ប្រទេសព្រុយណេដែលឆ្នាំនេះជាប្រធានសមាគមអាស៊ីអាគ្នេយ៍បានប្រកាសថានឹងបើកកិច្ចប្រជុំកំពូលនៃមេដឹកនាំសមាគមអាស៊ាននៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលដ៏ឆាប់ ខាងមុខនេះដើម្បីពិភាក្សាជួយរកដំណោះស្រាយចំពោះវិបត្តិនៅក្នុងប្រទេសភូមា។
ការប្រកាសព័ត៌មាននេះ ចេញពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដែលនៅទីនោះនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Muhyiddin Yassinបានជួបជាមួយនឹងមហាក្សត្រ នៃប្រទេសព្រុយណេ Hassanal Bolkiah នៅថ្ងៃចន្ទទី៥ មេសានេះ។
ក្រោយពីមេដឹកនាំទាំងពីរជួបគ្នាភ្លាម សេចក្ដីថ្លែងការណ៍រួមមួយបានផ្សព្វផ្សាយហើយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានធ្វើសេចក្ដីរាយការណ៍មកថា មេដឹកនាំនៃប្រទេសព្រុយណេ និងម៉ាឡេស៊ីបានស្នើឱ្យរដ្ឋមន្រ្ដី និងមន្រ្ដីជាន់ខ្ពស់នៃសមាគមអាស៊ានឱ្យរៀបចំកិច្ចប្រជុំពិសេសដែលនឹងធ្វើឡើងនៅឯអគ្គលេខាធិការដ្ឋាននៃសមាគមអាស៊ាន ក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។
តាមសេចក្ដីថ្លែងការណ៍រួមនេះ គឺមេដឹកនាំម៉ាឡេស៊ី និងមហាក្សត្រប្រទេសព្រុយណេបានព្រមព្រៀងគ្នាថា របៀបវារៈដែលមេដឹកនាំអាស៊ានត្រូវជួបប្រជុំគ្នានោះ គឺផ្ដោតទៅលើស្ថានការណ៍ចុងក្រោយនៅក្នុងប្រទេសភូមា។ ប៉ុន្ដែសេចក្ដីថ្លែងការណ៍នេះពុំបានបញ្ជាក់អំពីការបរិច្ឆេទនៃកិច្ចប្រជុំកំពូលអាស៊ានថាតើប្រព្រឹត្តទៅនៅថ្ងៃណានោះទេ។
យ៉ាងណា មេដឹកនាំនៃប្រទេសទាំងពីរបានសម្ដែងការព្រួយបារម្ភជាខ្លាំងដោយសារតែមនុស្សស្លាប់នៅក្នុងប្រទេសភូមាដោយអំពើហិង្សាកាន់តែមានការកើនឡើង។
សេចក្ដីថ្លែងការណ៍នេះមេដឹកនាំទាំងពីរបានទទូចឱ្យភាគីទាំងអស់ព្យាយាមអត់ធ្មត់ គឺកុំបន្ដបញ្ឆេះអំពើហិង្សា ហើយបង្ហាញនូវភាពទន់ភ្លន់ដាក់គ្នាឱ្យបានខ្ពស់បំផុត។
មកដល់ថ្ងៃចន្ទទី៥ ខែមេសានេះ អំពើហិង្សានៅក្នុងប្រទេសភូមាបានបណ្ដាលឱ្យមនុស្សយ៉ាងតិចចិត៥៦០នាក់ ស្លាប់ គឺភាគច្រើនស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់ពួកយោធាបង្រ្កាបបាតុកម្ម។
សេចក្ដីរាយការណ៍របស់សារព័ត៌មាននេះបានបញ្ជាក់ទៀតថា បាតុករម្មនៅតែបន្ដផ្ទុះឡើងនៅតាមទីក្រុងធំៗ ក្នុងប្រទេសភូមាហើយអ្នកស្លាប់គឺមានរៀងរាល់ថ្ងៃ។
ករណីហិង្សានៅក្នុងប្រទេសភូមានេះ ត្រូវបានសហគមន៍អន្ដរជាតិជាច្រើនរួមមានអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អាល្លឺម៉ង់បារាំងឥណ្ឌា ជប៉ុនអូស្ត្រាលី តែងតែទទូចឱ្យសមាគមអាស៊ានត្រូវជួយបញ្ចប់ ឱ្យបាននូវអំពើហិង្សាជាពិសេសគឺត្រូវប្រាប់ឱ្យពួកយោធា បញ្ឈប់ការបាញ់សម្លាប់បាតុករដោយដោះលែងអ្នកជាប់ឃុំទាំងអស់។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្រ្ដីសិង្ហបុរីបានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាដោយថ្កោលទោសអំពើហិង្សានៅក្នុងប្រទេសភូមា។ មេដឹកនាំនៃប្រទេសទាំងពីរបានអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន ឱ្យបានឆាប់បំផុតដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសមួយនេះ ដែលជាសមាជិកអាស៊ាន។
ប៉ុន្ដែការដែលមេដឹកនាំម៉ាឡេស៊ីនឹងព្រុយណេបានជួបគ្នានេះគឺធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្ដីការបរទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និង ហ្វីលីពីនត្រូវបានរដ្ឋមន្រ្ដីការបរទេសចិនលោកវ៉ាងយី ស្នើឱ្យមកជួបគ្នាម្ដងម្នាក់ៗនៅក្នុងប្រទេសចិន ផ្ដោតទៅលើបញ្ហាប្រទេសភូមា។
ប្រទេសចិនដែលត្រូវបានមើលឃើញថាមានឥទ្ធិពលទៅលើសមាគមអាស៊ានបានថ្លែងតាមរយៈរដ្ឋមន្រ្ដីការបរទេសរបស់ខ្លួនថា សមាគម អាស៊ានត្រូវតែបង្ហាញតួនាទីរបស់ខ្លួនធ្វើយ៉ាងណាឱ្យអំពើហិង្សាដែលកើតមាននៅក្នុងប្រទេសភូមាថមថយទៅវិញ។ លោកវ៉ាងយី បានទទូចថា ដំណោះស្រាយបញ្ហាប្រទេសភូមា ត្រូវតែដោះស្រាយឲ្យបានតាមរយៈយន្តការនៃសមាគមអាស៊ាន ជាជាងការជ្រៀតជ្រែករបស់បណ្តាប្រទេសផ្សេងៗ នៅក្រៅតំបន់។
ប៉ុន្ដែការដែលសមាគមអាស៊ាន និងប្រទេសចិនហាក់ដូចជាខិតខំនៅពេលនេះដើម្បីពន្លត់ភ្លើងហិង្សា នៅក្នុងប្រទេសភូមា គឺកើតឡើងនៅពេលដែលចិន ត្រូវបានប្រទេសមួយចំនួនសម្ដែងការខកចិត្តដោយសារ តែបានជំទាស់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលស្នើឱ្យមានការធ្វើអន្ដរាគមន៍លើរបបសឹកនៅប្រទេសភូមា ហើយការដែលចិន និងសមាគមអាស៊ានត្រៀមរៀបចំ កិច្ចប្រជុំកំពូលរបស់ខ្លួននេះ គឺបន្ទាប់ពីប្រទេសឥណ្ឌា តាមរយៈរដ្ឋមន្រ្ដីការបរទេសរបស់ប្រទេសនេះបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពួកយោធា ដោយសារតែប្រើកាំភ្លើងបាញ់សម្លាប់ទៅលើបាតុករដែលគ្មានអាវុធក្នុងដៃ។
ឥណ្ឌាជាប្រទេសដែលមានព្រំដែនជាប់នឹងប្រទេសភូមាដូចគ្នានឹងប្រទេសចិនដែរ។ ទីក្រុងញ៉ូវដេលី បានអះអាងថាក្នុងនាមខ្លួនជាសមាជិកមិនអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ គឺត្រូវតែសហការជាមួយសហគមន៍អន្ដរជាតិ នឹងក្រុមប្រឹក្សាសន្ដិសុខដើម្បីគាំទ្រអន្ដរាគមន៍ណាមួយពីក្រុមប្រឹក្សាសន្ដិសុខទៅលើរបបសឹកនៅភូមា។ កន្លងមកករណីប្រទេសភូមានេះ មានអ្នកជំនាញផ្នែកកិច្ចការច្បាប់អាស៊ានបានព្រមានថា គេមិនត្រូវទុកឱ្យរបបសឹកភូមាធ្វើឱ្យគ្រោះថ្នាក់សន្ដិភាពក្នុងតំបន់នោះទេ។
អ្នកជំនាញទាំងនោះក៏បានថ្លែងទៀតដែរថា សមាគមអាស៊ានត្រូវរកមធ្យោបាយទាំងឡាយដើម្បីព្យួរសមាជិកភាពរបស់ប្រទេសភូមាជាបណ្ដោះអាសន្ន។ បែបណាក៏ដោយពេលនេះប្រទេសមួយចំនួនទៀតនៃសមាគមអាស៊ានមានដូចជាប្រទេសកម្ពុជា ថៃ ឡាវ ពុំទាន់ឃើញចេញសេចក្ដីថ្លែងការណ៍ គាំទ្រដំណើរទៅរកកិច្ចប្រជុំកំពូល នៃសមាគមអាស៊ានអំពីប្រទេសភូមានោះទេ គឺលើកលែងតែប្រទេស វៀតណាម មួយប៉ុណ្ណោះ ដែលបានថ្លែងថាក្រុងហាណូយគាំទ្រគ្រប់មធ្យោបាយទាំងអស់របស់សហគមន៍អន្ដរជាតិដើម្បីធ្វើឱ្យប្រទេសភូមាមានស្ថេរភាពនិងមានរបបប្រជាធិបតេយ្យឡើងវិញ។
សម្រាប់វៀតណាមឆ្នាំនេះក៏ជាសមាជិកមិនអចិន្រ្ដៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិផងដែរ។
តំណាងវៀតណាមនៅអង្គការសហប្រជាជាតិ បានប្រកាសថា វៀតណាមមិនចង់ឃើញសមាជិកណាមួយនៃសមាគមអាស៊ានធ្វើឱ្យតំបន់អស្ថេរភាពដោយសារខ្លួនគេនោះទេព្រោះវាប៉ះពាល់ដល់សហគមន៍អាស៊ានទាំងមូល៕