31.8 C
Phnom Penh

សមាគមមន្ត្រីរាជការស្នើឱ្យទទួលមន្ត្រីសុខាភិបាលខេត្តប៉ៃលិនចូលក្របខ័ណ្ឌនិងបម្រើការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាស្នើឱ្យទទួលមន្ត្រីសុខាភិបាលខេត្តប៉ៃលិន លោក ខឹម មុនីកុសល ចូលក្របខណ្ឌ និងបម្រើការងារវិញ ដោយថាការបណ្តេញមន្ត្រីសុខាភិបាលរូបនេះ ចេញជាការសម្រេចមិនស្របតាមនីតិវិធីច្បាប់និងមិនឆ្លើយតបនឹងអង្គហេតុដែលប្រព្រឹត្ត។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ឱ្យដឹងថា សមាគមនេះ បានត្រួតពិនិត្យលើគោលការណ៍ច្បាប់ពាក់ព័ន្ធរួចហើយ  ដោយការបង្ហោះសាររបស់លោក ខឹម មុនីកុសល មិនមែនជាកំហុស និងធ្វើឱ្យឆ្គាំឆ្គងក្នុងវិជ្ជាជីវៈដល់ថ្នាក់បណ្តេញចេញពីក្របខ័ណ្ឌ ដូចដីកាសម្រេចរបស់ អភិបាលខេត្តប៉ៃលិននោះឡើយ។

សមាគមមន្ត្រីរាជការចាត់ទុកការបណ្ដេញលោក ខឹម មុនីកុសល ថា ជាការបំបាក់ស្មារតីដល់មន្ត្រីរាជការផ្សេងទៀត ដែលមានបំណងចង់បញ្ចេញមតិ និងគំនិតយោបល់ ក្នុងការធ្វើឱ្យមានអភិបាលកិច្ច គុណភាពសេវាសាធារណៈ  និងលើកកម្ពស់ផលប្រយោជន៍សង្គមជាតិ។

សមាគមមន្ត្រីរាជការហៅការបណ្តេញលោក ខឹម មុនីកុសល ថា ជាការអនុវត្តរំលោភអំណាច និងជាគំរូមិនល្អ ដល់អភិបាលខេត្តផ្សេងទៀត លើការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ។ 

ករណីនេះ សមាគមស្នើរដ្ឋាភិបាលទទួលលោក ខឹម មុនីកុសលចូលក្របខ័ណ្ឌ និង បម្រើការងារវិញដោយគ្មានលក្ខខណ្ឌ  ហើយគោរពសិទ្ធិបញ្ចេញមតិក្នុងគោលបំណងដើម្បីស្ថាបនា  និងត្រូវអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាឱ្យបានត្រឹមត្រូវ ដើម្បីការពារប្រយោជន៍ដល់មន្ត្រីរាជការស៊ីវិលគ្រប់រូប។

កាលពីថ្ងៃទី១៩ ខែមីនា អភិបាលខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ បានសម្រេចបណ្ដេញគ្រូពេទ្យម្នាក់ឈ្មោះ ខឹម មុនីកុសល ចេញពីក្របខណ្ឌមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាលខេត្ត ដោយចោទប្រកាន់គ្រូពេទ្យរូបនេះថាបានប្រព្រឹត្តកំហុស និងមានការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។

ក្រោយអភិបាលខេត្តប៉ៃលិនបណ្តេញចេញ នៅថ្ងៃទី២៤ ខែមីនា លោក ខឹម មុនីកុសល បានដាក់ពាក្យបណ្តឹងទៅក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ដើម្បីឱ្យស្ថាប័នទាំងពីជួយរកយុត្តិធម៌ដល់លោក។

ប៉ុន្តែនៅពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា  បានចេញលិខិតមួយ ដោយសម្រេចបង្វែរសំណុំរឿងនៃពាក្យបណ្តឹងតវ៉ារបស់លោក ខឹម មុនីកុសល ទៅ                         រដ្ឋបាលខេត្តប៉ៃលិនដោះស្រាយឡើងវិញ តាមរយៈការបង្កើតគណៈកម្មាធិការសម្រុះសម្រួលទំនាស់។

អ្នកឃ្លាំមើលសង្គមប្រតិកម្មថា អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន ត្រូវលុបចោលដីកាបណ្តេញមន្ត្រីសុខាភិបាលលោក ខឹម មុនីកុសល ចេញពីក្របខ័ណ្ឌមន្ត្រីសុខាភិបាល និងដកចេញនូវវិធានការទាំងអស់ប្រឆាំងនឹងមន្ត្រីរូបនេះជាបន្ទាន់។

បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងនៅពេលថ្មីៗនេះថា ការសម្រេចដាក់ទណ្ឌកម្មលើ លោក ខឹម មុនីកុសល គឺប្រឆាំងទៅនឹងយុត្តិធម៌ធម្មជាតិដោយមនុស្សម្នាក់ៗ ត្រូវបានទទួលនៅពេលគេកាត់សេចក្តីអំពីកំហុសដែលគេចោទថា ខ្លួនបានប្រព្រឹត្តអ្វីមួយ។

លោកអះអាងថា តាមដឹង គេអត់បានផ្តល់សិទ្ធិការពារខ្លួនដល់មន្ត្រីសុខាភិបាលរូបនេះទេ ត្បិតពួកគេអាងថា ខ្លួនជាអ្នកធំជាងគេ សម្រេចដាក់ទណ្ឌកម្មគេ ដោយអត់បានឲ្យគេនិយាយការពារខ្លួនសោះឡើយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា ករណីនេះជាការរំលោភគោលការណ៍យុត្តិធម៌ធម្មជាតិ គឺផ្តាច់ការ និងអយុត្តិធម៌ យ៉ាងធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស