កងទ័ពជើងទឹកចិនបានប្រកាស កាលពីថ្ងៃចន្ទទី៥មេសា ថា ក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ចិន កំពុងធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់ ដែលជាសមយុទ្ធប្រចាំឆ្នាំរបស់ខ្លួន តែត្រូវបានមើលឃើញថា ជាការបង្ហាញកម្លាំងទ័ពគំរាមកោះតៃវ៉ាន់ ខណៈកងនាវា ផ្ទុកយន្តហោះ Theodore Roosevelt របស់សហរដ្ឋអាមេរិកបានកំពុងបើកដល់ទីតាំងដែលនាវាល្បាតចិន២៥០គ្រឿង បោះទីទាំងនោះ ទោះជាហ្វីលីពីន ស្នើឲ្យចេញពីដែនទឹករបស់ខ្លួន ក៏ចិនមិនបានដកចេញដែរ។
កោះតៃវ៉ាន់បានប្រកាសផងដែរអំពីការកើនឡើង នៃសកម្មភាពយោធាចិន នៅក្នុងដែនទឹកក្បែរដីកោះរបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈប្រទេសចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនឥទ្ធិពលចំពោះមុខកោះតៃវ៉ាន់កាន់តែខ្លាំង មុនពេលរដ្ឋការរបស់លោកបៃដីនចូលកាន់តំណែងប្រធានាធិបតីអាមេរិកជំនួសលោកដូណាល់ត្រាំ។
សេចក្ដីរាយការណ៍របស់ ទីភ្នាក់ងារសារព័ត៌មាន AP ឲ្យដឹងថា ក្រុមនាវាដឹកយន្តហោះចម្បាំងចិន គឺដឹកនាំដោយនាវាផ្ទុកយន្តហោះLiaoning បានចាប់ផ្តើមធ្វើសមយុទ្ធ ក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ចាប់ពីថ្ងៃចន្ទទី៥មេសា។ កងនាវាចរចិន បានបន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា គោលបំណង នៃការធ្វើសមយុទ្ធ គឺដើម្បីបង្កើនសមត្ថភាពរបស់កងទ័ពចិន ក្នុងការការពារអធិបតេយ្យភាពជាតិ សុវត្ថិភាព និងផលប្រយោជន៍របស់ចិន។
ប៉ុន្តែ កងនាវាចិនដែលធ្វើសមយុទ្ធនេះគឺ ធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិតៃវ៉ាន់ បានរាយការណ៍មកថា កងយន្តហោះ ចម្បាំងរបស់ចិន ចាប់ផ្ដើម ហោះចូលដែនអាកាសតៃវ៉ាន់ទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈមកនេះ។
តែបើតាមបណ្ដាញផ្សាយព័ត៌មាន Aljazeera នាវាផ្ទុកយន្ដហោះជាង៧០គ្រឿង របស់សហរដ្ឋអាមេរិក USS Theodore Roosevelt ពេលនេះកំពុងតែបើកទៅកាន់សមុទ្រចិនខាងត្បូង ក្នុងដំណាក់កាលដែលហ្វីលីពីន កំពុងតវ៉ាឱ្យចិនដកនាវាល្បាតពីដែនទឹកដែលហ្វិលីពីនអះអាងថាជាកម្មសិទ្ធិរបស់ខ្លួនតែ ចិនមិនអើពើឡើយ។
តាមប្រព័ន្ធផ្សព្វផ្សាយនេះ គឺក្រុមនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្ដហោះ USS Theodore Roosevelt បានចូលមកកាន់សមុទ្រចិនខាងត្បូង តាមច្រកម៉ាឡាកា នៃដែនសមុទ្រម៉ាឡេស៊ី។ ចំណែកចិនគឺនៅតែមិនដកនាវាល្បាតជាង២៥០គ្រឿង នៅតំបន់ជម្លោះថ្មប៉ប្រ៉ះទឹកជាមួយនឹងហ្វីលីពីនោះទេ ដែលកាលពីថ្ងៃទី៥មេសា Aljazeera បានអះអាងថា ពេលនេះហ្វីលីពីនព្រមានជាថ្មីម្ដងទៀតថាខ្លួនគេមិនចង់បង្កអារិភាពប៉ុន្មានទេ ប៉ុន្ដែនាវាចិនដល់ទៅរាប់រយគ្រឿងបានមកកាន់តំបន់ដែនទឹករបស់ខ្លួនតាំងពីថ្ងៃទី៧មីនា។
កងនាវាល្បាតរបស់ហ្វិលីពីនអោយដឹងថា នាវាចិនទាំងនោះដែលដោតទង់ជាតិចិនបានធ្វើដំណើរដល់ទៅកោះស្រ្ពាតលីទៀតផងហើយថាអស់ពេលជាង៣សប្ដាហ៍មកហើយដែលក្រុងម៉ានីលបានអំពាវនាវឱ្យក្រុងប៉េកាំងដកនាវាល្បាតរបស់ចិនចេញពីទីនោះ ដោយក្រុងម៉ានីលចោទថាជាទង្វើឈ្លានពានរបស់ចិន។
ចិនបានបកស្រាយតែមួយម្ដងគត់គឺថា ការដែលទូកចិនចូលទៅកាន់តំបន់សម្បូរធនធានសមុទ្រចិនខាងត្បូងនោះគឺជាដែនទឹកនៃតំបន់ណាន់សាប្រទេសចិន ដើម្បីនេសាទតាមរដូវតែប៉ុណ្ណោះ។
ការណ៍នេះបានធ្វើឱ្យក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនបាន ដាក់ពង្រាយនាវាចម្បាំងបន្ថែមទៀតទៅកាន់សមុទ្រចិនខាងត្បូងដោយលែងរំពឹងថា នាវាល្បាតរបស់ចិន ស្ថិតនៅក្នុងដែនទឹកហ្វីលីពីននឹងចេញទៅវិញនោះទេ។
លោក រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Delfin Lorenzana អះអាងថាចាប់តាំងពីថ្ងៃនៃការតវ៉ាលើកទីមួយ ឱ្យចិនដកនាវាល្បាតទាំងនោះចេញតែពុំមានការឆ្លើយតបគឺនាវាចម្បាំងហ្វីលីពីនត្រូវបានបញ្ចូនតាមដានជារៀងរាល់ថ្ងៃ។លោកបន្តថាទាំងទ័ព ជើងទឹក និងជើងអាកាស គឺហ្វីលីពីនត្រូវប្រើដើម្បីការពារអធិបតេយ្យភាពរបស់ខ្លូន។
ការដែលសហរដ្ឋអាមេរិកបញ្ជូននាវាផ្ទុកយន្ដហោះដ៏ធំរបស់ខ្លួន USS Roosevelt ទៅសមុទ្រចិនខាងត្បូងគឺមិនមែនធ្វើឡើងតាមការស្នើសុំរបស់ប្រទេសហ្វីលីពីននោះទេ។
ប៉ុន្ដែមុនពេលនាវានេះទៅដល់គឺទីប្រឹក្សាសន្ដិសុខជាតិអាមេរិកបានជួបនឹងទីប្រឹក្សាសន្ដិសុខនៃប្រទេសហ្វីលីពីនបន្ទាប់ពីហ្វីលីពីនដាក់កំណត់ទូតតវ៉ា ឱ្យប្រទេសចិនដកចេញទៅវិញនូវនាវាល្បាតរបស់ចិនទាំងឡាយណាដែលចូលដែនទឹកហ្វីលីពីន។តែចិនមិនធ្វើតាមនោះទេ។
ក្នុងស្ថានភាពនេះសហរដ្ឋអាមេរិក បានដាក់ពង្រាយនាវាចម្បាំងនៅសមុទ្រខាងត្បូងជាច្រើនរួចទៅហើយ។
ចំណែកឯនៅសមុទ្រចិនខាងកើតគឺនៅកោះហ្កូម សហរដ្ឋអាមេរិកដែលជាមូលដ្ឋានទ័ពអាកាសនៅលើកោះនោះត្រូវបានរាយការណ៍មកថាគឺជាប្រតិបត្តិការកងទ័ពអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅលើកោះនោះមានទាំងយន្ដហោះទម្លាក់គ្រាប់បែកបេ-៥២ F-35 F-22 F-16 និង មីស៊ីលក៏បានតម្លើងរួចរាល់ផងដែរ។ សហរដ្ឋអាមេរិកទោះបីមេដឹកនាំរូបណាក៏ដោយគឺមិនបានប្រកាសថាដកកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសអាមេរិកវិញនោះទេ។
ករណីសមុទ្រចិនខាងត្បូងសហរដ្ឋអាមេរិកបានដាក់ក្នុងយុទ្ធសាស្រ្ដរបស់ខ្លួនថាត្រូវការពារអត្ថប្រយោជន៍នៅតំបន់នោះទប់ទល់នឹងចិនព្រោះវាជាដែនផ្លូវទឹកអន្ដរជាតិនិងដើម្បីការពារដែនអធិបតេយ្យរបស់ប្រទេសក្នុងតំបន់ដែលមានដែនកោះនៅទីនោះហើយកំពុងរងការរឹបអូសកាន់កាប់ដោយកងទ័ពចិន៕