អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានគម្រាម បណ្ឌិត សូ ណារ៉ូ ថា នឹងគ្មានវាសនាបានមកជាន់ដីរបស់ខ្មែរ ទៀតនោះទេ។ ការគម្រាមនេះ ធ្វើឡើងក្រោយពី បណ្ឌិត សូ ណារ៉ូ បានអត្ថាធិប្បាយបកស្រាយពីដំណើរការ និងប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន ក្នុងកម្មវិធីIdea Talk នៃសារព័ត៌មានThe Cambodia Daily កាលពីពេលថ្មីៗនេះ។
អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភាព បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះដោយចោទថា មកពីបណ្ឌិត សូ ណារ៉ូ មិនមែនជាខ្មែរបានជាហ៊ាននិយាយព្រហើនបែបនេះ។ លោកថា មិនមែនតែខ្មែរទេដែលបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន នេះ សូម្បីពលរដ្ឋប្រទេសជាច្រើននៅអាស៊ានក៏បានចាក់វ៉ាក់សាំងនេះផងដែរ។
លោកអះអាងថា លោកក៏បានចាក់វ៉ាក់សាំងនេះដែរ ប៉ុន្តែសុខភាពរបស់លោកប្រក្រតីធម្មតាមិនមានអ្វីប្លែកទេ ហើយការចាក់វ៉ាក់សាំងនេះមានរយៈពេលលើសពី ៣សប្តាហ៍ ទៅហើយ ក្រោយចាក់លើកទី២ កាលពីថ្ងៃទី៩ មីនា ២០២១ នៅមន្ទីរពេទ្យកុមារជាតិនោះ។
បណ្ឌិត សូ ណារ៉ូ បានធ្វើអត្ថាធិប្បាយក្នុងកម្មវិធី Idea Talk ស្តីអំពីវ៉ាក់សាំងចិន ដែលបានចាក់ទៅលើប្រជាពលរដ្ឋខ្មែរ ដែលលោក អះអាងថា ការប្រើវ៉ាក់សាំងដែលមិនទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ងាយគ្រោះថ្នាក់សម្រាប់អាយុជីវិតមនុស្ស ជាពិសេសវ៉ាក់សាំងចិន នេះកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍ប៉ុណ្ណោះ។
សារព័ត៌មានអន្តរជាតិ រ៉យទ័រ ក៏បានផ្សាយថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនឱសថ (ស៊ីណូហ្វាម) បានអះអាងថា ពួកគេមិនទាន់ដឹងថា នឹងត្រូវចាក់វ៉ាក់សាំងបន្ថែម ឬអត់នោះទេ ឬក៏នឹងត្រូវចាក់នៅពេលណានោះដែរ ព្រោះពួកគេត្រូវរង់ចាំការវាយតម្លៃលទ្ធផលពីការសាកល្បងដំណាក់កាលទី ៣ ដែលប្រទេសនានាបានយកទៅចាក់សិន ទើបអាចសម្រេចបានថា ពួកគេនឹងត្រូវធ្វើយ៉ាងម៉េចបន្តទៀត។
ក្រសួងសុខាភិបាល បានប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះថា ក្រសួងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ បន្ទាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រកាសថា វ៉ាក់សាំង ស៊ីណូហ្វាម ដែលជាជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៧០ ម៉ឺនដូស និងជាជំនួយលើកទី២ នឹងមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ នេះ។
ទាក់ទងនឹងជំងឺ Covid-19នេះ ក្រសួងសុខាភិបាល អះអាងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ថា ក្រសួងបានរកឃើញអ្នកវិជ្ជមានវីរ Covid-19 ថ្មីចំនួន ៦៣នាក់ ខណៈអ្នកឆ្លងសរុបកើនឡើងជាង ២ពាន់ ៤រយនាក់ ដោយឡែកអ្នកជាសះស្បើយមានចំនួនជាង ១ពាន់នាក់ រីឯអ្នកកំពុងព្យាបាលមានចំនួនជាង ១ពាន់នាក់ផងដែរ លើសពីនេះ អ្នកស្លាប់ដោយសារCovid-19 មានចំនួន១៣ នាក់ហើយគិតត្រឹមថ្ងៃទី៣១ មីនា នេះ ក្នុងចំណោមអ្នកស្លាប់នោះក៏មានអ្នកធ្លាប់ទទួលវ៉ាក់សាំង ស៊ីណូហ្វាម ផងដែរ៕