លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមាន ទៅមន្ត្រីរាជការស៊ីវិល និងយោធា ទាំងអស់ថា នឹងត្រូវដកចេញពីតំណែង ចំពោះមន្ត្រីណាមានបំណងគេចវេសការចាក់វ៉ាក់សាំងតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា និងតាមគោលការណ៍ស្ម័គ្រចិត្តនាពេលកន្លងមក។
លោក ហ៊ុន សែន ព្រមានថា នៅពេលដែលមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នទាំងអស់អាចចាក់វ៉ាក់សាំងប្រឆាំងជំងឺCovid-19 ចាប់ពី ៧០%ឡើងទៅ ហើយមន្ត្រីរាជាការទាំងឡាយណាដែលមិនបានចាក់វ៉ាក់សាំងនឹងមិនអនុញ្ញាត ឲ្យចូលបម្រើការងារតាមតួនាទីរបស់ខ្លួនតទៅទៀតនោះឡើយ គឺសូមដេកនៅផ្ទះរហូតចុះ។
លោក ហ៊ុន សែន ប្រិតកម្មថា គ្រាន់តែចាក់ថ្នាំបង្ការជំងឺCovid-19 ដើម្បីការពារអាយុជីវិតខ្លួនឯងធ្វើមិនបានផង តើនៅធ្វើជាមន្ត្រីរាជការធ្វើអ្វីទៀត គួរតែឈប់ទៅ ជាងនេះទៀត លោក ជំរុញឲ្យថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន របស់រដ្ឋ ទាំងអស់ពិនិត្យឲ្យបានហ្មត់ចត់នូវចលនាដែលបំផុសបំផុលមិនឲ្យមានការចូលរួមចាក់វ៉ាក់សាំងនេះ។
បែបនេះក្តី ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំង ទាល់តែមានលិខិតចេញពីក្រុមគ្រូពេទ្យដោយផ្ទាល់ ដែលនឹងបញ្ជាក់ដោយប្រធានមន្ទីរសុខាភិបាល តាមបណ្តាខេត្តរៀងខ្លួន ដើម្បីឲ្យប្រាកដថា ការមិនចាក់វ៉ាក់សាំងនេះ គឺពិតជាមានបញ្ហាសុខភាព ដែលមិនអាចចាក់បានពិតមែន ចៀសវាងការស៊ុមគ្រលុំណាមួយរវាងរវាងគ្រូពេទ្យ និងអ្នកដែលគេចវេសមិនចង់ចាក់វ៉ាក់សាំង។
លោកនាយករដ្ឋមន្ត្រីបានចេញបទបញ្ជាកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ តាមរយៈខ្សែអាត់សំឡេង ដោយកំណត់ឲ្យមន្ត្រីរាជការសាធា រណៈរបស់រដ្ឋទាំងស៊ីវិល និងយោធា ត្រូវតែនាំគ្នាចាក់វ៉ាក់សាំងជាដាច់ខាត ទោះការចាក់ថ្នាំបង្ការជំងឺCovid-19នេះ ជាគោលការណ៍ស្ម័គ្រចិត្តក៏ដោយ តែវានឹងក្លាយជាកាតព្វកិច្ចសម្រាប់មន្ត្រីរាជការរបស់រដ្ឋគ្រប់គ្នានាពេលខាងមុខ។
កាលពីចុងឆ្នាំ២០២០ លោក ហ៊ុន សែន ធ្លាប់អះអាងក្នុងពីធីសម្ភោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងទីក្រុងភ្នំពេញថា ការចាក់វ៉ាក់សាំង គឺធ្វើឡើងជាគោលការស្ម័គ្រចិត្តប៉ុណ្ណោះ មិនអាចមាននរណាម្នាក់ទៅបង្ខំឲ្យចាក់បានឡើយ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានសរសេរលើ គណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី ៧ មេសា នេះថា ចំណុចគន្លឹះគឺនៅលើទំនុកចិត្តប៉ុណ្ណោះ ប្រសិនបើ អ្នកជំនាញចិនក្តី អ្នកជំនាញនៃអង្គការសុខភាពពិភពលោក (WHO) ក្តីផ្តល់ទំនុកចិត្តខ្ពស់លើវ៉ាក់សាំង នោះមនុស្សភាគច្រើននឹងចាក់ដោយស្ម័គ្រចិត្ត ដូច្នេះចិនគួរបង្កើនជំនឿចិត្តដល់សាធារណៈជន និងផ្តល់ទិន្នន័យគ្រប់គ្រាន់ចំពោះវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩នេះ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា វិធីរបស់ក្រុមលោក ហ៊ុន សែន ជារបៀបបង្ខំតាមក្បួនពួកកុម្មុយនិស្ដខ្មែរក្រហម ដែលសមនឹងពលរដ្ឋរិះគន់ធ្ងន់ៗ និងប្រឆាំង។ លោក អះអាងថា គោលការណ៍បង្ខំឲ្យចាក់វ៉ាក់សាំង ស្ដាប់មួយភ្លែត ដូចជាការយកចិត្តទុកដាក់ ការពារពលរដ្ឋពីការឆ្លងរីករាលដាលកូវីដ១៩ ប៉ុន្តែការពិត គឺជាការប្រឹងលុបលាងកំហុសរបស់លោក ហ៊ុន សែន ដែលដឹកនាំមិនត្រឹមត្រូវ បណ្ដាលឲ្យពលរដ្ឋស្លាប់កាន់តែច្រើន និងធ្វើឲ្យមានការឆ្លងរាតត្បាតកូវីដ១៩ពេញប្រទេសប៉ុណ្ណោះ។
លោក គឹម សុខ បញ្ជាក់ថា ការចាក់វ៉ាក់សាំងចិន ដែលមានគុណភាពទាប គឺនៅតែមានហានិភ័យខ្ពស់ ចំណែកវិធីល្អបំផុត គឺរដ្ឋាភិបាល របស់លោក ហ៊ុន សែន ត្រូវរកលុយជួយពលរដ្ឋដោះស្រាយវិបត្តិ សេដ្ឋកិច្ចរបស់ពលរដ្ឋ និងទិញវ៉ាក់សាំង ដែល WHO ទទួលស្គាល់ ទើបជាការជម្រុញប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ពិតៗ។
អ្នកវិភាគរូបនេះ សង្កត់ធ្ងន់ថា នយោបាយក្ដៅរបស់លោក ហ៊ុន សែន ជាសញ្ញាប្រាប់មន្ត្រីរាជការថ្នាក់ក្រោម និងប្រជាពលដ្ឋ ថា ដល់ពេលដូរអ្នកបម្រើហើយ គឺដូរក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលចាំផ្ទះបច្ចុប្បន្ន ទើបពលរដ្ឋខ្មែរស្គាល់សុភមង្គលពិតប្រាកដ។
ដោយឡែក នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី៧ មេសា ឆ្នាំ២០២១ នេះថា តាមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO អំពីការចាក់វ៉ាក់សាំង គឺជាជម្រើសស្ម័គ្រចិត្ត មិនមែនជាគោលការណ៍ត្រូវតែចាក់ដាច់ខាតនោះទេ។
អ្នកស្រីបញ្ជាក់ថា សម្រាប់ពលរដ្ឋគួរចូលរួមស្វែងយល់ពីប្រភពវ៉ាក់សាំងឲ្យបានច្បាស់លាស់សិន ក្នុងការសម្រេចចិត្ត មុននឹងចាក់ ហើយអាជ្ញាធរគួរផ្តល់ព័ត៌មានឱ្យបានលម្អិត និងច្បាស់លាស់អំពីវ៉ាក់សាំងដូចគ្នា ជាជាងការដាក់កំហិត និងចាប់បង្ខំ៕