31 C
Phnom Penh

មន្ត្រីបក្សប្រឆាំងថា កម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ បើកម្ពុជា យកវាសនាទៅផ្ញើនឹងកុម្មុយនិស្តចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ប្រសិនបើកម្ពុជា ផ្ញើវាសនាលើចិន ទាំងស្រុង នោះប្រទេសកម្ពុជា នឹងបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយការគោរពសិទ្ធិមនុស្សធ្លាក់ចុះធ្ងន់ធ្ងរនាពេលខាងមុខ។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៧ ខែមេសា នេះថា នៅពេលកម្ពុជា ព្រមធ្វើជាកូនជឹងភូមិសាស្ត្រនយោបាយឲ្យមហាអំណាចកុម្មុយនិស្តចិន គឺកម្ពុជា អាចនឹងដើរជាន់ដានប្រវត្តិសាស្ត្រច្រំដែលរបស់ខ្លួន ដែលនឹងធ្លាក់ចូលផ្លូវកុម្មុយនីស្តកាន់តែខ្លាំង ហើយនឹងបាត់បង់ការគោរពច្បាប់មិនខាន។

លោកអះអាងថា បញ្ហានេះ ធនធានធម្មជាតិដែលមានតម្លៃមហាសាលនឹងត្រូវមិត្តដែកថែបចិន លេបត្របាក់យកទាល់តែអស់ជាក់ជាមិនខាន ប៉ុន្តែកម្ពុជា នឹងទទួលបានពីមិត្តចិន វិញផងដែរ ដូចជា កម្ពុជា មានចិន ជាខ្នងបង្អែក លើសពីនេះ បក្សកាន់អំណាច នឹងកាន់កាប់អំណាចបានយូរអង្វែងជាបន្តទៀត បានលុយជំនួយឥតសំណងពីចិន និងប្រាក់កម្ចីពីចិន ដោយងាយស្រួល និងទទួលបានការវិនិយោគរបស់ចិន ជាដើម។

យ៉ាងណាក៏ដោយលោក បញ្ជាក់ថា កម្ពុជា អាចនឹងបាត់បង់ទីផ្សារនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម លើសពីនេះជម្លោះតាមព្រំដែនរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ ក៏អាចនឹងផ្ទុះឡើងផងដែរ។

ការអះអាងនេះធ្វើឡើងស្របពេលដែលកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួនជាមួយមហាអំណាចកុម្មុយនិស្តចិន កាលពីពេលកន្លងទៅថា កម្ពុជា-ចិន គឺជាមិត្តដែកថែបមានវាសនារួមគ្នាដែលមិនអាចមានអ្វីមកបំបែកបានឡើយ។

កាលពីឆ្នាំ២០១២ នៅពេលដែលកម្ពុជា តួនាទីជាប្រធានអាស៊ានវិលជុំ កម្ពុជា មិនបានចេញសេចក្តីថ្លែងការណ៍ណាមួយជុំវិញជម្លោះសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសភាគីជម្លោះជាមួយចិន នោះទេ ក្នុងនាមជាប្រទេសសមាជិកប្រទេសអាស៊ាន ប៉ុន្តែកម្ពុជា អះអាងថា ខ្លួននឹងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃដាច់ខាត។

ទាក់ទិននឹងបញ្ហានេះ អ្នកសង្កេតការណ៍ រិះគន់ថា នាយករដ្ឋមន្ត្រីខ្មែរ ជាមនុស្សដែលលាក់ការសម្ងាត់យ៉ាងស៊ីជម្រៅ ក្នុងនយោបាយបម្រើប្រយោជន៍បរទេសគ្រប់កាលៈទេសៈ ហើយក៏ជាអ្នកបង្កើតប្រព័ន្ធភេរវកម្មរដ្ឋ ក្នុងការកម្ចាត់ខ្មែរ ជាប្រព័ន្ធ ដើម្បីការពាររក្សាអំណាច និងប្រយោជន៍ គ្រួសារ និងបក្ខពួករបស់ខ្លួនផងដែរ។

លើសពីនេះ លោក ហ៊ុន សែន ក៏ជាស្ថាបនិកដ៏សំខាន់ ក្នុងការពង្រឹង បណ្ដាញប្រព័ន្ធអំពើពុករលួយទូទាំងប្រទេស ដោយដាក់សេដ្ឋកិច្ចជាតិក្រោមការចាត់ចែងរបស់ សាច់ញាតិ និងបក្ខពួកខ្លួន ដើម្បីជាបង្អែកជ្រោមជ្រែងអំណាចរបស់គាត់ទៅអនាគត។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីខែមិថុនា ឆ្នាំ២០១៨  ធ្លាប់បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ក្រោយកាន់កាប់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន  បានរៀបចំពង្រឹងអំណាចតាមរយៈកងកម្លាំងប្រដាប់អាវុធដែលជាសេនាធិការរបស់ខ្លួន។ ក្នុងនោះលោកបានតែងតាំងតួនាទី និងផ្តល់សិទ្ធិអំណាចដល់បុគ្គលដែលស្មោះស្ម័គ្រនឹងខ្លួន ដែលអ្នកទាំងនោះបានដើរតួនាទីជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការកាន់កាប់អំណាចយូរអង្វែងរបស់លោក។

ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ការផ្លាស់ប្ដូរអំណាច ត្រកូលហ៊ុន គឺជាគោលដៅនាំប្រទេសកម្ពុជា ទៅកាន់សេចក្ដីសុខចម្រើន ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីបក្ស និងនាំទៅរកយុត្តិធម៌សង្គម ពិតប្រាកដ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស