28.4 C
Phnom Penh

អាមេរិកប្រកាសឱ្យបុគ្គលិកទូត និងគ្រួសារមួយចំនួនចាកចេញពីភូមាចំពេលជំរុញអោយអន្តរាគមន៍លើពួកយោធា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈដែលប្រជាជនភូមាត្រូវបានរាយការណ៍មកថាចាប់ផ្ដើមជីកលេណដ្ឋាននៅតាមលំនៅដ្ឋានរបស់ពួកគេរៀងខ្លួនៗព្រោះតែហិង្សានៃការពើបប្រយុទ្ធគ្នារវាងកងទ័ពនឹងយុវជនប្រឆាំងរបបរដ្ឋប្រហារបានផ្ទុះឡើងជារៀងរាល់ថ្ងៃដោយបណ្ដាលឱ្យមានអ្នកស្លាប់កាន់តែកើនឡើង គឺសហរដ្ឋអាមេរិក បានប្រកាសអោយ បុគ្គលិកនិងក្រុមគ្រួសាតទូត ណាមិនចាំបាច់ ត្រូវចាកចេញពីប្រទេសភូមា។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារទី៣០មីនា នេះ ក្រសួងការបរទេសអាមេរិក បានបង្គាប់បញ្ជាថា បុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ ត្រូវចាកចេញពីភូមា ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា ពួកយោធាភូមាបានឃុំនិងបណ្ដេញមន្រ្ដីរដ្ឋាភិបាលជាប់ឆ្នោតពីអំណាច ធ្វើឱ្យផ្ទុះបាតុកម្ម ការតវ៉ាប្រឆាំងរបបយោធាធ្វើឡើងជារៀងរាល់ថ្ងៃ។

ការជួបប្រជុំជារៀងរាល់ថ្ងៃបាតុកម្មប្រឆាំងយោធាភូមាគឺត្រូវប្រឈមនឹងឧស្ម័នទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និង គ្រាប់រំសេវទៀតផង។

សេចក្ដីប្រកាសរបស់ក្រសួងបរទសអាមេរិកបានឱ្យដឹងថា ពលរដ្ឋអាមេរិកដែលជាអាទិភាពខ្ពស់បំផុតក៏ចាំបាច់ចាកចេញពីភូមាផងដែរ។

នៅទីក្រុងយ៉ង់ហ្កូនរដ្ឋធានីណៃពិដោរទីក្រុងម៉ាន់ដាឡេបានធ្លាក់ក្នុងអំពើហិង្សាដុតកម្លោចដោយភ្លើងជារៀងរាល់ថ្ងៃ។

មកដល់ពេលនេះប្រជាជនភូមាត្រូវបានពួកយោសម្លាប់កើនជិត៥៣០នាក់។ក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះគេសង្កេតឃើញបណ្ដាប្រទេសជាច្រើនបានព្យួរគម្រោងវិនិយោគទុនរបស់ពួកគេក្នុងនោះមានធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ីបានសម្រេចបញ្ចប់គម្រោងឱ្យភូមាខ្ចីប្រាក់។

ចំណែកឯប្រទេសជប៉ុនក៏ប្រកាសព្យួរគម្រោងវិនិយោគផងដែរ។ កាលពីពាក់កណ្ដាលខែមីនា ក្រសួងការបរទេសអាមេរិក ក៏ធ្លាប់បានអនុញ្ញាតផងដែរឱ្យបុគ្គលិកទូតរបស់ខ្លួន ដែលមិនមានភារកិច្ចចាំបាច់ អាចចាកចេញពីភូមា ដោយស្ម័គ្រចិត្ត។

ភូមាធ្លាប់រស់នៅក្រោមអាណានិគមអងគ្លេស បន្ទាប់មកជាប្រទេសដឹកនាំដោយរបបសឹកជាង៥០ឆ្នាំ ក្រុមយោធាតាតម៉ាដាវបានប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលឆ្នាំ២០១១  រហូតរដ្ឋាភិបាលអ្នកស្រីស៊ូជីឡើងដឹកនាំប្រទេសនៅឆ្នាំ២០១៥។ តែក្រោយពីរបបរដ្ឋប្រហារចូលមកទម្លាក់រដ្ឋាភិបាលអ្នកស្រីស៊ូជីសារជាថ្មីនៅថ្ងៃទី១កុម្ភៈក្រោមហេតុផលមិនអាចទទួលយកបានលទ្ធផលឆ្នោតបោះដែលពួកយោធាចោទមានការបន្លំសន្លឹកឆ្នោត។

សហរដ្ឋអាមេរិក អង់គ្លេស និង សហភាពអឺរ៉ុបដែលប្រឆាំងនឹងរបបរដ្ឋប្រហារ ក៏បានដាក់ទណ្ឌកម្មរួចខ្លះហើយដែរ ។ នេះជាការដាក់សម្ពាធបង្ខំលើរបបរដ្ឋប្រហារអោយប្រគល់អំណាចទៅអោយ រដ្ឋាភិបាល ជាប់ឆ្នោតវិញ។  ប៉ុន្ដែថា សម្ពាធការទូតមិនបានធ្វើឱ្យឧត្តមសេនីយ៍ទាំងនោះបន្ថយសកម្មភាពប្រឆាំងនឹងបាតុករនោះទេគឺកាន់តែបាញ់បង្រ្គាបសម្លាប់រង្គាល។

កាលពីថ្ងៃទី២៩មីនា  ក្រុងវ៉ាស៊ីនតោន បាន ប្រកាសព្យួរការធ្វើពាណិជ្ជកម្មជាមួយភូមារហូតដល់ពេលរដ្ឋាភិបាលជាប់ឆ្នោតត្រឡប់មកកាន់អំណាចវិញ ។

ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិកគឺអ្នកស្រី Katherine Tai បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកម្រិតរដ្ឋាភិបាលក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគឆ្នាំ ២០១៣ (TIFA) នឹង មានប្រសិទ្ធភាពទាល់តែមានការវិលត្រឡប់របស់រដ្ឋាភិបាលដែលបានជ្រើសរើសតាមរបៀបប្រជាធិបតេយ្យរស់ឡើងវិញ។

សហរដ្ឋអាមេរិកប្រកាសគាំទ្រប្រជាជនភូមាក្នុងការស្តាររដ្ឋាភិបាល ដែលបានជាប់ឆ្នោតតាមរបៀបប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះនៃការលូតលាស់ និងកំណែទម្រង់សេដ្ឋកិច្ចរបស់ភូមាហើយសហរដ្ឋអាមេរិកថ្កោលទោសខ្លាំងណាស់ចំពោះអំពើហិង្សាឃោរឃៅរបស់កងសន្តិសុខភូមាប្រឆាំងនឹងជនស៊ីវិល។

បើរាប់ពីប្រទេសបានប្រាប់ពអោយពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេសភូមា គឺសហរដ្ឋអាមេរិកជាប្រទេសទី៤ បន្ទាប់ពីវៀតណាម សិង្ហបុរី និង អង់គ្លេស។

វៀតណាមជាប្រទេសដំបូងគេដែលយកយន្ដហោះទៅដឹកពលរដ្ឋរបស់ខ្លួននៅភូមាដល់ទៅជាង៤០០នាក់ ក្នុងជើងយន្ដហោះចំនួនពីរគ្រឿង ដែលរៀបចំដោយក្រសួងការបរទេស  ។

ចំណែកសិង្ហបុរីនិងអង់គ្លេសវិញបានភ្ជាប់ប្រព័្ធទំនាក់ទំនងគ្រោះអាសន្នតាមលេខទូរស័ព្ទរបស់ពលរដ្ឋរបស់ខ្លួនបើមានការបន្ទាន់ត្រូវចាកចេញពីប្រទេសភូមា ហើយក៏បានអំពាវនាវដល់ពលរដ្ឋនៅភូមាដែលមិនចាំបាច់ប្រញាប់មកកកាន់ប្រទេសវិញខ្លួនវិញ។

តែជាការកត់សំគាល់ កាលដែលអាមេរិក និងប្រទេសផ្សេងទៀត បានសម្រេចដូចនេះ កើតឡើងចំពេល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួបប្រជុំគ្នា នៅថ្ងៃនេះ ដែលជាកិច្ចប្រជុំ ចុងក្រោយថ្មីមួយទៀត ដើម្បីកំណត់សេចក្ដីសម្រេចរួមគ្នាអំពីប្រទេសភូមា។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សា តបតាមសំណើរបស់ ប្រទេសអង់គ្លេស ដែលជាអតីតអាណានិគមលើប្រទេសភូមា។

មានការរំពឹងតិចតួចប៉ុណ្ណោះ ដែលថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងមានឆន្ទៈរួមគ្នា ក្នុងការចេញសម្រេចជាក់ស្ដែងលើរបបសឹកនៃប្រទេសភូមា ព្រោះតែគិតថា ចិននិងរុស្ស៊ី អាចនឹងរាំងខ្ទប់ មិនអោយមានវិធានការឬអន្តរាគមន៍ផ្ទាល់លើពួកយោធានោះទេ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស