29 C
Phnom Penh

ក្រុមអ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលតម្លើងពន្ធដីសម្បទានសេដ្ឋកិច្ចដើម្បីយកលុយជួយដោះស្រាយជនក្រីក្រក្នុងអំឡុងវិបត្តិកូវីដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកតស៊ូមតិនៅក្រៅប្រទេស លើកឡើងថា ពលរដ្ឋខ្មែរ បានជ្រើសរើសអ្នកនយោបាយ ជាតំណាងរបស់ខ្លួនដើម្បីបម្រើសេចក្តីត្រូវការរបស់ពួកគេ ផ្ទុយទៅវិញ ប្រសិនអ្នកនយោបាយមិនបានបម្រើ             សេចក្តីត្រូវរបស់ពលរដ្ឋដូចដែលពួកគេចង់បាននោះទេ តើប្រជាពលរដ្ឋត្រូវនាំគ្នាគាំទ្រអ្នកនយោបាយប្រភេទនោះបន្តទៀត ឬយ៉ាងណា?

ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីFacebook របស់លោក នៅថ្ងៃទី០៦ មេសា នេះថា អ្នកនយោបាយត្រូវ រៀបចំ និងដឹកនាំប្រទេសឲ្យរីកចម្រើន ដែលធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋមានជីវភាពសមរម្យ និងថ្លៃថ្នូរ។

លោកអះអាងថា ក្រៅពីបើកទូលាយនូវសិទ្ធិសេរីភាពបញ្ចេញមតិ ការការពារបូរណភាពទឹកដី រដ្ឋាភិបាលត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតការងារសម្រាប់ពលរដ្ឋរបស់ខ្លួនដែលអាចឲ្យពួកគេអាចរកប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីឲ្យជីវភាពរបស់ពួកគាត់មានភាព ធូរធារ និងរស់នៅក្នុងសង្គមស៊ីវិល័យដូចបណ្តាប្រទេសលើពិភពលោក។

ការអះអាងនេះធ្វើឡើងស្របពេលពលរដ្ឋខ្មែរ ស្ទើរមួយប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយដោយសារជំងឺCovid-19 ប៉ុន្តែមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយពីប្រមុខរដ្ឋាភិបាល     កម្ពុជា នៅឡើយ ខណៈការបង់ពន្ធលើមុខទំនិញជូនរដ្ឋ និងការសងលុយទៅធនាគារ នៅបន្តមិនអាចអាក់ខានបានឡើយ។

ចាប់តាំងពីផ្ទុះវីរុសCovid-19ឡើងវិញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា បានធ្លាក់ចូលក្នុងសភាពដុនដាបខ្លាំង រហូតមានអ្នកខ្លះដួលរលំមុខជំនួញទាំងស្រុងតែម្តង។ យ៉ាងនេះក្តីរដ្ឋាភិបាលមិនទាន់ចេញវិធានការណាមួយដើម្បីជួយស្រោចស្រង់ជីវភាពពលរដ្ឋនៅឡើយទេ ខណៈ ដំណើរការនៃការបង់ពន្ធជូនរដ្ឋ និងការសងបំណុលទៅធនាគារ នៅតែអនុវត្តតាមច្បាប់ដោយគ្មានការលើកលែង។

ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងថា ពលរដ្ឋខ្មែរអបអរសាទរនឹងសប្បុរសជនដែលបានជួយឧបត្ដមថវិកាដ៏ច្រើន ដល់ការ ចំណាយទៅលើការប្រឆាំងជម្ងឺឆ្លងកូវីដ-១៩ ស្របតាមធម៌ករុណារបស់ព្រះពុទ្ធ ថា អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន។

លោក អះអាងថា ដើម្បីមានលុយគ្រប់គ្រាន់សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសCovid-19 រដ្ឋមិនអាចរំពឹងតែលុយគោលការណ៍មនុស្សធម៌ទេ ប៉ុន្តែរដ្ឋគួរអនុវត្តវិធានការ ដំឡើងអត្រាឈ្នួលទ្វេដង លើដីសម្បទានសេដ្ឋកិច្ច ដែលបានជួលទៅឲ្យក្រុមហ៊ុនឯកជនកន្លងមក។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ប្រសិនបើរដ្ឋនៅមិនទាន់អាចដំឡើងពន្ធលើដីសម្បាទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជនទាំងនោះបាននៅឡើយទេ រដ្ឋអាចយកពន្ធលើដីឯកជន និងដំឡើងអត្រាពន្ធឲ្យសមាមាត្រទៅនឹងទំហំដីជាក់ស្តែងផងដែរ។

លោកលើកឡើងថា រដ្ឋអាចកំណត់ចំពោះពលរដ្ឋដែលមានដីទំហំចាប់ពី ២៥ហិកតារ ដល់៥០ហិកតារ ត្រូវបង់ពន្ធជូនរដ្ឋ ៧ម៉ឺន ៥ពាន់រៀល ក្នុង១ហិកតារ ក្នុង១ឆ្នាំ រីឯប្រជាពលរដ្ឋដែលមានដីចាប់ពី                 ៥១ហិកតារ ដល់ ៧៥ហិកតារត្រូវបង់ពន្ធជូនរដ្ឋ ១សែនរៀល ក្នុង១ហិកតារ ក្នុង១ឆ្នាំ ដោយឡែក អ្នកដែលមានដីចាប់ពី ៩ពាន់ហិកតារ ដល់ ១ម៉ឺនហិកតារ ត្រូវបង់ពន្ធ ១លានរៀល ក្នុង១ហិកតារ ក្នុង១ឆ្នាំ ។

លោកបញ្ជាក់ថា ការធ្វើបែបនេះ រដ្ឋមិនប្រឈមនឹងការខ្វះខាតថវិកាប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 នោះទេ លើសពីនេះរដ្ឋអាចមានលទ្ធភាពជួយដល់ពលរដ្ឋក្រីក្រ ដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ និងបញ្ហាប្រឈមនឹងការសងបំណុលធនាគារថែមទៀតផង។

ទាក់ទិននឹងបញ្ហានេះ ចាប់ពីកម្ពុជាធ្លាក់ចូលវិបត្តិ Covid-19 រដ្ឋាភិបាលមកទល់នឹងពេលនេះ មិនទាន់អនុម័តថវិកាជាតិ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចជូនប្រជាពលរដ្ឋបាននៅឡើយទេ ខណៈការរៃអង្គាសថវិកាពី ពលរដ្ឋដើម្បីធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 តែងតែធ្វើឡើងជាបន្តបន្ទាប់នៅឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស