30 C
Phnom Penh

ក្រសួងសុខាភិបាល ព្រមានបិទសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងឡាយណា ដែលហ៊ានព្យាបាលអ្នកជំងឺ ឬចាក់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ បើមិនមានការអនុញ្ញាតពីក្រសួង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានក្រើនរំឭកជាចុងក្រោយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មិនអនុញ្ញាតឱ្យកន្លែងពិនិត្យព្យាបាលជំងឺឯកជនពិនិត្យ ឬព្យាបាលអ្នកជំងឺដែលសង្ស័យថា ជាជំងឺCovid-19 ជាដាច់ខាត ដើម្បីទប់ស្កាត់កុំឱ្យមានការរាលដាលនៃ ជំងឺCovid-19 ជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍។ 

ក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីទៀតថា រាល់ម្ចាស់សេវាពិនិត្យព្យាបាល ជំងឺឯកជន ត្រូវបញ្ជូនអ្នកសង្ស័យជំងឺកូវីដ-១៩ ពីមូលដ្ឋានរបស់ខ្លួនទៅមន្ទីរពេទ្យរដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ ជាចាំបាច់។

ក្រសួងបានបញ្ជាក់ទៀតថា ក្រសួង មិនអនុញ្ញាតឱ្យពិនិត្យព្យាបាលអ្នកជំងឺសង្ស័យថា ជាជំងឺCovid-19 និងធ្វើតេស្ដរកមេរោគCovid-19 និងចាក់វ៉ាក់សាំងបង្ការជំងឺកូដ-១៩ ជាដាច់ខាត លើកលែងតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

គ្រប់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវធានាថា រាល់អ្នកជំងឺ និងមនុស្សចេញ-ចូលទាំងអស់ទៅ ក្នុងកន្លែងពិនិត្យព្យាបាលជំងឺ ត្រូវបានត្រួតពិនិត្យ មានការវាស់កម្ដៅដោយប្រើឧបករណ៍ស្ទង់កម្តៅដែលមិនប៉ះផ្ទាល់ដើម្បីពិនិត្យរកមើលពីករណីសង្ស័យជំងឺCovid-19 ។

ក្នុងករណីអ្នកជំងឺសង្ស័យថា ជាជំងឺCovid-19 ត្រូវសម្អាតទីកន្លែងពិនិត្យព្យាបាលអ្នកជំងឺ ដោយប្រើអាល់កុល និងសម្ភារៈបច្ចេកទេសផ្សេងទៀត ដើម្បីបាញ់សម្លាប់មេរោគនៅក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងយកសំណាកទៅពិនិត្យ និងតាមដានសុខភាពជាប្រចាំ ចំពោះគ្រូពេទ្យ និងបុគ្គលិកណា ដែលបានប៉ះពាល់ជាមួយនឹង អ្នកជំងឺដែលសង្ស័យថា ជាជំងឺCovid-19 នោះ។

ក្រសួងសុខាភិបាល បានណែនាំដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ រក្សាអនាម័យឲ្យបានខ្ពស់ ខ្ជាប់ខ្ជួន តាមកម្រិតបច្ចេកទេស។

ក្នុងករណីដែលម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជន ណាមួយមិនបានគោរព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ទេនោះ ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ព្យួរ ឬដកអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម បិទអាជីវកម្ម ពិន័យអន្តរការណ៍ ពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ ចំពោះម្ចាស់សេវាពិនិត្យព្យាបាលជំងឺ ឯកជននោះ ដោយអនុវត្តតាមច្បាប់ និងអនុក្រឹត្យ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCovid-19 និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមាន។

ក្រសួងសុខាភិបាល ក៏បានប្រកាសនៅថ្ងៃទី០៦ ខែមេសា នេះដែរថា ក្រសួងបានរកឃើញអ្នកឆ្លង Covid-19 ថ្មីចំនួន ៧២នាក់ទៀត និងជាសះស្បើយ ៤៧នាក់។ គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺ Covid-19 សរុបចំនួនជិត ៣ពាន់នាក់ អ្នកជាសះស្បើយចំនួន ជិត២ពាន់នាក់ អ្នកកំពុងសំរាកព្យាបាលមានចំនួន ជាង១ពាន់នាក់ និងអ្នកស្លាប់មានចំនួន ២២នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស