ព័ត៌មានជាតិ

ហ្វីលីពីនបញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូងបន្ទាប់ពីចិនមិនព្រមបើកចេញនាវាល្បាតចេញពីដែនទឹកហ្វីលីពីន

By ឌឹ ខេមបូឌា ដេលី

April 03, 2021

ក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនបាន ដាក់ពង្រាយនាវាចម្បាំងបន្ថែមទៀតទៅកាន់សមុទ្រចិនខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ចំពេលមានជម្លោះការទូតកាន់តែខ្លាំងបន្ទាប់ពីចិន មិនព្រមបើកចេញនាវាល្បាតរបស់ខ្លួនចេញពីដែនទឹករបស់ហ្វីលិពីន។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters រដ្ឋាភិបាលទីក្រុងម៉ានីល អះអាងថា នាវាល្បាតរបស់ចិន ជាច្រើនគ្រឿង បានបើកចូលក្នុងដែនទឹកហ្វីលីពីន នៅតំបន់ថ្មប៉ប្រក់ទឹក នៃប្រជុំកោះ Whitsun និងនៅប្រជុំកោះជាច្រើនទៀត។

ក្រោយពី នាវាត្បាតរបស់ចិន ស្ថិតនៅក្នុងដែនទឹកហ្វីលីពីន រដ្ឋាភិបាលហ្វីលីពីន បានដាក់កំណត់ទូតតវ៉ាប្រឆាំងនឹងចិន។ តែចិនធ្វើព្រងើយកន្តើយ។ ប្រភពដដែលនេះឲ្យដឹងថា ចិនបានបញ្ជូននាវាល្បាតរបស់ខ្លួនចំនួន ២៥០គ្រឿង ទៅសមុទ្រចិនខាងត្បូង ហើយ ក្នុងនោះ មួយចំនួន ត្រូវបានរដ្ឋាភិបាលហ្វីលីពីនចោទថា បានចូលដែនទឹករបស់ខ្លួន។

នៅពេលដែលចិននៅតែអះអាងថា នាវាទាំងនោះ ស្ថិតក្នុងដែនទឹករបស់ចិន បាននាំឲ្យប្រធានាធិបតីហ្វីលិពី Rodrigo Duterte ជួបជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំនៅក្រុងម៉ានីល ហើយមួយថ្ងៃបន្ទាប់មក ក្រសួងការពារជាតិហ្វីលីពីន បានសម្រេចបញ្ជូននាវាចម្បាំងថែមទៀតទៅកាន់ ដែនកោះរបស់ហ្វីលីពីន។

ការិយាល័យអ្នកនាំពាក្យ របស់លោកប្រធានាធិបតីបាននិយាយថា លោក Rodrigo Duterte ដែលបានជួបនឹងមន្ត្រីទូតរបស់ចិន គឺបានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះការអាចប៉ះទង្គិចគ្នា បើដំណោះស្រាយណាមួយមិនផ្ដល់មកអោយហ្វីលីពីនវិញនោះ។

លោក Harry Roque អ្នកនាំពាក្យសម្រាប់កងទ័ពហ្វីលីពីន និយាយថា នាវាចម្បាំងរបស់ហ្វីលីពីនជាច្រើនគ្រឿង បានទៅដល់គោលដៅរបស់ខ្លួនអស់ហើយ នៅសមុទ្រចិនខាងត្បូងដោយ នាវាទាំងនោះ នឹងដាក់ពង្រាយក្បែរនាវាល្បាតរបស់ចិន។

តាមអ្នកនាំពាក្យរូបនេះ ក្នុងចំណោម នាវាចិន ២៥០ គឺជាង ១០គ្រឿងយ៉ាងតិចបានចូលដែនទឹករបស់ហ្វីលីពីនតាំងពីថ្ងៃទី២៧មីនា។

កាលពីថ្ងៃទី២៨ មីនា ក្រសួងការពារជាតិហ្វីលីពីនបានសម្រេចបញ្ជូនយន្ដហោះចម្បាំង របស់ខ្លួន ទៅហោះក្រឡឹងលើនាវាល្បាតរបស់ចិន នៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីនអះអាងថា វត្តមានរបស់នាវាល្បាតចិន នៅតំបន់ដែនទឹករបស់ខ្លួន ចាប់ផ្តើមឡើងតាំងពីថ្ងៃ ទី២៧ ខែមីនាហើយកំណត់ទូតតវ៉ារបស់ហ្វីលីពីន ពុំមានការឆ្លើយតបពីភាគីចិននោះទេ។

រដ្ឋមន្រ្ដីការពារជាតិហ្វីលីពីនបានប្រាប់រ៉យទ័រថា លោកបន្ដទាមទារម្ដងទៀតឱ្យចិនដកនាវាល្បាតទាំងនោះចេញជាបន្ទាន់តែចិនមិនព្រមធ្វើតាមឡើយ។

លោក រដ្ឋមន្ត្រី Delfin Lorenzana អះអាងថាចាប់តាំងពីថ្ងៃនៃការតវ៉ាលើកទីមួយ ឱ្យចិនដកនាវាល្បាតទាំងនោះចេញតែពុំមានការឆ្លើយតបគឺនាវាចម្បាំងហ្វីលីពីនត្រូវបានបញ្ចូនតាមដានជារៀងរាល់ថ្ងៃ។            លោកថាទាំងអាវុធ ជើងទឹក និងជើងអាកាស គឺហ្វីលីពីនត្រូវប្រើដើម្បីការពារអធិបតេយ្យភាពរបស់ខ្លូន។

លោករដ្ឋមន្រ្ដីបន្ដថា កងទ័ពហ្វិលីពីននឹងមានភារកិច្ចតាំងវត្តមាននាវាចម្បាំង នៅសមុត្រចិនខាងត្បូង ដើម្បីល្បាតដែនទឹក និងការពារទូកនេសាទ របស់ខ្លួន។

ចំពេលហ្វីលីពីនប្រឆាំង នឹងចិនក៏មានការព្រួយបារម្ភពីអន្តរជាតិកាន់ តែកើនឡើងត្បិត ថាហ្វីលីពីនបានចាត់ទុកថា វត្តមាននាវាល្បាតរបស់ចិន គឺជាការគំរាមកំហែង និងរំលោភលើដែនទឹករបស់ហ្វីលីពីន ដែលក្រុងម៉ានីល ជឿជាក់ថាចិន ចង់ប្រើប្រាស់កងទ័ពជើងទឹក ដើម្បីគ្រប់គ្រង សមុទ្រចិនខាងត្បូងដោយបំពានដែនទឹកប្រទេសជិតខាង។

តាមទីភ្នាក់ងារល្បាតសមុទ្ររបស់រដ្ឋាភិបាលហ្វីលីពីន ទោះជាអាកាសធាតុ មេឃស្រឡះល្អ ប៉ុន្តែនាវា ២៥០របស់ចិន គ្មានសកម្មភាព នេសាទ អ្វីនោះទេ ដែលជាហេតុធ្វើឲ្យមានការសង្ស័យពីចេតនា            របស់ក្រុងប៉េកាំង មានផែនការកាន់កាប់ ដែនកោះប្រទេសហ្វីលីពីន។

ប៉ុន្តែការដែលក្រសួងការពារជាតិហ្វីលីពីន បន្ថែមនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង គឺបន្ទាប់ពីលោកប្រធានាធិបតី Rodrigo Duterte បានជំរុញឱ្យ កងទ័ពត្រូវប្រកាន់ជំហររឹងមាំ ឆ្លើយតបនឹងក្រុងប៉េកាំង  ខណៈអ្នកជំនាញច្បាប់អន្តរជាតិព្រមានថា ការកាន់កាប់របស់ចិនគឺជាអំពើខុសច្បាប់។ តំបន់សមុទ្រចិនខាងត្បូង ដែលមានក្រឡាផ្ទៃ ៣លានគីឡូម៉ែត្រក្រឡា  គឺប្រទេសចិន បានកាន់កាប់ ជាង៨០% ចាប់តាំងពីឆ្នាំ២០១០។ ប្រទេសបួន ក្នុងសមាគមអាស៊ានកំពុងទាមទាមកោះពីចិនមក វិញគឺ វៀតណាម ព្រុយណេ ម៉ាឡេស៊ីនិងហ្វីឡីពីន។

ប៉ុន្ដែមានតែហ្វិលីពីនមួយប៉ុណ្ណោះដែលបានឡើងក្ដីជាមួយចិនហើយមានប្រៀបលើចិនទៀតផង។

កាលពីឆ្នាំ២០១៦បានអារកាត់ឲ្យ  ហ្វីលីពីនឈ្នះក្តី នៅក្នុងជម្លោះដណ្តើមដែនទឹក ជាមួយចិន នៅសមុទ្រចិនខាងត្បូង។ តែចិនមិនត្រឹមបដិសេធនោះទេ គឺថែមទាំងព្រមាន ហ្វីលីពីន ទៀតផង។

ទោះយ៉ាងណា កាលពី ២០១៨ ប្រធានាធិបតីចិន ស៊ី ជិនភីង បានប្រាប់អតីតរដ្ឋមន្ត្រការពារជាតិអាមេរិក James Mattis ជុំវិញបញ្ហាសមុទ្រចិនខាងត្បូងថាចិនមិនអាចបាត់បង់ដែនទឹករបស់ខ្លួនសូម្បីតែមួយអ៊ីង(Inch) ឡើយ។ 

តាមព័ត៌មានចុងក្រោយ ហ្វីលីពីន កំពុងសិក្សាជាថ្មីម្ដងទៀត ដើម្បីប្ដឹងចិន ទៅកាន់ តុលាការអាជ្ញាកណ្តាល អន្តរជាតិ ខណៈអ្នកសង្កេតការណ៍ព្រមានថា ភាពតានតឹងការទូតក៏កើតមាន ភាពតានតឹង ផ្នែកកងទ័ពរវាងចិន និងហ្វីលីពីនក៏មាន គឺភាពផុយស្រួយនៃសង្រ្គាមក៏អាចកើតមានដែរ៕