27 C
Phnom Penh

សង្គមស៊ីវិលថា ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ នឹងមិនបន្តគាំទ្ររដ្ឋាភិបាលដែលគ្មានសមត្ថភាពដោះស្រាយបញ្ហាជូនពួកគេនោះទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា ប្រសិនបើប្រទេសដែលមានការគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ រដ្ឋាភិបាលដែលមិនអាចមានលទ្ធភាពជួយដោះស្រាយបញ្ហាជូនពលរដ្ឋ នឹងមិនទទួលបានការគាំទ្រពីពលរដ្ឋនៅពេលបោះឆ្នោតនោះទេ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia daily នៅថ្ងៃនេះថា ក្នុងស្ថានភាពដ៏លំបាកនេះ រដ្ឋាភិបាលគួរតែពិចារណាអនុម័តថវិកាជាតិជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរដោយសារជំងឺCovid-19។

លោកអះអាងថា ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងពេលនេះ រដ្ឋាភិបាលគួរតែបញ្ចេញថវិកាជាតិឲ្យបានទាន់ពេល ប្រសិនបើ មិនមានវិធានការណាមួយ លើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យពួកគេផ្អាកការទារការប្រាក់ពីពលរដ្ឋ ក្នុងពេលដែលអ្នកជំពាក់ធនាគារទាំងនោះកំពុងជួបវិបត្តិសេដ្ឋកិច្ចអំឡុងវិបត្តិ Covid-19 ទេនោះ។

លោកបន្តថា ពលរដ្ឋមានបញ្ហាជីវភាពគ្រួសារធ្ងន់ធ្ងរមួយចំនួនត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាហូរហែ ដើម្បីសងបំណុលធនាគារ ដូច្នេះ បើរដ្ឋាភិបាលកម្ពុជា នៅតែមិនអាចរកដំណោះស្រាយឲ្យបានទាន់ពេលដែលពលរដ្ឋកំពុងជួបការលំបាកនេះទេ នោះវាក៏ជាភស្តុតាងយ៉ាងជាក់ច្បាស់បញ្ជាក់ទៅសាធារណៈ មតិជាតិ និងអន្តរជាតិថា រដ្ឋាភិបាលពិតជាមិនមានសមត្ថភាពគ្រប់គ្រាន់ អាចជួយស្ដារសេដ្ឋកិច្ចជាតិ និងពលរដ្ឋ នោះដែរ។

ការអះអាងនេះធ្វើឡើង ស្របពេលដែលអង្គការសមាគមន៍ជាង ១រយបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដើម្បីជំរុញឲ្យរដ្ឋាភិបាលចេញវិធានការ ជាបន្ទាន់លើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ឲ្យផ្អាកទារប្រាក់ពីពលក្នុងអំឡុងវិបត្តិCovid-19 នេះ។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលជាង១រយស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ផ្អាកការបង់សងប្រាក់កម្ចី និងប្រាក់ដែលត្រូវកត់ត្រាដើម្បីទូទាត់នៅពេលក្រោយ ដើម្បីជួយសម្រាលពលរដ្ឋដែលកំពុងជាប់បំណុលធនាគារក្នុងអំឡុងវិបត្តិជំងឺឆ្លងជាសកលនេះ។

សេចក្តីថ្លែងការណ៍ដដែល ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ ផ្អាកការបង់សងប្រាក់កម្ចី និងប្រាក់បង្គរទាំងអស់ សម្រាប់រយៈពេលយ៉ាងតិច ៣ខែ ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលជំពាក់ធនាគារអាចស្នាក់នៅផ្ទះ រក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងវិញនៃវីរុសCovid-19 ស្របពេលដែលពួកគេត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលមិនបានចេញទៅរកប្រាក់ចំណូល។

ប្រភពដដែលអះអាងថា ស្ត្រីមានចំនួន ៧៥% ដែលបម្រើការខាងវិស័យកាត់ដេរ ទេសចរណ៍ សេវាកម្សាន្ត និងសំណង់ កំពុងរងគ្រោះយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺនេះ លើសពីនេះ កសិករ ពលករ                ចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមដងផ្លូវ ជាដើម ក៏កំពុងប្រឈមនឹងការបាត់បង់ប្រាក់ចំណូលយ៉ាងខ្លាំង ខណៈអ្នកទាំងនោះស្ទើរតែទាំងអស់បានជាប់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅហើយ។

នៅឆ្នាំ២០២០ អំឡុងពេលផ្ទុះជំងឺCovid-19 រដ្ឋាភិបាលកម្ពុជា បានស្នើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បន្ធូរបន្ថយការបង់ប្រាក់សងពីប្រជាពលរដ្ឋ ប៉ុន្តែស្ថាប័នទាំងនោះ អនុញ្ញាតមិនឲ្យបង់ប្រាក់ដើមប៉ុណ្ណោះ ខណៈការប្រាក់ពួកគេនៅតែប្រមូលជារៀងរាល់ខែដដែល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស