40.6 C
Phnom Penh

អ្នកវិភាគថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាសន្ធិសញ្ញាដែលមានសុពលភាពគ្មានទីបញ្ចប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកឃ្លាំមើលសង្គម លើកឡើងថា ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាការរំឭកនូវច្បាប់អន្តរជាតិមួយដែលមានសុពលភាពរហូត ហើយខ្មែរ ដែលមានគំនិតប្រវត្តិសាស្ត្រ ត្រូវរំឭក ប្រារឰខួប និងជាពិសេស ប្រើប្រាស់កិច្ចព្រមព្រៀងនេះដើម្បីការពារទឹកដី និងសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ឲ្យបានជាប្រយោជន៍។

អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះថា កិច្ចព្រមព្រៀងថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺទាក់ទិនទៅនឹងអធិបតេយ្យភាព ឯករាជ្យភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិខ្មែរ ទាំងមូល។

លោកអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ នេះ គឺជាការធានារបស់អន្តរជាតិ ឲ្យមានការគោរពសិទ្ធិមនុស្ស និងជាសន្ធិសញ្ញាដាច់ដោយឡែកមួយ ដែលនិយាយអំពីដំណោះស្រាយនយោបាយនៅកម្ពុជា ផងដែរ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិជាសន្ធិសញ្ញាអន្តរជាតិ យ៉ាងពេញលេញ។

អ្នកវិភាគរូបនេះបញ្ជាក់ថា សន្ធិសញ្ញានោះបានចែងអំពីកាតព្វកិច្ចប្រទេសហត្ថលេខីទាំងអស់ ត្រូវតែអនុវត្តតាមមាត្រាដែលបានចែងនេះ។  ជាងនេះទៀត សន្ធិសញ្ញាមួយនេះក៏មិនបានកំណត់ ថ្ងៃ ខែ ឆ្នាំ អំពីសុពលភាព ដែលអាចឲ្យប្រទេសហត្ថលេខីទាំងអស់អាចបញ្ចប់កាតព្វកិច្ចធានានោះឡើយ។

ការអះអាងរបស់លោកបណ្ឌិត គឺធ្វើឡើងមុនការរំឭកខួបលើកទី៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលវាជាការរំឭក អំពីការបញ្ចប់ជម្លោះនយោបាយផ្ទៃក្នុងរវាងខ្មែរ និងខ្មែរ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយ ស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះក្នុងសង្គ្រាមស៊ីវិល នៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងគោលបំណងឈានទៅរក ការបង្រួបបង្រួមផ្ទៃក្នុងរបស់កម្ពុជា ការគោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដែលមានការចូលរួមចុះហត្ថលេខាទទួលស្គាល់ពីប្រទេសចំនួន ១៩ លើសកលលោក។

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានសរសេរលើទំព័រFacebook របស់ខ្លួនកាលពីចុងខែកុម្ភៈ ឆ្នាំ២០២១ ដោយលើកឡើងថា សហរដ្ឋអាមេរិក ចង់ឲ្យអង្គការសង្គមស៊ីវិលធ្វើការស្រាវជ្រាវ និងបង្កើតជារបាយការណ៍ ឬវីដេអូឯកសារទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ ក្នុងការស្រាវជ្រាវនេះ មានគោលបំណងរំឭកឡើងវិញនៅខួបលើកទី ៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឆ្នាំ២០២១ នេះ។

លោក ហ៊ុន សែន ធ្លាប់ព្រមាន ចាប់ខ្លួនក្រុមអ្នកតវ៉ាដែលមាន គម្រោងនាំគ្នាមកធ្វើបាតុកម្មនៅរាជធានីភ្នំពេញ នៅថ្ងៃគម្រប់ខួបលើកទី២៩ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ផងដែរ។

ក្រុមអ្នកសង្កេតការណ៍ រិះគន់ថា ការបោះបង់ចោលស្មារតីកិច្ចព្រមព្រៀងសន្តិភាពពីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាការបោះបង់ចោលនូវការធានាជាអន្តរជាតិចំពោះ អធិបតេយ្យភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងភាពមិនអាចរំលោភបានរបស់កម្ពុជាទាំងស្រុង។

មាត្រា៥៦ នៃអនុសញ្ញាទីក្រុងវិយែន ស្ដីពីច្បាប់ស្ដីពីសន្ធិសញ្ញាអន្តរជាតិ ចែងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានសុពលភាពជារៀងរហូត ហើយប្រទេសហត្ថលេខីទាំងអស់ មិនអាចបដិសេធ និងបញ្ចប់កាតព្វកិច្ចធានានៅក្នុងកិច្ចព្រមព្រៀងនោះបានជាដាច់ខា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស