្រកាសផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ២០ឆ្នាំទៅ២៥ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយថែមទៀតផង។

ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ធ្លាប់អះអាងហើយថា លោកនឹងតាមកម្ទេចគណបក្សសង្គ្រោះជាតិ ឱ្យរលាយសាបសូន្យបន្ថែមទៀត តាមរយៈការប្រើយុទ្ធសាស្ត្រកាត់ក្បាល និងបំបែកដងខ្លួន ដែលលោកធ្លាប់ប្រើបានជោគជ័យលើសម្តេចក្រុមព្រះកាលពីទសវត្ស៩០។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីថ្ងៃអង្គារថា យុទ្ធសាស្ត្ររបស់បក្សកាន់អំណាចជាយុទ្ធសាស្ត្រច្រេះស៊ីដែក គឺជាការគ្រប់គ្រងនាំទៅរកការប្រព្រឹត្តអំពើពុករលួយដែលមិនចំណេញដល់ជាតិ និងប្រជាជននោះទេ។

លោកថា គណបក្សប្រឆាំងត្រូវតែពង្រឹងផ្ទៃក្នុងរបស់ខ្លួនឡើងវិញដោយយក រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងបក្ស ធ្វើជាគោលការណ៍ក្នុងការតម្រង់ទិសដៅនយោបាយរបស់ខ្លួន ខណៈការគាំទ្ររបស់មហាជនឯមូលដ្ឋាននៅតែពុះកញ្ជ្រោលដដែល។ ដូច្នេះការប្រកួតប្រជែងគ្នាលើគោលនយោបាយសម្រាប់ជាតិទើបជារឿងសមស្របក្នុងសង្គមប្រជាធិបតេយ្យ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក មែន ណាត លើកឡើងថា ចំនុចខ្សោយធំរបស់បក្សប្រឆាំង គឺការបែកបាក់សាមគ្គីផ្ទៃក្នុង ខណៈក្រុមលោក សម រង្ស៊ី នាំគ្នាពង្រីកវប្បធម៌ជេរប្រមាថ និងលាបពណ៌។ ចំណែកក្រុមលោក កឹម សុខា រក្សាភាពស្ងប់ស្ងាត់ជ្រុលហួសហេតុ។

លោកថា បញ្ហាកម្ពុជា មិនមែនមកពីពលរដ្ឋខ្មែរ ហើយក៏មិនមែនមកពីបរទេសដែរ គឺមកពីអ្នកដឹកនាំនយោបាយគ្រប់ភាគីយកទីលាននយោបាយកម្ពុជា ធ្វើជាកន្លែងដោះស្រាយគំនុំផ្ទាល់ខ្លួន។ ដូច្នេះដើម្បីដោះស្រាយវិបត្តិនេះមានតែអ្នកដឹកនាំទាំងនោះវិលរកការចរចាប៉ុណ្ណោះ។ ប៉ុន្តែជំហានដំបូងមេដឹកនាំខាងប្រឆាំងត្រូវសម្រួលកម្លាំងនយោបាយរបស់ខ្លួនឡើងវិញជាមុន បើមិនដូច្នេះការផ្លាស់ប្តូរពិតប្រាកដ និងមិនអាចចេញជារូបរាងបានទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.