27 C
Phnom Penh

អ្នកឃ្លាំមើលសង្គមថា កម្ពុជា កំពុងក្លាយជាទីក្រុងដ៏ស្រស់ត្រកាលសម្រាប់អ្នកនយោបាយទុច្ចរិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា សង្គមកម្ពុជា បច្ចុប្បន្នកំពុងក្លាយជាទីក្រុងដ៏ស្រស់ត្រកាលសម្រាប់អ្នកនយោបាយទុច្ចរិតដែលមានបំណងប្រាថ្នាចង់បានតំណែងធំ សក្តិយស និងទ្រព្យសម្បត្តិសម្រាប់ក្រុមគ្រួសារ និងបក្ខពួកខ្លួន ខណៈអ្នកនយោបាយ ដែលចង់ជួយជាតិពិតប្រាកដ គឺមានតិចតួច។

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានចេញផ្សាយពីអត្ថបទវិភាគរបស់លោក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះថា អ្នកនយោបាយល្អ មិនត្រូវបណ្ដុះស្មារតីក្រុមនិយមនោះទេ ប៉ុន្តែត្រូវបណ្ដុះស្មារតីជាតិនិយម ដល់ពលរដ្ឋជំនួសវិញ ដើម្បីពង្រឹងកាតព្វកិច្ច កសាងជាតិដល់ពលរដ្ឋ ឱ្យស្គាល់ច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងនាមជាម្ចាស់អំណាច និងម្ចាស់ប្រទេសស្របតាម                     រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកថា មេដឹកនាំនៅកម្ពុជា ត្រូវធ្វើជាគំរូល្អនៅក្នុងការគោរពច្បាប់ទៅដល់ពលរដ្ឋរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ដោយចៀសវាងការគោរពបុគ្គលបំពានលើច្បាប់ជាដាច់ខាត ដូចជា ការគោរពរដ្ឋធម្មនុញ្ញ គោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ព្រមទាំងបទដ្ឋានគតិយុត្តិនានា ជាតិ និងអន្តរជាតិ ជាដើម។

លោក សេក សុជាតិ បញ្ជាក់ថា បច្ចុប្បន្ននេះពិតជាសម្បូរអ្នកនយោបាយបោកប្រាស់ប្រជាពលរដ្ឋ ឬអ្នកគាំទ្រ និងសកម្មជនខ្លួនឯងយ៉ាងស្ទាត់ជំនាញ លើសពីនេះ មានអ្នកនយោបាយប្រជាភិថុតិទាំងនោះបានរុញច្រានឲ្យអ្នកគាំទ្ររបស់ខ្លួនទទួលរងគ្រោះជំនួសថែមទៀត ប៉ុន្តែពួកគេព្យាយាមនិយាយអួតអាង បំផ្លើសការពិត លាបពណ៌ ដើម្បីទម្លាក់កំហុសទៅអ្នកដទៃទៅវិញ។

អ្នកនយោបាយកម្ពុជា កំពុងយកប្រទេសជាតិធ្វើជាល្បែងភ្នាល់ និងយកពលរដ្ឋធ្វើជាឧបករណ៍ដើម្បីរៀបឧបាយកលយកឈ្នះគូបដិបក្ខរៀងៗខ្លួនដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាជន ឬការវិនាសកម្មរបស់ប្រទេសជាតិឡើយ។

កាលពីឆ្នាំ២០១៦ តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន និងតំណាងរាស្ត្រមកពីគណបក្ស សម រង្ស៊ី ដែលដឹកនាំដោយលោក សម រង្ស៊ី បានសហការគ្នារំលោភរដ្ឋធម្មនុញ្ញដើម្បីបង្គ្រប់សំឡេងក្នុងរដ្ឋសភា កែប្រែរូបមន្តបោះឆ្នោត ២ភាគ៣ មកជា៥០% បូក១ ក្នុងបំណង កម្ចាត់គណបក្សហ្វិនស៊ិនប៉ិច ដែលមានបំណងរត់ចោលសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ សម រង្ស៊ី ហ៊ិនស៊ិនប៉ិច ទៅចូលជាមួយគណបក្សប្រជាជន នាពេលនោះ។

ចំណែកឯការដឹកនាំនយោបាយរបស់លោក ហ៊ុន សែន ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ មក ត្រូវគេមើលឃើញថា លោកបានប្រើអំណាចហួសដែនកំណត់ តែងរំលោភលើសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ បំពានរដ្ឋធម្មនុញ្ញ រំលោភព្រះមហាក្សត្រ និងរំលោភលើច្បាប់អន្តរជាតិនានា ដូចជា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ជាដើម។

ដោយឡែក លោក សម រង្ស៊ី ដែលជាអតីតមេដឹកនាំបក្សប្រឆាំង ត្រូវបានសមាជិកបក្សរបស់ខ្លួនដែលឈប់គាំទ្រខ្លះ បានលាតត្រដាងថា ជាក្រុមដែលពូកែលាបពណ៌ និងក្រុមដែលពូកែជេរប្រមាថ លើក្រុមណា ឬបុគ្គលណាដែលរិះគន់ចំនុចខ្សោយរបស់ពួកគេដោយរៀបចំបណ្ដាញសមាជិកដើម្បីលាបពណ៌អ្នកទាំងនោះជាដើម។

ដោយឡែក លោកកឹម សុខា ធ្លាប់អះអាងកាលពីចុងខែមីនាឆ្នាំ២០០២១នេះថា  សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកសេរីមួយចំនួនទៀត នៅតែទទួលស្គាល់អំពីគុណតម្លៃរបស់លោកក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បញ្ជាក់ថា អ្នកដឹកនាំដែលមិនគោរពច្បាប់ នឹងធ្វើឱ្យច្បាប់គ្មានតម្លៃ ប្រជាជនលែងជឿជាក់លើច្បាប់ និងបន្តបង្កើតឲ្យមាន និទណ្ឌភាពនៅក្នុងសង្គមកាន់តែច្រើន និងឈានទៅរកការបែកបាក់សាមគ្គីជាតិកាន់តែធ្ងន់ធ្ងរថែមទៀត៕

ឱ្យមាននិទ្ទណ្ឌភាពនៅក្នុងសង្គមកាន់តែមាច្រើននឹងឈានទៅរកការបែកបាក់សាមគ្គីជាតិកាន់តែធ្ងន់ធ្ងរថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស