30 C
Phnom Penh

ពលរដ្ឋឃុំជ្រោយស្វាយ ចោទ លោក សុខ ឃឿន និងបក្ខពួក ដឹកដីចាក់លុបស្រះទឹកធម្មជាតិត្រពាំងព្រិះ រំលោភធ្វើកម្មសិទ្ធិខុសច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋរាប់សិបគ្រួសារ រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលឈ្មោះ សុខ ឃឿន ដែលបានឃិបឃិតគ្នាជាប្រព័ន្ធ ប្រើគ្រឿងចក្រកាយដឹកអាចម៍ដីចាក់លុបស្រះជម្រកត្រីធម្មជាតិ ត្រពាំងព្រិះ និងហ៊ុមព័ទ្ធរបង ក្នុងបំណងរំលោភយកបរិវេណផ្ទៃជម្រកត្រីពងកូនក្នុងតំបន់នេះ ធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។

ពលរដ្ឋ រស់នៅឃុំជ្រោយស្វាយ បានសំណូពរដល់អភិបាលខេត្តកោះកុង ត្រូវបញ្ជូនមន្ត្រីជំនាញ ចុះអង្កេតទៅលើសកម្មភាព របស់លោក សុខ ឃឿន និងបក្ខពួក ដែលបានឃុបឃិតដឹកដីចាក់លុបដីចំណី និងផ្ទៃបរិវេណស្រះទឹកជម្រកត្រីធម្មជាតិ នៅក្នុងសហគមន៍ត្រពាំងព្រិះមានចំនួនរាប់សិបហិកតារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ឲ្យបានឆាប់។

ពលរដ្ឋបន្តថា ស្រះទឹក ដែលបុគ្គល សុខ ឃឿន និងបក្ខពួក ដឹកដីចាក់លុបខាងលើនេះ គឺជាកេរ្តិ៍ដំណែលតាំងពីជំនាន់ដូនតា របស់ពួកគាត់ ធ្លាប់ប្រកបរបរអាស្រ័យផលថែមទៀតផង។

ពលរដ្ឋបន្តទៀតថា ដីសហគមន៍ត្រពាំងព្រិះខាងលើនេះ មានពលរដ្ឋចំនួន ០២ភូមិ ក្នុងឃុំជ្រោយស្វាយនេះ បានបោះឆ្នោត និងបានបង្កើតគណៈកម្មការ ដើម្បីគ្រប់គ្រង និងអភិរក្សត្រពាំងទឹកធម្មជាតិ ដែលមានទំហំផ្ទៃដីជាង ០៥ហិកតារ ព្រមទាំងដីព្រៃស្មាច់ រាប់សិបហិចតារ នៅព័ទ្ធជុំវិញត្រពាំងទឹក ដែលជាជម្រកត្រីធម្មជាតិមួយនេះ។

ពលរដ្ឋបន្តទៀតថា កន្លងមកស្រះទឹកធម្មជាតិ ឬត្រពាំងព្រិះ ដែលឈ្មួញដីឈ្មោះ សុខ ឃឿន និងបក្ខពួក បានឃុបឃិតដឹកដីចាក់លុបរំលោភធ្វើកម្មសិទ្ធិខុសច្បាប់នេះ ពីដំបូងឡើង ជាស្រះទឹកធម្មជាតិដ៏ធំល្វឹងល្មើយ ហើយក៏ជាទីជម្រកត្រីពងកូន ស្ថិតក្នុងការគ្រប់គ្រងរបស់ជលផលខេត្តកោះកុង។

ប៉ុន្តែបច្ចុប្បន្ននេះ ស្រះទឹកធម្មជាតិមួយនេះ ត្រូវបានពួកឈ្មួញដឹកនាំដោយឈ្មោះ សុខ ឃឿន បានដឹកអាចម៌ដីចាក់លប់ជារៀងរាល់ថ្ងៃ ហើយមិនឃើញមាន សមត្ថកិច្ច ឬអាជ្ញាធរពីស្ថាប័នពាក់ព័ន្ធផ្នែកណាមួយ នៃរដ្ឋបាលខេត្តកោះកុង ចេញមុខទប់ស្កាត់នោះទេ។

យ៉ាងនេះក្តី សារព័ត៌មាន The Cambodia Daily នៅមិនទាន់អាចទាក់ទង លោក សុខ ឃឿន ដែលត្រូវបានប្រជាពលរដ្ឋឃុំជ្រោយស្វាយ បានចោទថា បានដឹកអាចម៍ដីចាក់រំលោភយកស្រះទឹកធម្មជាតិ ត្រពាំងព្រិះ ធ្វើជាកម្មសិទ្ធិខុសច្បាប់នេះ បានទេនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ។

ជាងនេះទៀត ក៏មិនទាន់អាចទាក់ទង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញកង្វល់ របស់ប្រជាពលរដ្ឋឃុំជ្រោយស្វាយ ដែលព្រួយបារម្ភពីការបាត់បងស្រះទឹកជាជម្រកត្រីធម្មជាតិ ត្រពាំងព្រិះ ក្នុងមូលដ្ឋានឃុំជ្រោយស្វាយ ខាងលើនេះបាននៅឡើយដែរ ព្រោះគ្មានប្រភពទាក់ទង។

ប៉ុន្តែពលរដ្ឋចំនួន ០២ភូមិ នៃឃុំជ្រោយស្វាយ បានឲ្យដឹងថា កន្លងមកពួកគាត់ ធ្លាប់បានដាក់ពាក្យស្នសុំទៅថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកោះកុង ដោយស្នើសុំបង្កើតជាសហគមន៍អេកូទេសចរណ៍ធម្មជាតិ នៅតំបន់ខាងលើនេះ ដោយកាលណោះ បានដាក់ពាក្យស្នើសុំទៅកាន់ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះ ហើយត្រូវបានថ្នាក់ដឹកនាំរូបនេះសន្យាថា នឹងចាត់មន្ត្រីជំនាញចុះមកពិនិត្យ លើគម្រោង ដែលប្រជាសហគមន៍ឃុំជ្រោយស្វាយនេះ បានស្នើសុំ។

ប៉ុន្តែការសន្យានេះ ត្រូវបានពលរដ្ឋ បញ្ជាក់ថា បានអូសបន្លាយពេលជិតមួយឆ្នាំទៅហើយ នៅពុំទាន់ឃើញ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ធ្វើការឆ្លើយតប ចំពោះសំណើរសុំបង្កើតសហគមន៍អេកូទេសចរណ៍ធម្មជាតិ របស់ពួកគាត់នេះទេ។

ចំណែកផ្ទៃត្រពាំងព្រិះ ក៏ត្រូវបានឈ្មួញដីឈ្មោះ សុខ ឃឿន និងបក្ខពួក បានដឹកដីចាក់លុបស្រះជម្រកកត្រីធម្មជាតិ ឬត្រពាំងព្រិះ និងបានកាប់រានព្រៃស្មាច់ នៅក្នុងមូលដ្ឋានឃុំជ្រោយស្វាយ ស្ទើររលាយហិនហោចអស់ទៅហើយៗ គ្មានមន្ត្រីពីមន្ទីរស្ថាប័នពាក់ព័ន្ធណាមួយ ជាពីសេសអភិបាលខេត្តកោះកុង ចុះមកទប់ស្កាត់នោះទេ។

ប្រជាសហគមន៍ឃុំឃ្រោយស្វាយ សម្តែងការខកចិត្ត ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តកោះកុង ដែលមិនអនុញ្ញាត ឲ្យពួកគាត់ស្នើបង្កើតសហគមន៍អេកូទេសចរណ៍ក្នុងមូលដ្ឋាននេះ ដើម្បីបង្កើតជាស្នាក់ការកណ្តាល សម្រាប់ការប្រមូលផ្តុំ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនានៅតាមតំបន់ឆ្នេរ នៅក្នុងស្រុកស្រែអំបិល នាថ្ងៃអនាគត ប៉ុន្តែបានបណ្តែតបណ្តោយ ឲ្យឈ្មួញដីអាចធ្វើសកម្មភាពបំផ្លាញធនធានធម្មជាតិ នៅតំបន់នេះយ៉ាងអនាធិបតេយ្យដោយគ្មានការហាមឃាត់ទៅវិញ?៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស