ជំងឺកូវីដ ១៩

ក្រុមអ្នកតស៊ូមតិថា ការបង្ខំអ្នកដទៃឲ្យចាក់វ៉ាក់សាំងដែលសូម្បីតែខ្លួនឯងមិនហ៊ានចាក់ផងនោះ គឺជារឿងដ៏អយុត្តិធម៌ និងអគុណធម៌បំផុត

By ឌឹ ខេមបូឌា ដេលី

April 13, 2021

បញ្ញវន្តខ្មែរនៅក្រៅប្រទេសប្រកាសថ្កោលទោស ក្រុមរបស់លោក ហ៊ុន សែន ថាបានគេចវេះពីការចាក់វ៉ាក់សាំងចិន តែបែរជាបង្ខំឲ្យមន្ត្រីរាជការ និងពលរដ្ឋ ធ្វើជាឧបករណ៍ឲ្យចិន សាកល្បងថ្នាំវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកមិនទទួលស្គាល់នោះ ជាការដឹកនាំដ៏ អយុត្តិធម៌ និងអគុណធម៌បំផុតចំពោះប្រជាពលរដ្ឋខ្លួនឯង។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីFacebook របស់ លោកនៅថ្ងៃ នេះថា វាជារឿងអាម៉ាស់ខ្លាំងណាស់ ដែលក្រុមសមាជិកគណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ភាគច្រើនលើសលប់ តម្រង់ជួរគ្នាចាក់វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ខណៈមន្ត្រីរាជការថ្នាក់ក្រោម និងប្រជាពលរដ្ឋ ក្លាយជាឧបករណ៍ពិសោធន៍វ៉ាក់សាំងចិន ទៅវិញ។

លោកអះអាងថា លោក ហ៊ុន សែន ដឹងយ៉ាងច្បាស់ថា បើពលរដ្ឋមិនព្រមចាក់នោះវ៉ាក់សាំងទេនោះ ទំនាក់ទំនងរបស់គាត់ជាមួយនឹងចិន ប្រាកដជាមានបញ្ហាមិនខាន ដូច្នេះមានតែចេញបញ្ជាគ្មានហេតុផល ឲ្យមន្ត្រីថ្នាក់ក្រោម និងគាបសង្កត់ពលរដ្ឋ ត្រូវតែចាក់វ៉ាក់សាំងចិន ដាច់ខាត ទោះគាត់ដឹងនេះទង្វើគ្មានគុណធម៌ក៏ដោយ។

លោក គឹម សុខ ព្រមានថា វាគួរតែដល់ពេលហើយ ដែលនគរបាល ទាហាន ប៉េអឹម មន្ត្រីកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស គ្រូបង្រៀន និងមន្ត្រីរាជការស៊ីវិលគ្រប់ក្រសួងស្ថាប័ន ដែលត្រូវក្រុមរបស់លោក ហ៊ុន សែន គម្រាមដកហូតតំណែង បើមិនព្រមចាក់វ៉ាក់សាំងចិន នោះ គួរនាំគ្នាធ្វើបាតុកម្មជាសាធារណៈទាមទារយុត្តិធម៌វិញ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានដាក់កំហិតដាច់ណាត់ដល់មន្ត្រីរាជការសាធារណៈត្រូវតែនាំគ្នាទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺCovid-19 បើមិនចង់បាត់បង់មុខតំណែងរបស់ខ្លួន។

កាលពីថ្ងៃទី៦ ខែមេសា លោក ហ៊ុន សែន បានចេញបទបញ្ជា ឲ្យមន្ត្រីរាជការសាធារណៈទាំងស៊ីវិល និងយោធា ត្រូវតែនាំគ្នាចាក់វ៉ាក់សាំងរបស់ចិន ជាដាច់ខាត បើមិនដូច្នោះទេ ពួកគេនឹងត្រូវប្រឈមនឹងការអស់តួនាទីពីក្របខ័ណ្ឌរដ្ឋជាមិនខាន ជាងនេះទៀតលោក ជំរុញឲ្យថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន និងមន្ទីរតាមខេត្តទាំងអស់ ត្រូវតាមដានមន្ត្រីរាជការ ក្រោមឱវាទដែលគេចវេសមិនព្រមចាក់វ៉ាក់សាំងឲ្យបានជាក់លាក់។

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ អំពីករណីបុគ្គល ដែលមិនអាចចាក់វ៉ាក់សាំងប្រឆាំងវីរុស Covid-19 មាន ១៣ប្រភេទ រួមមានអ្នក មានជំងឺមហារីក អ្នកជំងឺទឹកនោមផ្អែកជាដើម ជាពិសេសក្រសួងបញ្ជាក់ថា សម្រាប់បុគ្គលដែលមិនស្ម័គ្រចិត្តចាក់វ៉ាក់សាំង ក៏រាប់ចូលក្នុងចំណោមលក្ខខណ្ឌដែលមិនត្រូវបានចាក់វ៉ាក់សាំងផងដែរ។

កាលពីដើមខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានទទួលយកការចាក់វ៉ាក់សាំង អាស្ត្រាសេណេកា របស់អង់គ្លេស បន្ទាប់ពីលោកបដិសេធចាក់ថ្នាំបង្ការជំងឺCovid-19 ស៊ីណូ ហ្វាម របស់ចិន រួចមក។ យ៉ាងណាក៏ដោយ បញ្ហានេះលោក ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺជាគោលការណ៍ស្ម័គ្រចិត្តប៉ុណ្ណោះ គ្មានការបង្ខិតបង្ខំឡើយ។

ក្រសួងបានអះអាង កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០២១ នេះថា ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ទី០៤ ខែមេសា ឆ្នាំ២០២១ ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងប្រឆាំងវីរុសCovid-19 ស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងកូវីសែល សរុបទាំងបីប្រភេទនេះ គឺបានកើនឡើងជាង ៤លាន ជិត ២សែននាក់ នៅទូទាំងប្រទេស៕