29.3 C
Phnom Penh

សមត្ថកិច្ចចាប់ខ្លួន ស្នងការរងនគរបាលខេត្តកំពត ម្នាក់ និងបក្ខពួក២នាក់ ករណីជួញដូរគ្រឿងញៀនជិត២គីឡូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជួញដូរគ្រឿងញៀនចំនួន ៣នាក់ រួមជាមួយភស្តុតាងសារធាតុញៀនជិត ០២គីឡូក្រាម។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោងជាង ០៩យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារ ខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់ មានឈ្មោះ កែវ ទិត្យមេសា ភេទប្រុស អាយុ ២១ឆ្នាំ ឈ្មោះ អ៊ឹម ឈួន ភេទប្រុស អាយុ ៥១ឆ្នាំ និងឈ្មោះ ហុង គា ភេទប្រុស អាយុ ៦១ឆ្នាំ។ ក្នុងចំណោមជនសង្ស័យទាំង ៣នាក់ ខាងលើនេះ មានជនសង្ស័យម្នាក់ឈ្មោះ អ៊ឹម ឈួន មានតួនាទីជាស្នងការរងនគរបាលខេត្តកំពត។ កម្លាំងជំនាញធ្វើការសាកសួរជនសង្ស័យទាំង ៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមច្បាប់។

តាមរបាយការណ៍ នៃលទ្ធផលចុះបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស របស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី០៧ ខែមេសានេះ បង្ហាញថា សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន ១១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ២១នាក់។

តាមរបាយការណ៍ដដែលនេះបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ២១នាក់ គឺមានករណីជួញដូរគ្រឿងញៀន ៧ករណី ឃាត់ជនសង្ស័យ ១៣នាក់ និងករណីប្រើប្រាស់គ្រឿងញៀន ៤ករណី ឃាត់ជនសង្ស័យបាន ៨នាក់។ ចំពោះភស្តុតាងដែលសមត្ថកិច្ចចាប់បាន នៅថ្ងៃទី០៧ ខែមេសា នេះមានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (Ice) (Methamphetamine) ជាង១ម៉ឺន ៣ពាន់ក្រាម និង៩កញ្ចប់តូច៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស