26 C
Phnom Penh

ក្រុមប្រឹក្សាសន្ដិសុខ នៅតែពុំអាចចាត់ការទៅលើពួកយោធាភូមា ខណៈចិនប្រើសិទ្ធវេតូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅទីបំផុត ចិននៅតែប្រើសិទ្ធនាមជាប្រទេសមហាអំណាចក្នុងការ រាំងខ្ទប់ សេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិក្នុងការដាក់ ទណ្ឌកម្មទៅលើពួកយោធាភូមា។

ការដែលចិនប្រើប្រាស់សិទ្ធវេតូ ដ៏មានឥទ្ធិពលនេះគឺធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី៣១មីនា។ ចិនប្រើសិទ្ធវេតូ គឺក្នុងនាមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺស្របតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិដែលមានប្រទេស១៥ ជាសមាជិក ក្នុងនោះមានប្រទេសប្រាំ ជាសមាជិកអចិន្រ្ដៃយ៍រួមនឹងប្រទេស១០ទៀត ជាសមាជិកមិនអចិន្រ្ដៃយ៍ បានជួបប្រជុំគ្នាដើម្បីយកសំណើប្រទេសអង់គ្លេស មកធ្វើការពិភាក្សាហើយស្នើឲ្យចាត់វិធានកាតាមផ្លូវច្បាប់ទៅលើពួកយោធាភូមា។

ប៉ុន្ដែមិនអាចមានសេចក្ដីសម្រេចអ្វីកើតឡើងនោះទេ ដោយសារតែចិនបន្ដចេញមុខជាមិត្តជិតខាងល្អរបស់ប្រទេសភូមា ប្រឆាំងរាល់សេចក្ដីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សា សន្ដិសុខដែលឈានទៅដល់              ការដាក់ទណ្ឌកម្មនិងអន្តរាគមន៍ប្រឆាំងនឹងពួកយោធាភូមា។

បណ្ដាញផ្សាយព័ត៌មានអាស៊ីសេរីអន្ដរជាតិបានចុះផ្សាយថា ឯកអគ្គរដ្ឋទូតចិនលោក Zhang Jun ប្រចាំនៅអង្គការសហប្រជាជាតិ និយាយថា ចិនចង់ឃើញការផ្លាស់ប្ដូរមួយនៅក្នុងប្រទេសភូមាបែបប្រជាធិបតេយ្យ ប៉ុន្ដែសម្រាប់ចិនមិនទទួលយកដាច់ខាតការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្ដិសុខទៅលើប្រទេសភូមា។

ប្រទេសភូមាបច្ចុប្បន្ន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកយោធា ដែលត្រូវបានចាត់ទុកថាជាការប្លន់ អំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់គណបក្សសម្ប័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រីអង់សានស៊ូជី។

ចិនជាប្រទេសមហាអំណាចមួយ លើពិភពលោកត្រូវបានបាតុករភូមាចោទថានៅក្រោយវាំងននខ្មៅរបស់ពួកយោធាភូមា ដែលរុញឱ្យមានរដ្ឋប្រហារថ្ងៃទី១កុម្ភៈ។ ប៉ុន្ដែចិនតែបដិសេធចំពោះការចោទប្រកាន់នេះ។

នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សា សន្ដិសុខអង្គការសហប្រជាជាតិ ដែលជាស្ថាប័នមួយមានឥទិ្ធពលក្នុងការធ្វើអន្ដរាគមន៍ ដើម្បីបញ្ចប់ជម្លោះរបស់ប្រទេសណាមួយ ប៉ុន្ដែក្រុមប្រឹក្សានេះមិនអាចធ្វើអ្វីបានទេបើមានមហាអំណាច ណាមួយជំទាស់។ តំណាងប្រទេសចិនបាននិយាយថា សន្ដិភាព ស្ថេរភាព និងនីតិរដ្ឋ ត្រូវតែកើតមានឡើងវិញក្នុងពេលឆាប់ៗនេះនៅក្នុងប្រទេសភូមា។

កិច្ចប្រជុំក្រុមប្រឹក្សាសន្ដិសុខ១៥ ប្រទេសនេះបានធ្វើឡើងដោយបិទទ្វារជិត។ នៅក្នុងកិច្ចប្រជុំនោះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកភូមា អ្នកស្រី Christine Schraner Burgerne បានឡើងថ្លែងអំពីស្ថានការណ៍ហិង្សានៅក្នុងប្រទេសភូមា។

អ្នករាយការណ៍ពិសេសនេះបានប្រាប់ទៅកាន់ក្រុមប្រឹក្សាសន្ដិសុខថា ត្រូវរួមកម្លាំងគ្នាឱ្យបានឆាប់បំផុតដើម្បីជួយបញ្ចប់ហិង្សាដែលកំពុងកើតឡើងនៅក្នុងប្រទេសភូមាព្រោះពេលនេះបាតុករស្លាប់ក្រោមធ្លាប់កាំភ្លើងរបស់ពួកយោធាកើតមានជារៀងរាល់ថ្ងៃហើយពួកយោធាបាញ់សម្លាប់បាតុករគ្មានគិតអំពីច្បាប់អ្វីនោះទេ។

អ្នករាយការណ៍ពិសេសរូបនេះបានទទូចទៅក្រុមប្រឹក្សាសន្ដិសុខទៀតថា ត្រូវរកឲ្យឃើញរាល់គ្រប់មធ្យោបាយ ទាំងអស់ដើម្បីអន្ដរាគមន៍ប្រឆាំង នឹងពួកយោធាភូមា។ ប៉ុន្ដែចិនជំទាស់ភ្លាម។

មុនពេលដែលក្រុមប្រឹក្សា សន្ដិសុខជួបប្រជុំគ្នា កាលពីថ្ងទិ៣១ ខែមីនា គឺក្រសួងការបរទេសអាមេរិក បានប្រាប់ប្រទេសចិនថា ត្រូវចូលរួមជាមួយសហគមន៍អន្ដរជាតិ ក្នុងការចាត់វិធានការណ៍ប្រឆាំងនឹងពួកយោធាភូមា ហើយត្រូវបង្ខំឱ្យពួកយោធាទទួលខុសត្រូវចំពោះសោកដនាកម្មដែលពួកគេបានប្រព្រឹត្ត។ ក្រសួងការបរទេសអាមេរិកបន្ដទៀតថា អំពើហិង្សានៅក្នុងប្រទេសភូមា ពិតណាស់មិនមែនបានផលប្រយោជន៍ទៅឱ្យចិននោះទេ ប៉ុន្តែវាកំពុងក្លាយទៅជាសោកដនាកម្ម ដ៏ឈឺចាប់របស់ប្រជាជនភូមាទៅវិញទេ។

អ្ននាំពាក្យក្រួងការបរទេសអាមេរិក លោក Ned Price បញ្ជាក់ដូចនេះ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកចេញពីសេតវិមាន។ ក្រោយពីក្រុមប្រឹក្សាសន្ដិសុខ បិទកិច្ចប្រជុំ របស់ខ្លួន គឺចិនត្រូវបានមើលឃើញថា  នៅតែដើរតួនាទីប្រឆាំងការចាត់វិធានការអន្ដរាគមន៍ទៅលើពួកយោធាភូមាក្រោមហេតុផលសន្ដិភាព ស្ថេរភាព និង នីតិរដ្ឋ។ អ្នកសង្កេតការណ៍ ជាច្រើនបានជជែកវែកញែក ដេញដោលគ្នាអំពីជំហររបស់ចិននឹងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងវិបត្តិនៅក្នុងប្រទេសភូមា។ អ្នកវិភាគខ្លះគិតថា ចិនមិនមែនជាឧបសគ្គក្នុងការធ្វើ អន្ដរាគមន៍បញ្ចប់របបសឹកនោះទេ គឺមកពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត ដែលពុំមានជំហរច្បាស់លាស់ជួយស្រោចស្រង់ប្រជាធិបតេយ្យនៅប្រទេសភូមាឡើងវិញ។

អ្នកវិភាគខ្លះថា បើអាមេរិកមិនសម្លឹងឃើញផលប្រយោជន៍ នៅលើទឹកដីភូមាទេ គឺអាមេរិកនឹងមិនរុញឱ្យមានអន្ដរាគមន៍អ្វីឡើយ។

អ្នកវិភាគទាំងនោះលើកឡើងថា សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចមួយដែលហុតទឹកសម្លឹងកាក គឺបើគ្មានផលប្រយោជន៍ដល់ខ្លួន គឺខ្លួននឹងមិនធ្វើអ្វីនោះឡើយ។ អ្នកវិភាគខ្លះលើកយករណីអាមេរិកលើកទ័ពធ្វើសង្រ្គាម របបផ្ដាច់ការនៅប្រទេសអ៊ីរ៉ាក់ គឺដោយសារអាមេរិក សម្លឹងឃើញប្រេងនៅក្នុងប្រទេសនេះ ។

តែអ្នកវិភាគខ្លះថា ទំនងដូចជាមិនសមហេតុសមផលនោះច្រើនទេ ព្រោះអាមេរិក ចំណាយលុយដើម្បី ធ្វើសង្គ្រាមនេះ គឺច្រើនជាងបានផលប្រយោជន៍ពីប្រេងកាតទៅទៀត ប៉ុន្តែអាមេរិកត្រូវការបញ្ចប់របបផ្ដាច់ការ ។

អាមេរិកប្រឆាំងមេដឹកនាំ សាដាមហូសេន ដែលបញ្ជាអោយបាញ់សម្លាប់ ជនជាតិឃើដរាប់ម៉ឺននាក់ ហើយអាមេរិកបានចោទ របបសាដាមហូសេន ករណីផលិតអាវុធគីមី សម្លាប់ជនជាតិឃើដ។

ចំពោះប្រទេសភូមាវិញ ត្រូវបានអ្នកវិភាគខ្លះថា អាមេរិកនឹងមិនធ្វើអន្ដរាគមន៍ទេ ព្រោះពុំមានផលប្រយោជន៍ដូចនៅអ៊ីរ៉ាក់។ បើនិយាយអំពីសមុទ្រចិនខាងត្បូង ប្រៀបធៀបនឹងប្រទេសភូមា គឺសហរដ្ឋអាមេរិកដឹងច្បាស់ណាស់ថា អាមេរិកពុំមានហេតុផលចូលទៅដណ្ដើមអណ្ដូងប្រេងកាត នៅក្រោមបាតសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្ដែអាមេរិកលូកដៃកប់ជ្រៅទៅហើយ នៅពេលនេះ រហូតដល់បញ្ចូននាវាចម្បាងនាវាផ្ទុកយន្ដហោះ ដាក់ពង្រាយនៅទីនោះរួចជាស្រេចក្នុងការទប់ទល់នឹងសង្គ្រាមវាតទីពីសំណាក់ប្រទេសចិន។

យ៉ាងណាមិញ សម្រាប់ប្រទេសភូមា ក៏ដូចករណីសមុទ្ធចិនខាងត្បូងដែរ គឺអាមេរិក និងសម្ព័ន្ធមិត្ត ត្រូវការប្រទេសនេះមានរបបប្រជាធិប តេយ្យឡើងវិញ ហើយជាពិសេសស្រោចស្រង់ អាយុជីវិតជនស៊ីវិលចេញពីគ្រាប់កាំភ្លើងរបស់ពួកយោធា ។

អន្តរាគមន៍អាចទៅបានគឺ អោយតែ រដ្ឋាភិបាល ស្រមោលរបស់អ្នកស្រីអ៊ុងសានសូជី នៅតែត្រូវបានមហាសន្និបាត អង្គការសហប្រជាជាតិទទួលស្គាល់ថា ជារដ្ឋាភិបាលស្របច្បាប់និងតំណាងអោយប្រជាជនភូមា។តែបែបណាក៏ដោយ ចិន នឹងដើរផ្លូវកាត់ ទៅជួបពួកយោធាភូមា មុនអន្តរាគមន៍របស់អាមេរិកនិងសម្ព័ន្ធមិត្ត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស